ខេត្តកំពង់ធំ ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកាលពីព្រឹកថ្ងៃទី១៣ កញ្ញា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអត្ថបទគោលរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ការបំភ្លឹអំពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះក៏មានការនាំយកនូវសៀវភៅអត្ថបទគោលចំនួន១២៥ក្បាល ដែលផ្ដល់ដោយអគ្គស្នងការនគរបាលជាតិចែកជូនលោកស្នងការរង លោកនាយការិយាល័យ លោកអធិការគ្រប់ស្រុក-ក្រុង ដើម្បីយកទៅចែកជូនលោកនាយប៉ុស្ដិ៍គ្រប់ប៉ុស្ដិ៍ទូទាំងខេត្ដ សម្រាប់ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យពួកគាត់បានយល់ដឹងអំពីបញ្ហានេះ ។ កិច្ចប្រជុំនេះ ស្ថិតក្រោមវត្ដមានលោកឧត្ដមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ដ ។
លោកស្នងការបានសំណេះសំណាល និងថ្លែងទៅកាន់កិច្ចប្រជុំដោយបញ្ជាក់ពីខ្លឹមសារសៀវភៅដ៏មានអត្ថន័យនេះ និងត្រូវយកទៅអានហើយអានទៀតឱ្យយល់ច្បាស់ ដើម្បីយកទៅផ្សព្វផ្សាយបន្ដ ។ ខ្លឹមសារនៅក្នុងសៀវភៅ គឺបានដកស្រង់ប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបកស្រាយអស់រយៈពេលជាង៥ម៉ោង បំភ្លឹអំពីការបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងព្រំដែនសមុទ្រ រវាងប្រទេសកម្ពុជា នឹងវៀតណាម ជូនប្រជាពលរដ្ឋកម្ពុជា និងអន្ដរជាតិឱ្យបានយល់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចទាំង៣ជាប្រមុខ ពុំមានការបាត់បង់ទឹកដីសូម្បីតែ១ម៉ែត្រការេ៉នោះឡើយ មិនមែនដូចពាក្យចោទប្រកាន់របស់គណបក្សខ្លះដែលចេះតែស្រែកជេរថា គណបក្សប្រជាជនកាន់អំណាចធ្វើឱ្យបាត់បង់ទឹកដី ក្បត់ជាតិនោះទេ ។
លោកស្នងការនគរបាលខេត្តបានថ្លែងទៀតថា សម្ដេចបានបកស្រាយបំភ្លឺជាង៥ម៉ោង ដោយមិនដើរចេញទៅណាមួយជំហានផង នៅតែគណបក្សប្រឆាំងថាមិនត្រឹមត្រូវ ជារឿងភូតកុហកទៅវិញ ។ ចំណែកឯគណបក្សប្រឆាំងខ្លួនឯងវិញនោះ ក្រៅពីចេះជេរ ចេះតែដើរភូតកុហក ចេះតែដើរសន្យាចោល ប៉ុន្មានអាណត្ដិមកហើយធ្វើអ្វីបានខ្លះទុកជាស្នាដៃសម្រាប់កូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ដែរឬទេ? ចម្លើយគឺគ្មានទេ មានតែការសន្យាចោល និយាយភូតភរតែប៉ុណ្ណោះ។
លោកស្នងការបន្តថា លោកនិយាយនេះមិនមែនកាន់ជើងតែម្ខាងនោះទេ សូមឱ្យអស់លោកក្រឡេកមើល ការពិតទៅពួកយើងរស់នៅរហូតមកដល់បច្ចុប្បន្ននេះ មានវ័យចំណាស់ហ្នឹងទៅហើយ មិនជឿលើអ្នកណាដែលនិយាយកុហកនោះទេ គឺជឿតែការពិត។ មុននឹងបញ្ចប់ លោកស្នងការបានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ កុំភ្លេចទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ក្រែងមានឈ្មោះស្ទួនគ្នាពីរដងត្រូវឆាប់កែតម្រូវជាបន្ទាន់ ចៀសវាងក្រែងមានគណបក្សផ្សេងៗគេប្ដឹង ។
ម៉្យាងទៀត នៅពេលដែលទទួលបានសៀវភៅដ៏មានសារសំខាន់នេះហើយ ត្រូវតែធ្វើការផ្សព្វផ្សាយដល់ស្រទាប់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹងពីបញ្ហាទាំងអស់នេះ ៕
ចែករំលែកព័តមាននេះ