ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី៧ កញ្ញា កន្លងមក នៅភូមិច័ន្ទ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ មានការប្រជុំមួយដែលធ្វើឡើងដោយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការគាំទ្រដោយអង្គការស្រឡាញ់កម្ពុជា ស្តីពីការត្រៀមលក្ខណៈបង្ការទុកជាមុនសម្រាប់សត្វចិញ្ចឹមក្នុងរដូវទឹកជំនន់មកដល់ ដែលមានកសិករចូលរួមចំនួន២៤នាក់ ក្នុងនោះស្រី១១នាក់ រួមទាំងមន្ត្រីជំនាញចំនួន២នាក់ និងបុគ្គលិកអង្គការចំនួន៦នាក់ ។
លោកវ៉ា វិសិដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតំណាងឱ្យលោកជុំ ច័ន្ទតារា អនុប្រធានក្តាប់រួមការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកតែងមានផលប៉ះពាល់ដល់សុខភាព សុវត្ថិភាពសត្វជ្រូក គោ ក្របី មាន់ទា របស់ប្រជាកសិករក្នុងរដូវទឹកជំនន់ម្តងៗ ដែលចំណុចនេះ យើងគប្បីត្រៀមលក្ខណៈបង្ការទុកជាមុននូវចំណេះដឹង និងចំណេះធ្វើមួយចំនួនដូចជា ៖
១- ការប្រមូលផ្តុំ ការកែច្នៃ ការទុកដាក់វេចខ្ចប់នូវដំណាំចំណីចត្វ និងចំណីសត្វ
២- ផ្តល់ថ្នាំការពារជំងឺឆ្លងរាតត្បាតដល់សត្វ និងផ្តល់ថ្នាំទម្លាក់ព្រូន និងសត្វល្អិត
៣- ទីទួលសុវត្ថិភាពសម្រាប់សត្វ
៤- បច្ចេកទេសធ្វើជម្រកសត្វសមស្រប
៥- ការជម្លៀសសត្វ និងដំណាំចំណីសត្វ
៦- ការថែទាំ ការធ្វើអនាម័យ និងការធ្វើជីវសុវត្ថិភាពដល់សត្វ និងនៅលើទីទួលសុវត្ថិភាព
៧- សារប្រយោជន៍ព័ត៌មាន និងការទំនាក់ទំនងជាមួយភ្នាក់ងារបម្រើសុខភាពសត្វ
បណ្តាចំណុចខាងលើនេះ គឺមានន័យថា យើងកំពុងឈានជើងឆ្ពោះទៅបង្កើត និងបង្កើនសុវត្ថិភាព ព្រមទាំងសុខភាពសត្វរបស់ខ្លួន ក្នុងរដូវទឹកជំនន់មកដល់ខាងមុខឆាប់ៗនេះ ។ លោកបានស្នើសុំឱ្យកសិករត្រូវយកចំណេះដឹងដែលទទួលបាននាពេលនេះទៅជាការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ក្នុងឱកាសនេះដែរ លោកវា៉ វិសិដ្ឋ បានលើកឡើងថា ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានប្រជុំចាប់ពីពាក់កណ្តាលខែសីហាមកទល់ថ្ងៃនេះមានចំនួន២លើករួចមកហើយ ដែលបានសហការចូលរួមពីអង្គការស្រឡាញ់កម្ពុជា ហើយនេះជាលើកទី៣សម្រាប់ខេត្តព្រៃវែង ដែលលើកទី១ ធ្វើនៅក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មពោធិ៍លាស់សែនជ័យ នាភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្តេច លើកទី២ និងទី៣ នៅភូមិព្រៃខ្លា ភូមិច័ន្ទ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ សរុបអ្នកចូលរួមមាន៦០នាក់ ក្នុងនោះស្រី២០នាក់ ។
លោកវ៉ា វិសិដ្ឋ ក៏បានផ្តាំផ្ញើទៅដល់អង្គពិធីទាំងមូល ជាពិសេសបណ្តាអ្នកម្ចាស់សត្វទាំងឡាយ សូមចាប់អារម្មណ៍ពីការប្រមូលផ្តុំ និងកែច្នៃនូវដំណាំចំណីសត្វដែលមានស្រាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងជម្រកសត្វទុកត្រៀមបង្ការក្នុងរដូវទឹកជំនន់មកដល់ ៕
ចែករំលែកព័តមាននេះ