រាជធានីភ្នំពេញ ៖ នារីម៉ាស្សា២រូបត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី២ ចាប់ខ្លួននៅចំណុចផ្ទះកោសជប់ម៉ាស្សាយីហោម៉េង ហុង ដែលមានទីតាំងផ្ទះលេខ៤៨០ ក្រុម៣២ ភូមិ៤ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ២០១២ បន្ទាប់ពីពួកនាងបន្លំលួចលុយក្នុងហោប៉ៅខោភ្ញៀវដែលចូលទៅម៉ាស្សាកោសជប់កាលពីល្ងាចថ្ងៃទី១៣ កញ្ញា ២០១២ អស់ចំនួន៩០០ដុល្លារ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលមានការប្តឹងប្តល់ចាប់ខ្លួនស្ត្រី២រូបខាងលើ គឺមានបុរសជាមន្ត្រីយោធា២រូបជិះរថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ បាននាំគ្នាចូលទៅកោសជប់នៅក្នុងហាងម៉ាស្សាយីហោ ម៉េង ហុង លុះពេលចេញមកវិញក៏លូកកាបូបពីក្នុងហោប៉ៅខោ ដើម្បីយកលុយបង់ថ្លៃម៉ាស្សា ស្រាប់តែបាត់លុយអស់ពីក្នុងកាបូបចំនួន៩០០ដុល្លារ ។ ពេលនោះបុរសទាំង២នាក់ក៏បានសម្លុតនាងម៉ាស្សាឱ្យសងលុយមកខ្លួនវិញ បើមិនដូច្នេះទេពួកខ្លួនប្តឹងប៉ូលិសចាប់ពួកនាងដាក់គុកហើយ ។ ដោយខ្លាចមានបញ្ហាពួកនាងក៏សុខចិត្តសងទៅភ្ញៀវវិញចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ដោយឡែកមន្ត្រីយោធាទាំង២រូបខាងលើក្រោយពីបានលុយ៥០០ដុល្លារមកវិញហើយក៏នាំគ្នាបើករថយន្តចេញពីហាងកោសជប់ លុះព្រឹកថ្ងៃទី១៤ កញ្ញា ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី២ ទៅចាប់ខ្លួនពួកនាងទាំង២រូបខាងលើនាំមកស្នាក់ការប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ