រាជធានីភ្នំពេញ ៖ យុវជន២ក្រុម ខណៈចេញពីក្លិបឌីស្កូវើលដាន់ បានវាយតប់គ្នារត់ប្រសាចពេញផ្លូវ បណ្តាលឱ្យរងរបួសម្នាក់ និងបន្សល់ទុកម៉ូតូសេ១២៥មួយគ្រឿងនៅកណ្តាលផ្លូវ ដោយត្រូវគេវាយខូចខាតផ្នែកខាងមុខ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ កញ្ញា នៅខាងមុខក្លិបវើលដាន់ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីភាគីខាងជនរងគ្រោះដែលទៅដេរមុខរបួសនៅមន្ទីរពេទ្យព្រះកុសុមៈបាននិយាយទាំងលាក់លៀមថា ពួកគេមានគ្នា៧ទៅ៨នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាកស្មាស១គ្រឿ់ង និងសេ១២៥មួយគ្រឿង បាននាំគ្នាទៅរាំកម្សាន្តនៅក្លិបវើលដាន់ រហូតដល់ម៉ោងជាង១រំលងអធ្រាត្រ ទើបចេញពីក្លិបក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។ ខណៈនោះ ស្រាប់តែមានយុវជនមួយក្រុមទៀតមានគ្នាប្រមាណ១០នាក់បានធ្វើសកម្មភាពវាយតប់មកលើពួកគេ ដែលកំពុងបណ្តើរម៉ូតូចេញពីកន្លែងផ្ញើម៉ូតូបាន១គ្រឿង នៅសល់១គ្រឿងទៀតមិនទាន់បានបណ្តើរចេញផង បណ្តាលឱ្យរងរបួសម្នាក់ និងខូចខាតម៉ូតូសេ១២៥មួយគ្រឿង ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះគេបានរត់គេចខ្លួនចោលម៉ូតូសេ១២៥មួយគ្រឿងនៅកណ្តាលផ្លូវ ធ្វើឱ្យជនដៃដល់មួយក្រុមទៀតនោះនាំគ្នាវាយម៉ូតូបែកកុងទ័រ និងក្បាំងមុខខូចខ្ទេច ទើបនាំគ្នារត់គេចអស់ ពេលប៉ូលិសទៅដល់កន្លែងកើតហេតុ ។ ជនរងគ្រោះ ត្រូវមិត្តភក្តិដឹកទៅដេរមុខរបួសនៅមន្ទីរពេទ្យព្រះកុសុមៈរួចនាំគ្នាចេញត្រឡប់ទៅផ្ទះវិញអស់ ។
ចំពោះការវាយតប់គ្នានេះមិនដឹងថា យុវជនទាំង២ក្រុមមានទំនាស់អី្វពេលផឹកស៊ីរាំលេងនៅក្នុងក្លិបទេ ទើបពេលចេញត្រឡប់ទៅផ្ទះវិញបង្កជាទំនាស់វាយតប់គ្នាយ៉ាងអនាធិបតេយ្យបែបនេះ ។ ម៉ូតូដែលទុកចោលកណ្តាលផ្លូវ ត្រូវបានប៉ូលិសយកទៅរក្សាទុកនៅប៉ុស្តិ៍ទឹកល្អក់ទី៣ ៕
ចែករំលែកព័តមាននេះ