ខេត្តបាត់ដំបង ៖ សំណុំរឿងក្មេងប្រុស-ស្រីចំនួន៣នាក់ដែលបាត់ខ្លួន ហើយត្រូវគេសង្ស័យថា មានជនមិនស្គាល់មុខចាប់ពង្រត់ពីឃុំដូនបា ស្រុកគាស់ក្រឡ កាលពីចុងសប្ដាហ៍មុននោះ ទីបំផុតពួកគេបានក្លាយជាសាកសពស្អុយរលួយរប៉ាត់រប៉ាយពេញព្រៃដោយសារឃាតករសម្លាប់ ដែលសមត្ថកិច្ចនិងអ្នកភូមិស្វែងរកឃើញជាបន្តបន្ទាប់នៅក្នុងព្រៃខាងក្រោយភូមិពី៣០០ម៉ែត្រទៅ៦០០ម៉ែត្រ ដោយសពស្ថិតនៅកន្លែងផ្សេងៗគ្នា។ ប៉ុន្តែជាមួយគ្នានេះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនបុរស៣នាក់ជាបណ្ដោះអាសន្នដើម្បីសាកសួរក្រោយពីសង្ស័យថា អាចមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
បន្ទាប់ពីក្រុមគ្រួសារបាត់ដំណឹងក្មេងប្រុសស្រីទាំង៣នាក់ខាងលើនេះ និងបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្ត សាច់ញាតិ និងអ្នកភូមិ រួមទាំងសមត្ថកិច្ចផងដែលដឹកនាំដោយលោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត និងមានការបញ្ជាផ្ទាល់ពីលោកស្នងការខេត្តផង បានចុះប្រតិបត្តិការភ្លាមៗទៅកាន់តំបន់កើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកក្មេងរងគ្រោះទាំង៣នាក់នោះ ។
ការប្រទះឃើញសាកសព
ចាប់តាំងពីថ្ងៃកើតហេតុ ការស្វែងរកតម្រុយពីក្រុមក្មេងរងគ្រោះហាក់ដូចស្ថិតក្នុងភាពមិនច្បាស់លាស់ពីសាក្សីនានា ដែលអះអាងថា បានប្រទះឃើញក្រុមក្មេងរងគ្រោះនោះត្រូវគេនាំចាកចេញពីភូមិ ហើយដំណឹងនេះកាន់តែធ្វើឲ្យមានការជ្រូលច្របល់យ៉ាងខ្លាំង ខណៈអ្នកភូមិរាប់សិបនាក់នៅតែបន្តរុករកក្នុងព្រៃនៅឡើយ។ ប៉ុន្តែនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២កញ្ញា ទាំងអ្នកភូមិ ទាំងសមត្ថកិច្ចបានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកភូមិរាយការណ៍ថា ពួកគេបានប្រទះឃើញសពក្មេងប្រុស ស្រីចំនួន២នាក់ស្អុយរលួយក្នុងព្រៃខាងក្រោយភូមិ ដែលសាកសពនេះត្រូវគេស្គាល់ថា គឺឈ្មោះភាពយន្ត ចិន្តា ហៅធឹង ភេទប្រុស អាយុ៩ឆ្នាំ និងឈ្មោះម៉ាប់ រំដួល ភេទស្រី អាយុ៨ឆ្នាំ នៅចម្ងាយពីគ្នាប្រហែល១០០ម៉ែត្រ ប៉ុន្តែមិនឃើញក្មេងប្រុសម្នាក់ទៀតទេ។ ក្រោយពីទទួលដំណឹងដ៏អកុសលនេះ លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចុះដល់ចំណុចឃើញសាកសពភ្លាមៗ តាមបញ្ជារបស់លោកស្នងការខេត្ត ប៉ុន្តែដោយយប់ងងឹតមិនអាចឲ្យកម្លាំងបច្ចេកទេសធ្វើការពិនិត្យសាកសពបាន ទើបសម្រេចហ៊ុមព័ទ្ធតំបន់នោះបណ្ដោះអាសន្ន ដោយចាត់មន្ត្រីសមត្ថកិច្ចមួយចំនួន និងក្រុមគ្រួសារជនរងគ្រោះបោះជំរំយាមសពរង់ចាំពិនិត្យនៅព្រឹកថ្ងៃទី១៣កញ្ញា។ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ កញ្ញា ខណៈដែលកម្លាំងចម្រុះត្រៀមចុះពិនិត្យសព ស្រាប់តែក្រុមអ្នកស្វែងរកក្មេងប្រុសម្នាក់ទៀតបានរាយការណ៍ភ្លាមៗថា គេបានប្រទះឃើញសពក្មេងប្រុសម្នាក់នោះហើយ ស្ថិតនៅចម្ងាយប្រហែលជាង៣០០ម៉ែត្រពីកន្លែងឃើញសាកសព២នាក់មុន ។
សាកសពក្មេងប្រុសម្នាក់នេះឈ្មោះចាន់ អត្តរ៉ា (មុននេះថាឈ្មោះចាន់ អាត្រា) អាយុ១១ឆ្នាំ ដែលដំណឹងបន្ថែមនេះបានបញ្ចប់នូវមន្ទិលសង្ស័យទាំងឡាយដែលគិតថា ក្មេងប្រុសម្នាក់នេះអាចនៅរស់ ទីបំផុតវាសនាពួកគេទាំង៣នាក់ត្រូវបានឃាតករសម្លាប់យ៉ាងឃោរឃៅនៅតំបន់នោះតែម្ដង ។
ការចុះធ្វើកោសល្យវិច័យសាលសព
សមត្ថកិច្ចចម្រុះរួមមានមន្រ្តីនគរបាល ប៉េអឹម គ្រូពេទ្យជំនាញ លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត លោកម៉ៅ ដារ៉ា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកតូច សុភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះពិនិត្យសពក្មេងរងគ្រោះទាំង៣នាក់ខាងលើនេះ។ មន្រ្តីនគរបាលផ្នែកបច្ចេកទេសឲ្យដឹងថា សពឈ្មោះភាពយន្ត ចិន្តា ហៅធឹង និងឈ្មោះម៉ាប់ រំដួល ស្លាប់នៅចម្ងាយពីគ្នាប្រហែល១០០ម៉ែត្រ និងចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ។ រីឯសពឈ្មោះចាន់ អត្តរ៉ា ស្លាប់នៅខាងកើតឆៀងខាងត្បូង ចម្ងាយពីសព២នាក់ខាងលើនេះប្រហែល៣០០ម៉ែត្រ។ សពនីមួយៗស្ថិតក្នុងព្រៃរបោះដែលពិបាកក្នុងការរុករក ។
លោកវេជ្ជបណ្ឌិត សេម ប៉េងស៊ាន នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលបានចូលរួមពិនិត្យសពខាងលើនេះប្រាប់ថា សពក្មេងស្រីពាក់អាវយឺតដៃខ្លី តែស្ថិតក្នុងភាពអាក្រាតល្វែងក្រោម ។ នាងមានស្នាមរបួសត្រង់ពោះ និងមានចេញពោះវៀនមកក្រៅដែលត្រូវជនដៃដល់ប្រើអាវុធមុតស្រួចចាក់ និងយកខ្សែរឹតកបន្ថែមទៀត ប៉ុន្តែគ្មានស្លាកស្នាមផ្នែកខាងខ្នងទេ ។ រីឯសពកុមារាឈ្មោះធឹង មានស្នាមចាក់មុតកខាងស្ដាំ ស្នាមកាប់បាក់ឆ្អឹងកពីក្រោយ និងបាក់ឆ្អឹងស្លាបប្រចៀវខាងស្ដាំដែរ ។ ដោយឡែកសពឈ្មោះចាន់ អត្តរ៉ា វិញ លោកវេជ្ជបណ្ឌិតនិយាយថា ឃើញមានស្នាមរបូសច្រើនជាងគេ ។ លោកសេម ប៉េងស៊ាន ប្រាប់ថា កុមារានេះស្លាប់ផ្កាប់មុខដោយមានស្នាមរបួសរយះលើកំភូនជើងទាំងសងខាង ដាច់កផ្នែកខាងក្រោយ ស្លាបប្រចៀវខាងស្ដាំ ដែលសុទ្ធសឹងជាស្នាមកាប់នឹងពូថៅ ឬកាំបិត ។
ការសន្និដ្ឋានជំហានដំបូង
ក្រោយពីធ្វើការពិនិត្យសពទាំង៣នាក់រួចមក លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត និងលោកម៉ៅ ដារ៉ា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការសន្និដ្ឋានជំហានដំបូងរួមគ្នាថា នេះជាករណីឃាតកម្មដ៏ឧក្រិដ្ឋ ដែលជនដៃដល់បានគិតទុកជាមុន ។ វាអាចជាករណីរំលោភរួចសម្លាប់ ដែលប្រព្រឹត្តដោយគំនុំទៀតផង ។ លោកបញ្ជាក់ថា មូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ គឺទី១-ជនរងគ្រោះ និងជនល្មើសជាមនុស្សស្គាល់គ្នា ទី២-ក្មេងប្រុស២នាក់ទំនងបានឃើញជនដៃដល់រំលោភក្មេងស្រី ទើបជនដៃដល់ដេញតាមកាប់សម្លាប់ពួកគេទាំង២នាក់នោះទៀតដើម្បីបំបិទមាត់។ ម្យ៉ាងរវាងគ្រួសារជនរងគ្រោះ និងជនដៃដល់អាចធ្លាប់មានគំនុំជាមួយគ្នាកន្លងមកទៀតផង ដោយយោងលើសំណុំរឿងនានាដែលធ្លាប់កើតមានលើគ្រួសាររងគ្រោះ។ ជាមួយនឹងការសន្និដ្ឋានជំហានដំបូងខាងលើនេះ លោកព្រះរាជអាជ្ញារង តូច សុភក្ដី ក៏បានឯកភាពផងដែរ ។
ឃាត់ខ្លួនបុរស៣នាក់ពេលពិនិត្យសព
ក្រោយពីមានតម្រុយខ្លះៗអំពីការកំណត់មុខសញ្ញាជនសង្ស័យ និងស្របពេលសមត្ថកិច្ចចម្រុះរៀបចំពិនិត្យសព បុរស៣នាក់ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ដែរ និងបានរកឃើញមានវត្ថុតាងមួយចំនួនទៀតផង ដែលគេសង្ស័យថា ទំនងអាចជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មដ៏ឃោរឃៅខាងលើនេះ។ ជនសង្ស័យទាំង៣នាក់នេះរួមមាន ១-ឈ្មោះជិម វាសនា អាយុ២០ឆ្នាំ ២-ឈ្មោះឡាន់ ឌីណា អាយុ២៩ឆ្នាំ និង៣-ឈ្មោះស្មាន់ ឃុត អាយុ៤៦ឆ្នាំ ។ លោកព្រះរាជអាជ្ញារង តូច សុភក្ដី បានមានប្រសាសន៍ថា នេះជាការឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសាកសួរ ព្រោះមានការសង្ស័យថា ពួកគេអាចមានពាក់ព័ន្ធក្នុងរឿងនេះ ។ លោកបញ្ជាក់ថា ក្រោយពីសាកសួរយើងបានរកឃើញកាំបិតខ្វែវ១របស់ឈ្មោះជិម វាសនា ដែលមានប្រឡាក់ឈាម និងពូថៅ១ផងដែរ។ យើងត្រូវសួរនាំតាមនីតិវិធី តែបើមានតម្រុយស៊ីសង្វាក់គ្នារវាងចម្លើយ និងវត្ថុតាង សមត្ថកិច្ចនឹងអាចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ក្មេងប្រុសស្រីទាំង៣នាក់ខាងលើនេះបានបាត់ខ្លួនកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៩ កញ្ញា កន្លងទៅ ខណៈដែលជីដូនប្រើឲ្យទៅផ្លាស់ចំណងគោនៅខាងក្រោយផ្ទះប្រហែល១០០ម៉ែត្រ ក្នុងភូមិអណ្ដូងកន្ទូត ឃុំដូនបា ស្រុកគាស់ក្រឡ ដោយមិនដឹងថា ពួកគេទៅណាឡើយ។ ការបាត់ដំណឹងពួកគេដំបូង ក្រុមគ្រួសារបានស្វះស្វែងរកស្ទើរគ្រប់ទិសទីតែគ្មានដំណឹងឡើយ ដោយលេចឮតែដំណឹងមិនច្បាស់លាស់។ លុះនៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ កញ្ញា ទើបអ្នកភូមិប្រទះឃើញសពពួកគេជាបន្តបន្ទាប់នៅខាងក្រោយភូមិ។ ដោយសារសាកសពក្មេងស្រីមានធ្លាយចេញពោះវៀនមកក្រៅជាហេតុនាំឲ្យមានពាក្យចចាមអារ៉ាមតៗគ្នាថា ការស្លាប់របស់ក្មេងប្រុស-ស្រីទាំង៣នាក់នេះគឺត្រូវឃាតករវះយកក្រលៀន ។ ព័ត៌មានដ៏អាស្រូវនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរគ្រប់មជ្ឈដ្ឋានា ។
ដើម្បីរំលត់ពាក្យចចាមអារ៉ាមនេះ លោកវេជ្ជបណ្ឌិត សេម ប៉េងស៊ាន ដែលបានពិនិត្យសពផ្ទាល់ពន្យល់ថា មិនមានស្លាកស្នាមណាមួយដែលបង្ហាញឲ្យឃើញថា ក្មេងរងគ្រោះត្រូវគេវះយកក្រលៀនទេ ។ លោកបញ្ជាក់ថា ការធ្លាយពោះវៀនចេញមកក្រៅរបស់សពក្មេងស្រីនោះ គឺដោយសារសពហើម ហើយធ្លាយចេញតាមមុខរបួស រីឯខាងខ្នងក៏គ្មានស្នាមរបួសដែរ ដូច្នេះគ្មានហេតុផលដូចពាក្យចចាមអារ៉ាមនោះទេ។ លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា ការវះយកក្រលៀនមនុស្សម្នាក់មិនមែនជាការងាយដូចនិយាយតៗគ្នានោះទេ ។ លោកថា ការវះយកក្រលៀនទាល់តែមានឧបករណ៍ និងសម្ភារត្រឹមត្រូវ ហើយជាវេជ្ជបណ្ឌិតជំនាញទៀតទើបធ្វើការងារនេះបាន ដូច្នេះការនិយាយតៗគ្នាកន្លងមកនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។ រីឯការស្លាប់របស់ក្មេងប្រុស-ស្រីទាំង៣នាក់ខាងលើនេះក៏មិនមែនជាការសម្លាប់យកក្រលៀនស្អីដែរ៕
ចែករំលែកព័តមាននេះ