ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត នៅក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី១ មិថុនា រហូតមកដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១២ សកម្មភាពចុះបង្ក្រាបបទល្មើសបានចំនួន១៣លើក ក្នុងឃុំចំនួន៥នៃស្រុកកងមាស ប្រយោជន៍ដើម្បីឱ្យពពួកមច្ឆជាតិសម្បូរឡើងវិញ ។
លោកវរសេនីយ៍ត្រី សូ សារិទ្ធ អធិការនគរបាលស្រុកកងមាស បានឱ្យដឹងថា បឹងបេង លាតសន្ធឹងដ៏ធំល្វឹងល្វើយក្នុងឃុំចំនួន៥រួមមាន ឃុំអង្គរបាន ឃុំព្រែកក្របៅ ឃុំសូរគង ឃុំព្រែកកុយ និងឃុំរាយប៉ាយ ហើយនៅរដូវវស្សាមានទឹកល្ហល្ហាច តែក៏សម្បូរទៅដោយបទល្មើសនេសាទដែរ ។ ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីសកម្មភាពនេសាទពីលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ឃុំខាងលើ លោកក៏សុំគោលការណ៍ទៅលោកស្នងការនគរបាលខេត្តដើម្បីមានវិធានការបង្ក្រាប ដោយធ្វើឡើងជាបន្តបន្ទាប់ក្រោមកិច្ចសហការជាមួយអង្គភាពជលផលខេត្ត កងរាជអាវុធហត្ថស្រុក យោធាផ្នែកសឹករងស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធភូមិ-ឃុំ ។
ក្នុងរយៈពេលពីថ្ងៃទី១ មិថុនា ដែលថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១២ ចុះបង្ក្រាបចំនួន១៣លើក ដោយដកហូតបានលូស្បៃមុង ចំនួន៣១១មាត់ របាំងព្រួលប្រវែង៩.៧៣៥ម៉ែត្រ រ៉ាវចំនួន១៣មាត់ របាំងព្រួលរ៉ាវ ប្រវែង៤៥០ម៉ែត្រ ដាយចំនួន៤មាត់ និងធ្វើពិធីលែងកូនត្រីចម្រុះទៅក្នុងបឹងធម្មជាតិវិញចំនួន៤២០គីឡូក្រាម ។លោកវរសេនីយ៍ត្រី សូ សារិទ្ធ បញ្ជាក់ថា ចំពោះឧបករណ៍ដែលបង្ក្រាបបានខាងលើនេះ គឺត្រូវបានប្រជាពលរដ្ឋប្រើនៅក្នុងរដូវវស្សា ហើយបើនៅរដូវសម្រកវិញច្រើនប្រើឧបករណ៍ឆក់ ។
ប្រសិនណាបើមិនមានវិធានការចុះបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលានទេ ត្រីតូច-ធំនឹងត្រូវអន្តរាយហិនហោចអស់ ព្រោះការឆក់នេះ សូម្បីតែត្រីតូចៗទើបនឹងញាស់ក៏ងាប់ដែរ ។ លោកអធិការបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានទម្លាប់ឆក់ត្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ហើយងាកមកប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់វិញ ៕
ចែករំលែកព័តមាននេះ