រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ បងប្អូនអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីប្រមាណជាង២០០នាក់ ស្ថិតក្នុងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បាននាំគ្នាប្រមូលផ្តុំនៅលើទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីដាក់ញ្ញត្តិទៅក្រសួងយុត្តិធម៌ និងតុលាការរាជធានីភ្នំពេញ គាំទ្រពេញទំហឹងការចាប់ខ្លួនស្ត្រីឈ្មោះយ៉ោង បុប្ផា ដាក់ពន្ធនាគារពីបទប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើសមាជិករបស់ពួកគេ ។
ញ្ញត្តិរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលដាក់ទៅក្រសួងយុត្តិធម៌ និងតុលាការរាជធានីភ្នំពេញបានលើកឡើងថា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់តុលាការដែលបានចាប់ខ្លួនជនល្មើសប្រព្រឹត្តអំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងប្រមាថមើលងាយមកលើសមាជិកអ្នករត់ម៉ូតូឌុបដែលមានឈ្មោះវ៉ាត ថៃសេង ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះង៉ែត ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នៅមុខផ្ទះសំណាក់បុប្ផា ផ្ទះលេខ៥ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលជនរងគ្រោះរង់ចាំដឹកភ្ញៀវ ។ ស្រាប់តែឈ្មោះយ៉ោង បុប្ផា ភេទស្រី និងប្តីរួមទាំងប្អូនប្រុស២នាក់ទៀត គឺឈ្មោះយ៉ោង កន្លង់ និងឈ្មោះយ៉ោង សិដ្ឋ បានមកចោទប្រកាន់ជនរងគ្រោះទាំង២នាក់ថា លួចកញ្ចក់រថយន្តរបស់ខ្លួន ហើយជនល្មើសក៏ចាប់ជនរងគ្រោះវាយដំនិងយកទួរឺវិស និងពូថៅកាប់លើក្បាល បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ក្រោយមកលោកវ៉ាត សារ៉ាត ជាឪពុក និងឪពុកមារបស់ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ច ។ លុះមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកានាំខ្លួនជនល្មើស ហើយបញ្ជូនទៅគុកព្រៃស ។ នៅក្នុងញ្ញត្តិចែងទៀតថា ពាក់ព័ន្ធករណីខាងលើ ស្រាប់តែមានជនអគតិមួយក្រុមតូចដែលតែងតែបង្កភាពចលាចលធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គមបានមកផ្តុំគ្នានៅមុខតុលាការ និងទីស្តីការគណៈរដ្ឋមន្ត្រីទាមទារឱ្យដោះលែងជនល្មើសចេញពីគុកទាំងបំពានលើផ្លូវច្បាប់ និងបាននាំគ្នាបំភ្លើសការពិតបង្វែរសំណុំរឿងពីករណីអំពើហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោសទៅជាករណីទំនាស់ដីធ្លីនៅតំបន់បឹងកក់ទៅវិញ ។ នៅក្នុងញ្ញត្តិចែងទៀតថា ទង្វើបែបនេះ គឺវាអយុត្តិធម៌ខ្លាំងណាស់ចំពោះជនរងគ្រោះដែលជាសមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគមដែលរកស៊ីតូចតាច ។ ក្នុងញ្ញត្តិក៏បានលើកឡើងទៀតថា ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា សូមគាំទ្រចំពោះចំណាត់ការរបស់តុលាការរាជធានីភ្នំពេញ ដែលចាប់ខ្លួនជនល្មើសឈ្មោះនាងយ៉ោង បុប្ផា និងបក្សពួកទៅតាមនីតិវិធីច្បាប់ ដើម្បីផ្តល់យុត្តិធម៌មកដល់សមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ។ ហើយសមាជិកអ្នករកស៊ីក្រៅប្រព័ន្ធទាំងអស់សូមថ្កោលទោសដោយមិនអាចលើកលែងឱ្យបាន ដល់ជនល្មើសបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបែរជាបង្វែរទៅជាករណីរឿងទំនាស់ដីធ្លីទៅវិញ ។ សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសំណូមពរដល់តុលាការ ៖
១- សំណើសុំទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលដល់ជនរងគ្រោះទៅតាមការទាមទារក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
២- បន្តការឃុំខ្លួន និងផ្តន្ទាទោសជនប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ។
ក្រោយពីជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យរួចមក សមាជិកនៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បាននាំគ្នាជិះម៉ូតូឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ និងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ញ្ញត្តិ ។ បន្ទាប់ពីដាក់ញ្ញត្តិរួចបងប្អូនទាំងនោះក៏បាននាំគ្នារំសាយនៅព្រឹកថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ