យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ទទួលទានផ្លែឈើ និងបន្លែដែលមានសាច់ពណ៌សដូចជាផ្លែប៉ោម និងផ្លែសារី(pear)ឲ្យបានច្រើនប្រហែលជាអាចប្រឆាំងនឹងជំងឺដាច់សរសៃឈាមបាន។លទ្ធផលខាងលើនេះបានកើតចេញពីការសិក្សាពិសោធន៍លើមនុស្ស២០.០៦៩នាក់ដែល មានអាយុជាមធ្យម៤១ឆ្នាំ។ អ្នកពិសោធន៍ទាំងនេះសុទ្ធតែគ្មានបញ្ហាបេះដូងឡើយ។
បន្ទាប់ពីការតាមដានដែលមានរយៈពេល១០ឆ្នាំឃើញថា អ្នកដែលទទួលទានផ្លែឈើនិងបន្លែច្រើនជាពិសេសផ្លែប៉ោមនិងផ្លែសារី អត្រាកើតជំងឺដាច់សរសៃឈាមមានក្រោម៥២ភាគរយ។ ចំណែកអ្នកដែលទទួលទានផ្លែឈើមានសាច់ពណ៌បៃតង ពណ៌ទឹកក្រូច ពណ៌លឿងឬពណ៌ក្រហមពុំជាប់ទាក់ទងនឹងជំងឺដាច់សរសៃឈាមទេ ។
ការទទួលទានផ្លែប៉ោមនិងសារី២៥ក្រាមក្នុង១ថ្ងៃជួយកាត់បន្ថយការកើតជំងឺដាច់សរសៃឈាមបាន៩ភាគរយ។ ផ្លែប៉ោម១ផ្លែជាមធ្យមគឺមានទម្ងន់១២០ក្រាម ។ អ្នកដឹកនាំការស្រាវជ្រាវLinda M. Oude Griepមកពីសាកលវិទ្យាល័យ Wageningen Uninversityប្រទេសហូឡង់បាននិយាយថា៖«ដើម្បីបង្ការជំងឺដាច់សរសៃឈាម គេគួរពិចារណាទទួលទានបន្លែនិងផ្លែឈើឲ្យបានច្រើនជាឧទាហរណ៍ដូចជាការទទួលទានផ្លែប៉ោមឲ្យបានមួយ១ផ្លែក្នុង១ថ្ងៃ។ បើទោះជាយ៉ាងនេះក្តី ផ្លែឈើនិងបន្លែផ្សេងទៀតនៅតែមានប្រយោជន៍ដដែល»។
ចំណែកការសិក្សាមួយកាលពីពេលកន្លងទៅបាននិយាយដែរថា ទទួលទានផ្លែប៉ោម១ផ្លែក្នុងមួយថ្ងៃអាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីគ្រូពេទ្យ ប៉ុន្តែដរាបណាកុំបោះចោលសំបក។ សារធាតុគីមីដែលនៅខាងក្រោមសំបករលោងចាំងរបស់ផ្លែប៉ោមត្រូវបានគេជឿថាជាកន្លែងផ្ទុកទៅដោយអត្ថប្រយោជន៍សុខភាពជួយឲ្យសាច់ដុំមានភាពរឹងមាំ។ លើសពីនេះ អាស៊ីដ Ursolic នៅក្នុងសំបកផ្លែប៉ោមក៏អាចរក្សាកម្រិតកូឡេស្តេរ៉ូលនិងស្ករក្នុងឈាមឲ្យនៅធម្មតាបានទៀតផង ។
វេជ្ជបណ្ឌិតគ្រីស្តូហ្វ៊័រ អាដាំដែលជាអ្នកស្រាវជ្រាវបាននិយាយថា ៖ «អាស៊ីដ Ursolic គឺជាសមាសធាតុធម្មជាតិដ៏គួរឲ្យចាប់អារម្មណ៍។ វាគឺជាផ្នែកនៃអាហារធម្មតាក្នុងនាមជាធាតុមួយក្នុងសំបកផ្លែប៉ោម»។
សារសំខាន់នៃសំបកផ្លែប៉ោមត្រូវបានស្រាវជ្រាវរកឃើញបន្ទាប់ពីលោកវេជ្ជបណ្ឌិតអាដាំ(អ្នកជំនាញខាងអ័រម៉ូនដែលប៉ះពាល់រាងកាយ)ចាប់ផ្តើមស្វែងរកឱសថដែលអាចបញ្ឈប់សាច់ដុំមិនឲ្យទន់ខ្សោយ ធ្វើឲ្យមនុស្សចាស់ដែលចូលនិវត្តន៍នៅតែខ្លាំងខណៈគេមានវ័យចាស់ ព្រមទាំងកាត់បន្ថយអត្រាប្រឈមនឹងជំងឺបាក់ឆ្អឹងដែលពិបាកព្យាបាល»។ លោកបានបន្ថែមថា៖«ការបាត់បង់ឬក៏ទន់ខ្សោយសាច់ដុំជារឿយៗកើតឡើងព្រមគ្នានៅពេលដែលមនុស្សមានវ័យចាស់ហើយធ្លាក់ខ្លួនឈឺ»។
ទោះជាយ៉ាងណាក្តី លទ្ធផលខាងលើនេះគឺគ្រាន់តែកើតចេញពីការពិសោធលើសត្វកណ្តុរតែប៉ុណ្ណោះ ពោលគឺមិនទាន់បានពិសោធន៍លើមនុស្សនៅឡើយទេ ៕
ចែករំលែកព័តមាននេះ