រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្តីខ្មែរក្រហាម)ឱ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូងបានចេញសេចក្តីសម្រេចលើការវាយតម្លៃឡើងវិញអំពីសម្បទាខាងបញ្ញាស្មារតីរបស់ជនជាប់ចោទអៀង ធីរិទ្ធ ក្នុងការចូលរួមសវនាការ ។
ផ្អែកតាមរបាយការណ៍ និងសក្ខីកម្មរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលត្រូវបានតែងតាំងដោយតុលាការ អង្គជំនុំជម្រះសាលាដំបូងបានសម្រេចជាថ្មីដោយតម្កល់នូវសេចក្តីសម្រេចរបស់ខ្លួនពីលើកមុនដែលថា ជនជាប់ចោទអៀង ធីរិទ្ធ មានជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ(ជាប្រភេទជំងឺអាលហ្សៃម៉ា Alzheimer ដែលជាជំងឺវង្វេងវង្វាន់ និងភ្លេចការចងចាំ) ហើយគាត់នៅតែមិនមានសម្បទាខាងបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការបាន ។ ក្រុមអ្នកជំនាញបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការព្យាបាលតាមគ្រប់មធ្យោបាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ ហើយការចុះខ្សោយនៃដំណើរការខួរក្បាលរបស់ជនជាប់ចោទនៅតែមិនអាចវិលត្រឡប់មកសភាពធម្មតាវិញបានទេ ។ ដោយសារតែមិនអាចប៉ាន់ស្មានបានថា ជនជាប់ចោទរូបនេះ នឹងអាចត្រូវយកមកជំនុំជម្រះបាននៅពេលណានោះ អង្គជំនុំជម្រះសាលាដំបូងក៏បានសម្រេចតម្កល់ការបំបែកកិច្ចនីតិវិធីនូវបទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទអៀង ធីរិទ្ធ នៅក្នុងសំណុំរឿង០០២ និងផ្អាកកិច្ចដំណើរការនីតិវិធីប្រឆាំងនឹងជនជាប់ចោទរូបនេះ ដោយមិនកំណត់រយៈពេល ។ ដូចដែលសហព្រះរាជអាជ្ញា និងក្រុមមេធាវីការពារក្តីបានទទួលស្គាល់ដែរ នៅក្នុងកាលៈទេសៈនេះ អង្គជំនុំជម្រះសាលាដំបូងត្រូវមានកាតព្វកិច្ចដោះលែងជនជាប់ចោទរូបនេះចេញពីមន្ទីរឃុំឃាំង ។
ដោយសារតែកិច្ចដំណើរការនីតិវិធីប្រឆាំងនឹងជនជាប់ចោទអៀង ធីរិទ្ធ ត្រូវបានផ្អាកដោយមិនកំណត់រយៈពេល អង្គជំនុំជម្រះសាលាដំបូងមិនមានមូលដ្ឋានតាមផ្លូវច្បាប់ ដើម្បីដាក់លក្ខខណ្ឌដោយបង្ខំលើជនជាប់ចោទរូបនេះបានឡើយនៅពេលដោះលែង ។ ដោយសារតែសមត្ថភាពខាងបញ្ញាស្មារតីរបស់ជនជាប់ចោទ លក្ខខណ្ឌដោយបង្ខំ ទោះក្នុងករណីណាក៏ដោយ មានការលំបាកក្នុងការអនុវត្ត ។ ស្ថានភាពសុខភាពរបស់ជនជាប់ចោទបានបង្ហាញថា ជនជាប់ចោទមិនមានសមត្ថភាពក្នុងការចងចាំ ឬអនុវត្តតាមលក្ខខណ្ឌទាំងនេះបានឡើយ ។ ទោះជាយ៉ាងណាក្តី អង្គជំនុំជម្រះបានយល់ស្របជាមួយសហព្រះរាជអាជ្ញាក្នុងការដាក់វិធានការជាក់លាក់មួយចំនួននៅពេលដោះលែងជនជាប់ចោទអៀង ធីរិទ្ធ នៅមានលក្ខណៈសមស្រប ។ ហេតុដូច្នេះ អង្គជំនុំជម្រះបានរំលឹកដល់ជនជាប់ចោទអំពីកាតព្វកិច្ចរបស់ខ្លួន ដោយមិនត្រូវជ្រៀតជ្រែកកិច្ចការរដ្ឋបាលរបស់អង្គជំនុំជម្រះដូចជា មិនត្រូវទាក់ទងជាមួយសាក្សី ជនរងគ្រោះ ឬជនជាប់ចោទដទៃទៀត (លើកលែងតែស្វាមីរបស់គាត់ អៀង សារី) ។
អង្គជំនុំជម្រះសាលាដំបូង ក៏បានស្នើឱ្យជនជាប់ចោទរូបនេះ មិនត្រូវចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជូនដំណឹងដល់ការិយាល័យរដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមុននឹងផ្លាស់ប្តូរអាសយដ្ឋានរស់នៅណាមួយរបស់ខ្លួន និងមិនត្រូវទាក់ទងជាមួយប្រព័ន្ធសារព័ត៌មានពាក់ព័ន្ធនឹងដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ ដោយសារតែជំងឺអាលហ្សៃម៉ា Alzheimer ជាប្រភេទជំងឺដែលមិនអាចព្យាបាលបាននាពេលបច្ចុប្បន្ន ហើយក៏មិនមានមធ្យោបាយណាមួយក្នុងការព្យាបាលជំងឺនេះតទៅទៀតបាននោះ អង្គជំនុំជម្រះមិនបង្គាប់ឱ្យមានការវាយតម្លៃផ្នែកវេជ្ជសាស្ត្របន្ថែមទៀតទៅលើជនជាប់ចោទរូបនេះទេ ។ ប៉ុន្តែអង្គជំនុំជម្រះ យល់ព្រមធ្វើការពិគ្រោះយោបល់ជារៀងរាល់ឆ្នាំជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដែលត្រូវបានតែងតាំងដោយតុលាការ ដើម្បីបញ្ជាក់អំពីលទ្ធភាពនៃការរកឃើញនូវការព្យាបាលតាមបែបវេជ្ជសាស្ត្រថ្មីៗ ដែលតាមយោបល់របស់អ្នកជំនាញថា អាចនឹងជួយស្តារសម្បទាខាងបញ្ញាស្មារតីរបស់ជនជាប់ចោទឱ្យចូលរួមក្នុងការជំនុុំជម្រះវិញបាន ។ ដោយសារតែលទ្ធភាពនៃការរកឃើញនូវការព្យាបាលជំងឺវង្វេងវង្វាន់(ជំងឺអាលហ្សៃម៉ាAlzheimer) នាពេលបច្ចុប្បន្ននេះ មានលក្ខណៈមិនច្បាស់លាស់ ការណ៍នេះនាំឱ្យមិនមានមូលដ្ឋានក្នុងការបន្តឃុំខ្លួនជនជាប់ចោទរូបនេះបានឡើយ ។
អង្គជំនុំជម្រះសូមបញ្ជាក់ផងដែរថា សេចក្តីសម្រេចដែលថា ជនជាប់ចោទមិនមានសម្បទាខាងបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការនេះ មិនមែនជាការសម្រេចសេចក្តីអំពីអត្ថិភាព ឬនត្ថិភាពនៃពិរុទ្ធភាពរបស់ជនជាប់ចោទអៀង ធីរិទ្ធ នោះឡើយ ហើយក៏មិនមានអានុភាពដកការចោទប្រកាន់នានាចេញពីជនជាប់ចោទរូបនេះដែរ ៕
ចែករំលែកព័តមាននេះ