ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា បណ្តាស្ត្រីដែលទទួលទានអាហារសំបូរដោយវីតាមីន Eច្រើនអំឡុងការមានផ្ទៃពោះអាចនឹងធ្វើឱ្យកូនពួកគេប្រឈមតិចតួចបំផុតនឹងជំងឺហឺតក្នុងវ័យកុមារភាព ។ ដើម្បីធ្វើឱ្យកាន់តែច្បាស់បន្ថែមទៀត ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ University of Aberdeenប្រទេសស្កុតលែននឹងបង្កើតការសិក្សាថ្មីមួយទៀតរកឱ្យឃើញ ថាតើអាហារដែលសំបូរដោយវីតាមីន Eពិតជាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺហឺតដូចការអះអាងខាងលើដែរឬយ៉ាងណា ។ ការសិក្សានេះនឹងត្រូវចំណាយពេល១២ខែដោយមានអ្នកចូលរួមពិសោធន៍សរុប ៥០នាក់ ។
សាស្ត្រាចារ្យ Graham Devereuxឯកទេសខាងជំងឺផ្លូវដង្ហើមបាននិយាយថា ៖«គោលដៅចុងក្រោយនៃការស្រាវជ្រាវនេះគឺកាត់បន្ថយប្រេវ៉ាឡង់នៃជំងឺហឺតឱ្យបានដល់កម្រិតមួយដែលអាចទទួលយកបាន មានប្រសិទ្ធភាពនិងប្រើអស់ថវិកាតិច »។
វាត្រូវបានគេគិតថា សម្លស៊ុបដែលសំបូរដោយវីតាមីន E អាចជួយកាត់បន្ថយប្រេវ៉ាឡង់ជំងឺហឺតក្នុងវ័យកុមារភាពបាន២០ភាគរយក្នុងរយៈពេល៥ឆ្នាំ ។ វីតាមីន Eបន្ថែមក្នុងសម្លស៊ុបបានមកពីប្រភពធម្មជាតិទាំងឡាយក្នុងនោះ រួមមាន ប៉េងប៉ោះក្រៀម ប្រេងផ្កាឈូករ័ត្ន ពពួកសណ្តែក សណ្តែក lentilsនិង គ្រាប់ស្រូវសាលី(wheatgerm)ជាដើម ។
សូមបញ្ជាក់ថា ការសិក្សាលើកមុនរបស់សាកលវិទ្យាល័យដដែលនេះ (University of Aberdeen) បានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលទទួលទានអាហារមានកម្រិតវីតាមីន E ទាបនឹងធ្វើឱ្យកូនរបស់គេកើតជំងឺហឺតក្នុងពេលពួកគេមានអាយុបាន៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ