Forbes ជាទស្សនាវដ្តីឈានមុខរបស់អាមេរិក បានបង្ហាញឈ្មោះលំដាប់មហាសេដ្ឋីថៃចំនួន៤០រូបប្រចាំឆ្នាំ២០១២ ។ លោក ថានីន ចៀរ៉ាវ៉ានុន និងក្រុមគ្រួសារមានឈ្មោះក្នុងលំដាប់ទី១ មានទ្រព្យសម្បត្តិសរុប៩.០០០ លានដុល្លារ ។ លំដាប់ទី២ គឺក្រុមគ្រួសារជីរ៉ាធីវ៉ាត់ ម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មដ៏ល្បីឈ្មោះរបស់ថៃ ដោយរំកិលពីលំដាប់ទី ៤កាលពីឆ្នាំមុន មានទ្រព្យសម្បត្តិ៦.៩០០លានដុល្លារ ។
ចំណែកលំដាប់ទី ៣ជារបស់លោក ចារើន ស៊ីរីវ៉ាត់ ផាកកាឌី ម្ចាស់ក្រុមហ៊ុនស្រាបៀរដំរី មានទ្រព្យសរុប៦.២០០លានដុល្លារ ។ លំដាប់ទី៤របស់ក្រុមគ្រួសារ យូវីតថាយ៉ា ម្ចាស់ភេសជ្ជៈប៉ូវកំលាំងគោជល់មានទ្រព្យសម្បត្តិ៥.៤០០លានដុល្លារ និងលំដាប់ទី ៥ ជារបស់លោក គ្រីត រ៉ាត់តា ណាក់រ៉ាក់ ប្រធានក្រុមហ៊ុនបាងកក ប្រុតខាស្ទីង អ៊ែនធីវី(BBTV)ឬក្រុមហ៊ុនទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ មានទ្រព្យចំនួន៣.១០០លានដុល្លារ។
ក្រៅពីនេះ លោកថងម៉ា វីជីតភុងផាន់ ម្ចាស់ក្រុមហ៊ុនប្រឹក្សារៀលអេស្តេតស្ថិតក្នុងលំដាប់ទី ១១ មានទ្រព្យសម្បត្តិ១.១០០លានដុល្លារ លោក ប៊ុនឆៃ បេនចារុងខាងគុល អតីតប្រធានទូរគមនាគមន៍ស្ថិតនៅលំដាប់ទី១៣ មានទ្រព្យសម្បត្តិសរុប៩៩០លានដុល្លារ ។ចំណែកលំដាប់ទី១៦ គឺលោកប្រាយុទ្ធ មហាគីតគីរីម្ចាស់ផលិតផល ណេសកាហ្វេ ប្រធានក្រុមហ៊ុន PM Groupsមានទ្រព្យ៩១៥លានដុល្លារ ។ ចំណែកលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃស្ថិតក្នុងលំដាប់ទី ២៣ មានទ្រព្យសម្បត្តិសរុប៦០០លានដុល្លារ ។ទស្សនា វដ្តីហ្វប់ បញ្ជាក់ថា លោកថាក់ស៊ីន ត្រូវបានផ្តួលអំណាច ក្នុងរដ្ឋប្រហារឆ្នាំ២០០៦ ហើយបច្ចុប្បន្នរស់នៅរដ្ឋឌូបៃ អេមីរ៉ាតអារ៉ាប់រួម ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទពុករលួយ ។
មុននេះមានការស្នើសេចក្តីព្រាងច្បាប់ផ្សះផ្សាជាតិដែលគេជឿថា បង្កើតឡើងដើម្បី ធ្វើឱ្យលោកថាក់ស៊ីនអាចធ្វើដំណើរចូលស្រុកបានដោយគ្មានទោសព្រមទាំងអាចបានទទួលប្រាក់ចំនួន២ពាន់លានដុល្លារ ដែលត្រូវរឹបអូសត្រឡប់វិញ ៕
ចែករំលែកព័តមាននេះ