ខេត្តស្វាយរៀង ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងធ្លាក់ជង្ហុកដាច់ទ្រុងខាងក្រោយក្រឡាប់ជះកម្មករដេករដូករណែលពេញផ្លូវ បណ្តាលឱ្យរងរបួស៦០នាក់ ធ្ងន់៧នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ផងដែរ តែពុំមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ ដែលហេតុការណ៍នេះកើតឡើងតាមផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ កញ្ញា ២០១២ ។
ប្រភពឱ្យដឹងថា រថយន្តដឹកកម្មកររោងចក្រខាងលើធ្វើដំណើរចេញពីភូមិត្រពាំងធ្លក ឃុំព្រៃគគីរ ក្នុងគោលបំណងទៅរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវមានជង្ហុកច្រើនពេកជាហេតុបណ្តាលឱ្យរថយន្តធ្លាក់ជង្ហុកដាច់ទ្រុងខាងក្រោយក្រឡាប់តែម្តង ។ ទោះបីជាបែបណាជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូក្រុងបាវិត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ