រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំពោះមុខនេះ អាស៊ានបាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួន ទាំងកម្រិតសាកលនិងកម្រិតតំបន់ ជាពិសេសបញ្ហាសន្តិសុខស្បៀង ថាមពល និងគ្រោះមហន្តរាយធម្មជាតិជាដើម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ដែលកម្ពុជាបានផ្តើមគំនិតជ្រើសយកប្រធានបទ«ការតភ្ជាប់អាស៊ានបៃតង»ដើម្បីបន្តប្រធានបទ«ការតភ្ជាប់អាស៊ាន »នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី២៩នៅប្រទេសប្រ៊ុយណេ និងប្រធានបទ«ថាមពលនិងការប្រែប្រួលអាកាសធាតុ»នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី២៨នៅប្រទេសវៀតណាម ។
ឈរនៅលើមូលដ្ឋានទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងអាចមើលឃើញថា «ការតភ្ជាប់ក្នុងវិស័យថាមពលគឺជាផ្នែកមួយនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាផ្នែកមួយនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន ដែលបានអនុម័តដោយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៧នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែតុលាឆ្នាំ២០១២កន្លងទៅ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដូច្នេះប្រធានបទ«ការតភ្ជាប់អាស៊ានបៃតង»បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការផលិតនិងការប្រើប្រាស់ថាមពល ដែលកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ដល់បរិយាកាស បរិស្ថានធម្មជាតិ និងសង្គម និងបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។
ក្នុងបរិការណ៍នេះដែរ វិស័យថាមពលអាចមានជម្រើសមួយចំនួនដែលនឹងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកនៅក្នុងបរិយាកាសដែលយើងត្រូវបន្តយកចិត្តទុកដាក់ទាំងការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព រួមទាំងការបង្កើតថាមពលកកើតឡើងវិញផងដែរ ដូចជាថាមពលវារីអគ្គិសនី ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ថាមពលកម្តៅទឹកក្នុងដី ថាមពលជីវម៉ាស់ ថាមពលជីវឧស្ម័ន និងថាមពលជីវឥន្ធនៈជាដើម។ ម្យ៉ាងទៀត ការតភ្ជាប់ថាមពលបៃតង ក៏នឹងអនុវត្តផងដែរទៅលើការផ្ទេរបច្ចេកវិជ្ជាថាមពលកកើតឡើងវិញ ពីប្រទេសដែលមានបច្ចេកវិជ្ជានិងការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ ដល់ប្រទេសក្នុងតំបន់អាស៊ានដែលមានបច្ចេកវិជ្ជានៅមានកម្រិតនៅឡើយ ។
ជាមួយគ្នានេះដែរ ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកថាមពលនុយក្លេអ៊ែរស៊ីវិល ដែលទើបបញ្ចូលទៅក្នុងផែនការសកម្មភាពសហប្រតិបត្តិការថាមពលអាស៊ាន និងដែលត្រូវបានទទួលការគាំទ្រនោះ គឺជាប្រភពថាមពលដ៏សំខាន់មួយដែរ។ ប៉ុន្តែការប្រើប្រាស់ប្រភពថាមពលមួយនេះ ទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការវិវត្ត អំពីបច្ចេកវិជ្ជា ផលប្រយោជន៍និងហានិភ័យនៃថាមពលនុយក្លេអ៊ែរស៊ីវិល ។ ពិតណាស់ថា ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់ការផលិតអគ្គិសនី ត្រូវមានការសិក្សាឱ្យបានស៊ីជម្រៅទៅលើបច្ចេកវិជ្ជា និងវិធានការសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារគ្រោះថ្នាក់នុយក្លេអ៊ែរដែលអាចកើតឡើងដោយកត្តាគ្រោះមហន្តរាយគ្រប់ប្រភេទ ។
ដោយឡែកក្រៅពីថាមពលនុយក្លេអ៊ែរសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រសិនបើពិនិត្យអំពីពិពិធកម្មប្រភពថាមពល យើងក៏អាចមើលឃើញដែរថា ធ្យូងថ្មក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការថាមពល ទាំងបច្ចុប្បន្ននិងទៅអនាគត។ ប៉ុន្តែការប្រើប្រាស់ប្រភពថាមពលធ្យូងថ្ម ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិជ្ជាទំនើបផងដែរ ។
ក្នុងស្មារតីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០នេះ ត្រូវបន្តជំរុញការអនុវត្តផែនការសកម្មភាពតាមអនុវិស័យនៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន២០១០-២០១៥។ នេះជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការថាមពលអាស៊ានដែលគាំទ្រដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ការលើកកម្ពស់សមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ពីព្រោះថា ផែនការខ្សែបញ្ជូនថាមពលអាស៊ាននិងបំពង់ឧស្ម័នអន្តរអាស៊ាននៅពុំទាន់ទទួលបានលទ្ធផលគួរជាទីពេញចិត្តនៅឡើយទេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ក្នុងន័យនេះខ្ញុំជឿជាក់ថា អាស៊ាននឹងបន្តពង្រឹងនិងពង្រីកជំហរឯកភាពគ្នាមួយនៅក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយនិងបំពេញភាពខ្វះចន្លោះទាំងឡាយដែលនៅមាន ដូចជាការតភ្ជាប់អាស៊ាន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសក្នុងតំបន់នេះ ។
ដើម្បីសម្រេចបានគោលដៅនេះ គឺការតភ្ជាប់អាស៊ានក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ ការគំរាមនៃគ្រោះមហន្តរាយធម្មជាតិជាមួយនឹងកំណើននៃសេចក្តីត្រូវការថាមពល អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ និងដើម្បីសន្តិសុខថាមពលក្នុងតំបន់របស់យើង ព្រមទាំងទប់ទល់នឹងការកើនឡើងថ្លៃថាមពល ខ្ញុំស្នើសុំឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០នេះ ផ្តោតការយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចតទៅ
ទី១-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជាមួយដៃគូសន្ទនា ក្នុងការផលិតឧបករណ៍បរិក្ខារថាមពលកកើតឡើងវិញឱ្យមានគុណភាពខ្ពស់និងតម្លៃទាប ដើម្បីឱ្យប្រជាជនអាស៊ានអាចបង្កើនការប្រើប្រាស់ឧបករណ៍ បរិក្ខារទាំងអស់នោះ ។ ប្រការនេះនឹងរួមចំណែកច្រើនដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជំរុញដល់ការតភ្ជាប់អាស៊ានបៃតងនោះ។
ទី២-បន្តដំណើរការពាណិជ្ជកម្មថាមពលឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅជំរុញបង្កើតឱ្យមានទីផ្សារថាមពលអាស៊ាន ។ ពាក់ព័ន្ធទៅនឹងដំណើរការនេះ ត្រូវជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ានឱ្យកើតជារូបរាង និងមានដំណើរការស្របគ្នាទៅនឹងផែនទីបង្ហាញផ្លូវរបស់ពាណិជ្ជកម្មថាមពលក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលនឹងឈានទៅបង្កើតបាននូវមជ្ឈមណ្ឌលសម្របសម្រួលថាមពលតំបន់នាពេលខាងមុខនេះ ។
ទី៣-ដោយតម្លៃថាមពលមាននិន្នាការកើនឡើងជាទូទៅ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ពីបណ្តាប្រភពផលិតអគ្គិសនីធំៗដូចជា ស្ថានីយនុយក្លេអ៊ែរ វារីអគ្គិសនី រោងចក្រផលិតថាមពលពីធ្យូងថ្ម និងបណ្តាប្រទេសផ្សេងទៀតដែលមានលក្ខណៈមាត្រដ្ឋានសេដ្ឋកិច្ចមានតម្លៃទាបនិងមានប្រភពទាំងនោះ ហើយប្រភពទាំងនោះមានទីតាំងនៅកន្លែងដែលមានភាពអនុគ្រោះក្នុងការគ្រប់គ្រង ការការពារបរិស្ថាន ព្រមទាំងមានសមត្ថភាពផ្គត់ផ្គង់ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ។
ទី៤-ការពង្រីកបានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នេះគឺជាគន្លឹះសម្រាប់កាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងចំណោមប្រទេសជាសមាជិក និងសម្រាប់ធានានូវភាពជោគជ័យនៃសមាហរណកម្មអាស៊ាន ដូចបានលើកឡើងក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន។
ទី៥-ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តបន្ថែមទៀតតាមបណ្តាលក្ខខណ្ឌតម្រូវនានាដើម្បីសម្រេចបានផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន២០១០-២០១៥ ពីព្រោះថាកិច្ចការនេះ នឹងធ្វើឱ្យអាស៊ានកាន់តែលេចត្រដែតឡើងក្នុងចំណោមតំបន់នានានៅលើពិភពលោក ហើយប្រជាជនអាស៊ានកាន់តែមានវឌ្ឍនភាពខ្ពស់ជាលំដាប់ ។
ដោយឡែក កិច្ចការនេះនឹងតម្រូវឱ្យមានការចូលរួមច្រើនទៀតពីភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត ជាពិសេសការគំាទ្រនិងការចូលរួមពីវិស័យឯកជន និងពីប្រជាជនអាស៊ានទាំងមូល ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងន័យនេះយើងត្រូវគិតរួមគ្នារកវិធានការគន្លឹះដើម្បីកៀងគរការចូលរួមគាំទ្រពីវិស័យឯកជន និងពីប្រជាជនអាស៊ានទាំងមូល ។ ចំពោះមុខនេះដែរ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០១២ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកដទៃទៀត ក្នុងការសម្រេចឱ្យបាននូវអាទិភាពនានារបស់អាស៊ានដូចជា ការតភ្ជាប់អាស៊ានបៃតងនេះ ដើម្បីឆ្ពោះទៅកាន់គោលដៅរួម គឺការកសាងឱ្យបាននូវអាស៊ាន«សហគមន៍តែមួយវាសនាតែមួយ »។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធដែលរួមមាន កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន និងភ្នាក់ងារថាមពលអន្តរជាតិ(AMEM-IEA) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានបូក៣លើកទី៩ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ីបូព៌ាលើកទី៦ កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -សហរដ្ឋអាមេរិក និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០១២ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា កិច្ច ប្រជុំកំពូលអាស៊ានលើកទី១៧កាលពីខែតុលាឆ្នាំ២០១០ បានអនុម័តឯកសារផែនការមេស្តីពីការតភ្ជាប់អាស៊ានដែលរួមមាន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជននិងប្រជាជន ។ ការតភ្ជាប់ក្នុងវិស័យថាមពលគឺជាផ្នែកមួយនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានជាបន្តបន្ទាប់បានផ្តោតការយកចិត្តទុកដាក់ ហើយបានលើកឡើងនូវប្រធានបទពាក់ព័ន្ធសម្រាប់កិច្ចប្រជុំរួមមាន ថាមពលនិងការប្រែប្រួលអាកាសធាតុ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាសា៊នលើកទី២៨ និងប្រធានបទការតភ្ជាប់អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី២៩ ហើយឆ្នាំនេះកម្ពុជាបានលើកឡើងនូវប្រធានបទការតភ្ជាប់អាស៊ានបៃតង ។
ដើម្បីបន្តនិរន្តរភាពនៃខ្លឹមសារ ការតភ្ជាប់អាស៊ានក្នុងវិស័យថាមពល កាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ កិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពតាមអនុវិស័យនៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន២០១០-២០១៥ និងកម្មវិធីសម្រាប់អនុវត្តបន្តរួមមាន ៖
១-ខ្សែបញ្ជូនថាមពលអាស៊ាន
២-បំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន
៣-ធ្យូងថ្មនិងបច្ចេកវិទ្យាធ្យូងថ្មស្អាត
៤-ប្រសិទ្ធភាពនិងអភិរក្សថាមពល
៥-ថាមពលកកើតឡើងវិញ
៦-គោលនយោបាយនិងផែនការថាមពលតំបន់
៧-កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ៕
ចែករំលែកព័តមាននេះ