ការសិក្សាទ្រង់ទ្រាយធំមួយបានរកឃើញថា ធ្វើការលើសម៉ោងបង្កើនអត្រាគ្រោះថ្នាក់ដោយជំងឺបេះដូងដល់៨០ភាគរយ ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការធ្វើការយូរចាប់ពី៨ម៉ោងឡើងទៅក្នុងមួយថ្ងៃអាចឆក់យកជីវិតនិយោជិតរាប់ពាននាក់តាមរយៈជំងឺគាំងបេះដូងនិងដាច់សរសៃរខួរក្បាល ។
លទ្ធផលនេះកើតចេញបន្ទាប់ពីការវិភាគលើលទ្ធផលនៃការសិក្សាចំនួន១២ដែលបានពិសោធន៍លើមនុស្សសរុប២២០០០នាក់នៅជុំវិញពិភពលោក ។ ការវិភាគដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានសុខភាពមុខរបរអាជីពរបស់ប្រទេសហ្វាំងឡង់នេះបានរកឃើញថា បណ្តានិយោជិតដែលម៉ោងធ្វើការរបស់ពួកគេវែងជាង៨ម៉ោងក្នុងមួយថ្ងៃមានឱកាសកើតជំងឺបេះដូងចាប់ពី៤០ភាគរយដល់៨០ភាគរយ ។
អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Marianna Virtanenបាននិយាយថា ផលប៉ះទាល់ទាំងឡាយអាចអាស្រ័យទៅលើការជួបនឹងបញ្ហាតានតឹងក្នុងចិត្ត(stress)យូរអង្វែង ។ ឯផលប៉ះពាល់ផ្សេងទៀតអាចមកពីទម្លាប់មិនល្អនៃការទទួលទានអាហារក៏ដូចជាកង្វះខាតក្នុងការហាត់ប្រាណដោយសារតែពេលលំហែកាយមានកំណត់ ។
កាលពីឆ្នាំ២០០៩ ក្រុមស្រាវជ្រាវដដែលនេះបានរកឃើញថា ធ្វើការច្រើនម៉ោងបង្កើតឱ្យមានកជំងឺភ្លេចភ្លាំងពេលមានវ័យចាស់បន្តិច ។ ការសិក្សានាពេលនោះបានបង្ហាញថា និយោជិតស្ថិតក្នុងអាយុមធ្យមដែលធ្វើការច្រើនជាង៥៥ម៉ោងក្នុងមួយសប្តាហ៍ នោះមុខងារផ្សេងៗនៃខួរក្បាលរបស់ពួកគេចុះអន់ថយខ្លាំងធៀបទៅនឹងអ្នកដែលធ្វើការត្រឹម៤០ម៉ោងចុះ ៕
ចែករំលែកព័តមាននេះ