រាជធានីភ្នំពេញ ៖ នៅទីបំផុតការប្រកួតសងសឹករបស់កីឡាករ វ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ កាលពីរាត្រីថ្ងៃសៅរ៍ ទី១៥ កញ្ញា នៅសង្វៀនបាយ័នបឹងស្នោ មិនបានធ្វើឱ្យគេស្តារមុខមាត់បានមកវិញទេ ។ ផ្ទុយទៅវិញ បែរជាត្រូវសិស្សប្អូន អ៊ុង វីរៈ មកពីក្លិបកងពលតូចឆត្រយោង៩១១ បំបាក់បណ្តាលឱ្យបាត់ឱកាសឡើងដណ្តើមខ្សែក្រវាត់ពីអ្នកប្រដាល់កែងឆេះជង្គង់ហោះ អូត ភូថង ដែលកំពុងតែដេកបុកពោះមិនចង់ជួបប្រកួតជាមួយអ្នកប្រដាល់មុខស្ងួត អ៊ុង វីរៈ ដោយសារតែមានវិជ្ជាគុនប្រសើរជាងមុនមិនធម្មតានោះ ។
អ៊ុង វីរៈ បានបំផ្លាញក្តីសង្ឃឹមរបស់កីឡាករវ៉ោយ សុធន ទាំងស្រុងដោយមិនអាចឡើងទៅជួបជាមួយកីឡាករអូត ភូថង ដើម្បីដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ។ បរាជ័យលើកនេះ ក្រៅពីបានបន្សល់ទុកនូវអារម្មណ៍សោកស្តាយមិនបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ វ៉ោយ សុធន ក៏ធ្លាក់ក្នុងប្រវត្តិច្រំដែលដូចមុន និងត្រូវគេចាត់ទុកថា ខាតចុងខាតដើមខ្លាំងជាងការប្រកួតគ្នាដោយគ្មានការដណ្តើមខ្សែក្រវាត់ ព្រោះតែការភ្លាត់ស្នៀតធ្លាប់ចាញ់ អ៊ុង វីរៈប៉ុន្មានដងដែរ ។ ក្នុងពេលបើកឆាកប្រយុទ្ធ ពួកគេហាក់ចំណាយនាទីស្ទាបស្ទង់ចុះឡើងដើម្បីរកចំណុចខ្សោយទើបចាប់ផ្តើមកាច់បំបាក់គ្នាយកតែម្តង ។
ដោយសារតែមិនមានក្បាច់វាយល្អធ្វើឱ្យអ្នកទស្សនាចង់នាំគ្នាច្រឡោត ព្រោះយល់ថាសុទ្ធតែជាអ្នកប្រដាល់មានសមត្ថភាព និងបច្ចេកទេសខ្ពស់ ទើបចាប់ពីអំឡុងទឹកទី៣មក កីឡាករទាំងពីរបានប្រើស្នៀតទាត់ផង ជង្គង់ផង និងបានចាប់បោកគ្នាផ្តួលទៅវិញទៅមកកាន់តែសាហាវធ្វើឱ្យអ្នកទស្សនាផ្ទាល់អបអរសាទរហើបគូទពីកៅអីម្តងៗដែរ ។ កាន់តែល្អមើលទៀតនោះ ចូលដល់ទឹកទី៤ អ៊ុង វីរៈ ដែលមុននេះ មានកាយវិការដូចជាខ្លាលាក់ក្រចកបានស្ទុះបញ្ចេញស្នៀតវាយសិស្សច្បង វ៉ោយ សុធន ឱ្យដួលផ្ងារជើងត្រឡប់ត្រឡិនផ្ទប់ទៅនឹងខ្សែរេញ ។ ក្នុងសភាពបាត់ជំហរដួលជាបន្តបន្ទាប់កីឡាករ វ៉ោយ សុធន ត្រូវលោកអាជ្ញាកណ្តាលរាប់ចំនួនពីរដង ដែលកាន់តែធ្វើឱ្យគេខាតពិន្ទុច្រើនឡើង។
បើទោះជា វ៉ោយ សុធន អាចនៅកំដរសិស្សប្អូនអ៊ុង វីរៈ បាន៥ទឹកពេញមែន តែកីឡាករនេះមិនអាចយកជ័យជម្នះបានឡើយ ដោយទីបំផុតត្រូវចាញ់ពិន្ទុនាវិនាទីចុងក្រោយ ។ អ្នកទស្សនាផ្ទាល់នៅទីនោះ ម្នាក់ៗបានសម្តែងការសោកស្តាយចំពោះសុធន ដែលមិនអាចបន្តទៅមុខបាន ហើយក៏បានសម្តែងការកោតសរសើរដែលសុធន នៅរក្សាបានក្បាច់ប្រដាល់ខ្លាំងដូចមុន ទោះជាជួបរឿងស៊យខកបំណងយ៉ាងណាក៏បានបញ្ជាក់ថា កីឡាកររូបនេះមិនងាយឱ្យដៃគូផ្តួលដោយស្រួលឡើយ ។ កីឡាករ អ៊ុង វីរៈ ដែលពេលនេះអាចសម្ញែងភាពខ្លាំងរបស់ខ្លួនដោយសារមានឱកាសបានឡើងទៅប៉ះជាមួយម្ចាស់ខ្សែក្រវាត់តាមការអះអាងពីមុននោះបានឱ្យដឹងថា លោកសប្បាយចិត្តណាស់ដែលអាចឡើងទៅដណ្តើមខ្សែក្រវាត់ពី អូត ភូថង នាពេលខាងមុខ បន្ទាប់ពីឈ្នះដៃគូពីម្នាក់ទៅម្នាក់មក ។
លោកបន្តថា ចាប់ពីពេលនេះតទៅ លោកមិនហ៊ានធ្វេសប្រហែសជាដាច់ខាត ត្រូវតែខំហ្វឹកហាត់បន្ថែមមុននឹងការប្រកួតមកដល់ ព្រោះលោកមិចេះមើលស្រាលគូប្រជែងទេ ណាមួយចង់បង្ហាញស្នាដៃជូនបងប្អូនតាមរយៈក្បាច់ប្រដាល់ដែលកំពុងតែមានការទាក់ទាញ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ កញ្ញា ខាងមុខនេះ ម្ចាស់ខ្សែក្រវាត់ អូត ភូថង នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនកុំឱ្យរបូត ហើយអ្នកដែលលំអៀងខាង អូត ភូថង ក៏នៅមិនស្ងៀមដែរ គឺកាន់តែភ័យបុកពោះខ្លាំងឡើងៗ ខណៈដែលអ្នកប្រដាល់មុខស្ងួត អ៊ុង វីរៈ កាន់តែប្រែប្រួលក្បាច់គុនរហូតធ្វើឱ្យមហាជនទូទៅសរសើរថា កីឡាកររូបនេះនឹងឈានឡើងដល់ចំណុចកំពូលនាពេលឆាប់ៗខាងមុខនេះ ។ ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានទុកមុនប៉ុណ្ណោះអ្វីៗស្ថិតនៅលើកាលៈទេសៈគួបផ្សំនឹងយីអ៊ុន និងការខិតខំហ្វឹកហាត់បំប៉នសមត្ថភាព គឺជារឿងសំខាន់ទៅវិញទេ ។
ដោយឡែកក្នុងការប្រកួតនាឱកាសនោះដែរ កីឡាករ ចាន់ សីុដា មកពីក្លិបនិរោធមានជ័យ បានផ្តួលកីឡាករទូច សុភាព មកពីក្លិបបក្សីស្លាបដែកឱ្យសន្លប់ក្នុងទឹកទី៣ ។ កីឡាការិនី សំ សំណាង មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ឈ្នះកីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យ។ កីឡាករ ជន សាវុធ មកពីក្លិបអូដឹមកីឡា ឈ្នះកីឡាករ ចាន់ មុន្នី មកពីក្លិបនិរោធមានជ័យ និងគូចុងក្រោយកីឡាករ ឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា ឈ្នះកីឡាករ មាស ភារម្យ មកពីក្លិបកងទ័ពជើងទឹក ៕
ចែករំលែកព័តមាននេះ