រាជធានីភ្នំពេញ ៖ កន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ក្រុមជនជាតិឥណ្ឌូណេស៊ី២កន្លែងសុទ្ធតែភូមិគ្រឹះធំៗ ដែលមួយកន្លែងស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៣០៤ ភូមិ២ សង្កាត់បឹងកេងកងទី២ និងមួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ៣៧ កែងផ្លូវលេខ៣០៦ និងផ្លូវលេខ៥៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន សរុបស្រីប្រុសចំនួន១១៤នាក់ បានត្រូវនគរបាលនៃស្នងការដ្ឋានរាជធានីសហការជាមួយនគរបាលខណ្ឌចំការមន ដឹកនាំដោយលោកហ៊ី ព្រូ ស្នងការរង ទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ និងលោកអ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមន ចុះឆែកឆេរ ដើម្បីសួរនាំរកលិខិតឆ្លងដែន និងប្រមូលដឹកចេញចំនួន២រថយន្តទេសចរណ៍ធំៗឆ្ពោះទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ ។
លោកហ៊ី ព្រូ ស្នងការរងនគរបាលរាជធានី ភ្នំពេញ មានប្រសាសន៍ថា ការចុះឆែកឆេរលំនៅឋានជនបរទេសជួលស្នាក់នៅទាំង២កន្លែងខាងលើ គឺអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ហើយធ្វើការត្រួតពិនិត្យ និងនាំខ្លួនជនជាតិឥណ្ឌូណេស៊ីទាំង១១៤នាក់នេះទៅកាន់នាយកដ្ឋានគ្រប់គ្រងជនបរទេសក្រសួងមហាផ្ទៃ ដើម្បីសួរនាំបន្ត ហើយប្រតិបត្តិការនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីតុលាការផងដែរ ។
នៅពេលចុះឆែកឆេរភូមិគ្រឹះធំៗទាំង២កន្លែងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញនៅក្នុងភូមិគ្រឹះលេខ៣៧ មានកុំព្យូទ័រអីុនធើរណេតចំនួន១៥០គ្រឿង ប៉ុន្តែមិនបានធ្វើការដកហូតទេ ។ ប្រភពព័ត៌មានក្រៅផ្លូវការនិយាយថា ការចុះប្រមូលជនជាតិឥណ្ឌូណេស៊ីទាំង២កន្លែងខាងលើនេះ គឺសមត្ថកិច្ចមានរឿងអាថ៌កំបាំងដែលមិនអាចទម្លាយជាសាធារណៈបាន ។ ជនជាតិបរទេសទាំង២ក្រុមខាងលើនេះ គឺជាបុគ្គលិកក្រុមហ៊ុនតែមួយដែលពួកគេមករកស៊ីនៅស្រុកខ្មែរ គ្រាន់តែចែកកន្លែងគ្នាស្នាក់នៅពេលយប់ប៉ុណ្ណោះ ។ ក្នុងចំណោមពួកគេទាំងអស់ខាងលើនេះ មានអ្នកខ្លះមានប្រាក់ខែរហូតដល់ទៅជាង២.០០០ដុល្លារក៏មានដែរ ។
មិនមានព័ត៌មានលម្អិតបញ្ជាក់ថា ពួកគេទាំងនោះជាបុគ្គលិកក្រុមហ៊ុនឈ្មោះអ្វីឡើយ ។ ជាងនេះទៅទៀត នៅមុខលំនៅឋានរបស់ពួកគេក៏គ្មានលើកស្លាកសញ្ញាជាក្រុមហ៊ុនដែរ ។ ប្រភពព័ត៌មានមួយនិយាយថា ការមកស្នាក់នៅស្រុកខ្មែររបស់ជនជាតិឥណ្ឌូណេស៊ីខាងលើនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែទើបតែមានមនុស្សកើនឡើងកាលពីប៉ុន្មានខែថ្មីៗនេះតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ