ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​តវ៉ា​ប្រឆាំង​ប៉េអឹម​ស្រុក​អង្គ​ស្នួល​ចាក់ដី​លុប​ស្រះ​ទឹក​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ អ្នក​ស្រុក​​​ចំនួន​១៥០​គ្រួសារ​​បាន​នាំគ្នាសម្តែងនូវការភ្ញាក់ផ្អើល និង​លើក​​​គ្នា​តវ៉ា​​​ប្រឆាំង​​​​ដាច់​ខាត​​​​ដោយ​មាន​​​​លើក​បដា​ផង​ បន្ទាប់​​ពី​បានឃើញ​ប៉េអឹម​ស្រុក​អង្គ​ស្នួល​ដាក់​​​​កម្លាំង​ ​និង​មាន​ទាំងរថយន្តស៊ីរ៉ែនផង​ទៅ​កាន់​ស្រះ​ទឹក​រួម​ភូមិរបស់ពួកគាត់​​ ដោយ​​បាន​យក​រថ​យន្តដឹកដី​​បម្រុង​ចាក់​លុបស្រះ​នោះ ​ធ្វើ​ឱ្យ​ពួក​​គាត់​​​​ប្រមូល​ផ្តុំ​គ្នាធ្វើការតវ៉ាភ្លាមៗ​​ ។ មិនតែ​ប៉ុណ្ណោះ ពួក​គាត់​បាន​ធ្វើការរារាំង​មិនឲ្យរថ​យន្ត​នោះ​ចាក់​ដី​លុប​ជា​ដាច់​​​ខាត​ទៀត​​​ផង​ ។​

ខេត្ត​កណ្តាល​ ៖ អ្នក​ស្រុក​​​ចំនួន​១៥០​គ្រួសារ​​បាន​នាំគ្នាសម្តែងនូវការភ្ញាក់ផ្អើល និង​លើក​​​គ្នា​តវ៉ា​​​ប្រឆាំង​​​​ដាច់​ខាត​​​​ដោយ​មាន​​​​លើក​បដា​ផង​ បន្ទាប់​​ពី​បានឃើញ​ប៉េអឹម​ស្រុក​អង្គ​ស្នួល​ដាក់​​​​កម្លាំង​ ​និង​មាន​ទាំងរថយន្តស៊ីរ៉ែនផង​ទៅ​កាន់​ស្រះ​ទឹក​រួម​ភូមិរបស់ពួកគាត់​​ ដោយ​​បាន​យក​រថ​យន្តដឹកដី​​បម្រុង​ចាក់​លុបស្រះ​នោះ ​ធ្វើ​ឱ្យ​ពួក​​គាត់​​​​ប្រមូល​ផ្តុំ​គ្នាធ្វើការតវ៉ាភ្លាមៗ​​ ។ មិនតែ​ប៉ុណ្ណោះ ពួក​គាត់​បាន​ធ្វើការរារាំង​មិនឲ្យរថ​យន្ត​នោះ​ចាក់​ដី​លុប​ជា​ដាច់​​​ខាត​ទៀត​​​ផង​ ។​

ហេតុ​ការណ៍​នោះ​បានកើតឡើង​កាលពី​វេលា​ម៉ោង៨ព្រឹកថ្ងៃទី១០ កញ្ញា ដែល​ស្រះទឹក​នេះ​មានទីតាំងស្ថិតនៅចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ៤០ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ភូមិ​អង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួល ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ស្រះទឹក​ខាង​លើ​នោះ​មាន​ទំហំជិត១ហិក​តា ជាស្រះរួមក្រុម​សាម​គ្គីរបស់ប្រជាពលរដ្ឋភូមិ​អង្គស្នួលទី៣ទាំង​មូល​ ដែលបានប្រើ​ប្រាស់​ទឹក​ក្នុង​ស្រះនោះជាប់ជា​ប្រចាំ​ខួប​ប្រាំង​​ខួប​វស្សា​ ។ មិនតែប៉ុណ្ណោះ​ក៏​មាន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន៩ទៀត ដែល​ស្ថិត​នៅ​ជុំវិញនោះមានចំនួនរាប់​រយ​គ្រួសារ​ក៏​បាន​ប្រើ​ប្រាស់​​ទឹក​នោះ​ដែរ ។ ពេលនេះ ស្រាប់​តែ​​​មាន​​ការ​ប៉ុន​ប៉ង​​លុប​​ស្រះ​ទឹក​បានធ្វើឲ្យ​ពួក​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់ពីបានឃើញ​មាន​កម្លាំង​ប៉េអឹម​រាប់​សិប​នាក់ ព្រមទាំង​មាន​រថ​យន្ត​ស៊ីរ៉ែន​ផង ត្រូវ​បានបញ្ជូនទៅដាក់ឱ្យ​ឈរ​ជើង​​នៅចំណុច​ស្រះ​ទឹកនោះ និងបានដក​រើ​ទុយោ​បូមទឹករបស់​ពួក​គាត់ចេញយ៉ាង​​បំពាន​ ។ លុះ​បន្តិចក្រោយមក​ ក៏មានរថយន្ត​ដឹក​ដីធុន​ធំៗ​ដឹកដីយក​ទៅ​បម្រុង​ចាក់​លុប​ស្រះ​នោះ​ទៀត ​។ ​គាត់​និយា​យ​​​​ថា នៅពេលឃើញបែបនេះ​ពួកគាត់​មាន​ការសង្ស័យ​បាន​នាំគ្នាសួរនាំក៏​​ត្រូវបាន​ប៉េអឹម​​ប្រាប់ថា ចាក់ដីលុបស្រះទឹកនោះ​ដើម្បី​សាង​សង់​បន្ទាយ ។ បន្ទាប់ពីបានដឹងថា ប៉េអឹម​ប្រុង​​ចាក់​ដី​លុប​ស្រះទឹកដែលពួកគាត់​កំពុង​ប្រើ​ប្រាស់​បែប​នេះ ពួកគាត់មានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក៏​បាន​​លើក​​​គ្នា​​ភ្លាមៗ​ឃាត់មិនឲ្យ​ចាក់ជា​បណ្តោះ​អាសន្ន ដែលជា​ហេតុ​ធ្វើឲ្យមានការ​ជជែក​តឹង​សរសៃក​ដាក់​គ្នា​មួយ​​ប្រាវ​រវាងពួកគាត់ និង​កម្លាំង​ប៉េអឹមស្រុក​អង្គ​ស្នួល ឯលោក​អភិ​បាល​ស្រុក​ក៏​បានចុះទៅ​កាន់​ទីនោះ​ដែរ ។ ​ដោយ​សារ​តែមាន​ការភ្ញាក់​ផ្អើល​កាន់តែខ្លាំងឡើងៗ ប៉េអឹមបានដកថយទៅវិញ​តាម​ក្បួន​យុទ្ធ​​សាស្ត្រ​​ ឯរថយន្តដែល​ដ​ឹក​​​ដីយក​ទៅ​បម្រុង​ចាក់​លុបស្រះ​នោះ គឺជា​របស់​លោក​ ឃឹម ឃុន មេបញ្ជាការ​រងប៉េអឹម​ស្រុក​អង្គស្នួលនោះតែម្តង ហើយ​បន្ទាប់​ពីពួកគាត់​រារាំង រថយន្ត​នោះ​ក៏​មិន​ហ៊ាន​​ដែរ បាន​​បើកចេញទៅបាត់ស្រមោល ។

ប្រជាពលរដ្ឋបានបន្តថា ស្រះទឹកមួយ​នេះ​អាច​ចាត់ទុកថា ជាស្រះបុរាណ​ក៏បានដែរ ព្រោះ​ជីក​តាំងពីឆ្នាំ១៨៦៣ មកម៉្លេះ គឺជីក​នៅក្នុង​សម័យ​អាណានិគម​និយម​បារាំង​សេស មកទល់​នឹង​​ពេល​នេះ​វាមានអាយុកាល១៤៩ឆ្នាំមកហើយ​។ ​ជាង​នេះ​ទៅទៀត ស្រះ​​នេះ​វាមានអត្ថ​ប្រយោជន៍​​សម្រាប់​ពួកគាត់ និងប្រជាពល​រដ្ឋនៅ​ក្នុង​ភូមិ​ចំនួន​៩ទៀតខ្លាំងណាស់ ក្នុងការ​ប្រើ​ប្រាស់​​ទាំង​ផឹក និងងូតផ្សេងៗ ព្រោះមានតែស្រះ​មួយ​នេះ​ប៉ុណ្ណោះ ដែលអាចប្រើបាន ។ ពេលនេះ ស្រះ​ទឹក​​នេះ​​បាន​រាក់បន្តិច​ហើយ ​ពួក​គាត់​មាន​គម្រោង​សហការ​គ្នារៃអង្គាសប្រាក់​ ដើម្បីស្តារ​ឲ្យជ្រៅ​ជាង​នេះ​បន្តិច ព្រមទាំងចាក់​ខឿន​ជុំវិញ​ស្រះ និង​ធ្វើជា​ជណ្តើរសម្រាប់ឡើង​ចុះដង​ទឹក​ទៀតផង ប៉ុន្តែពុំទាន់បានធ្វើផង ស្រាប់តែ​ប៉េអឹម​​ដឹក​ដីមកបម្រុង​ចាក់លុបបែបនេះ​ទៅវិញ ដែល​ពួក​គាត់មិនបានដឹងសូម្បីបន្តិចឡើយ ។

ប្រភពដដែលបានបន្តថា ម្យ៉ាងទៀតមុន​នឹង​មាន​ការប៉ុនប៉ងចាក់​ដីលុបនោះ​មិន​មាន​ការ​ប្រជុំ​ឲ្យ​ពួកគាត់ដឹងមុននោះឡើយ ប្រសិនបើបាន​ដឹង​មុនក៏ពួកគាត់មិនព្រមដែរ ។ ពេលនេះពួក​គាត់​សំណូម​ពរដល់អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ជួយ​មើលផង ហើយពួកគាត់​ក៏​មានការសង្ស័យថា មាន​ជនណាម្នាក់នៅពីក្រោយ​ខ្នង​ចង់​លេប​ត្របាក់​យកដីស្រះទឹកនេះ ដើម្បីដោះដូរជាមួយ​ប៉េអឹម​នៅពេលខាងក្រោយណា​មួយ​ដើម្បី​ផល​ប្រយោជន៍ផ្ទាល់ខ្លួន ។ គាត់​និយាយ​ថា សព្វ​ថ្ងៃ​នេះ​ប៉េអឹម​​មាន​បន្ទាយមួយ​កន្លែង​​ស្ថិតនៅ​ក្នុង​សាលា​ស្រុក​រួច​ទៅហើយ តើ​មានហេតុផលអ្វី​ត្រូវមក​យក​ដី​ស្រះទឹករបស់ពួកគាត់បែបនេះ​សម្រាប់​សង់បន្ទាយទៀត ​បើ​មិន​​​បាន​ជួយ​​ស្តារ​ទេ​​ សូម​កុំ​​​មក​ចាក់​​​លុប​​ឱ្យ​សោះ ។         

ទាក់ទិនទៅនឹងហេតុការណ៍​នោះកោះ​សន្តិ​ភាព​បានព្យាយាមសាកសួរ​ទៅលោក ស៊ូ វណ្ណ​ធឿន មេបញ្ជាការ​រងប៉េអឹម​ស្រុក​អង្គ​ស្នួល​តាម​រយៈទូរស័ព្ទកាល​ពីវេលា​ម៉ោង​ជាង១១ព្រឹកថ្ងៃដដែលនោះ ហើយលោកបាន​លើកទូរ​ស័ព្ទ​ដែរ​ ដោយលោកបានប្រាប់​ថា ជាប់ប្រជុំហើយ​ក៏​បាន​​បិទ​ទូរស័ព្ទទៅវិញ ។ លុះដល់ម៉ោង១​និង​៥៤​នាទី​រសៀល​​ទូរស័ព្ទទៅម្តងទៀតមិន​អាច​ទាក់​ទងបានដោយមិនដឹងថា លោកបិទទូរ​ស័ព្ទ ឬក៏​អស់ថ្មនោះឡើយ ។

ទោះបីជាបែបណាប្រជាពលរដ្ឋនិយាយថា ពួកគាត់ឮប៉េអឹមប្រាប់ថា ​​រដ្ឋា​ភិ​បាលបានតម្រូវ​​​ឲ្យប៉េអឹមស្រុក​រកទីតាំង​សម្រាប់​សាង​សង់​បន្ទាយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​  ដោយ​សារ​សព្វ​ថ្ងៃប៉េអឹម​ស្រុកមានបន្ទាយ​នៅឆ្ងាយ​ពីផ្លូវ​ទើប​រាយការណ៍​ជូនទៅលោក​មេបញ្ជា​ការ​ប៉េអឹម​ខេត្តកណ្តាល​ឲ្យជួយ ​ហើយ​លោក​មេបញ្ជាការប៉េអឹមខេត្ត ក៏បាន​ស្នើ​ទៅ​លោក​អភិ​បាលខេត្តកណ្តាល​បានឯកភាព​ឲ្យ​លុប​ស្រះ​ទឹក​នេះ​ដើម្បីសាងសង់បន្ទាយ ​​ទើប​ពេល​​​នេះ​ហ៊ាន​​ចាក់​​ដីលុប​​​​​ ។ ​

ការ​ស្វែង​រក​​​មន្ត្រី​​​​ស្រុក​​​​ ដែល​​អាច​បំភ្លឺ​​​​ព័ត៌​មាន​​​​នេះ​ ជា​ការ​​​​លំបាក​​​បំផុត​​​ ហេតុ​នេះ​​​ហើយ​​​ទើប​​​​​ទទួលបាន​​​​​តែ​​ខាង​ប្រជា​ពល​រដ្ឋ​​​​​ ។ ចំណែក​អាជ្ញា​​ធរ​​​​ និង​​​​ទី​បញ្ជា​ការ​​ប៉េ​អឹម​​​​ស្រុក​​ ​​​មិន​អាច​​រក​កា​​រ​​ឆ្លើយ​​​បំភ្លឺ​​បែបណា​​​មួយ​បានឡើយ​ ៕