ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ថវិកានាំ​ឱ្យ​គុណភាពខ្សែភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​នៅតែមាន​កម្រិត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ក្រុម​អ្នក​ជំនាញខាង​ខ្សែ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ កង្វះ​ថវិកាជាបញ្ហា​​ចំបង​មួយ​យ៉ាង​សំខាន់​ដែល​នាំ​ឱ្យគុណភាព​​ខ្សែ​ភាព​យន្ត​​ខ្មែរនាពេល​បច្ចុប្បន្ន​នៅ​មាន​កម្រិត​​និង​រង​ការ​ទិះតៀន​ច្រើន។លោក​មុត​ ថារី អ្នកដឹកនាំ​រឿង​ដែល​ពោរ​ពេញដោយ​បទ​ពិសោធន៍​បាន​អះ​អាង​​កាល​ពី​ពេល​ថ្មី​ៗនេះ​ថា​ លោក​ទទួលស្គាល់​ថា​ខ្សែ​ភាព​យន្ត​ខ្មែរ​បច្ចុប្បន្ន​ពិត​ជា​នៅមាន​កម្រិត​

រាជធានីភ្នំពេញ​ ៖ក្រុម​អ្នក​ជំនាញខាង​ខ្សែ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ កង្វះ​ថវិកាជាបញ្ហា​​ចំបង​មួយ​យ៉ាង​សំខាន់​ដែល​នាំ​ឱ្យគុណភាព​​ខ្សែ​ភាព​យន្ត​​ខ្មែរនាពេល​បច្ចុប្បន្ន​នៅ​មាន​កម្រិត​​និង​រង​ការ​ទិះតៀន​ច្រើន។លោក​មុត​ ថារី អ្នកដឹកនាំ​រឿង​ដែល​ពោរ​ពេញដោយ​បទ​ពិសោធន៍​បាន​អះ​អាង​​កាល​ពី​ពេល​ថ្មី​ៗនេះ​ថា​ លោក​ទទួលស្គាល់​ថា​ខ្សែ​ភាព​យន្ត​ខ្មែរ​បច្ចុប្បន្ន​ពិត​ជា​នៅមាន​កម្រិត​មែ​ន បើ​ប្រៀប​ធៀប​ទៅនឹង​​ប្រទេស​ជិត​ខាង ប៉ុន្តែ​មិន​មែន​មកពី​អ្នក​ដឹកនាំ​រឿង​ឡើយ​ ពោល​បញ្ហា​ដែល​សំខាន់​នោះ​គឺកង្វះ​ថវិកា​ដែល​ជា​បញ្ហរធំ​បំផុត​​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​មួយមាន​គុណភាព ។

ទោះ​ជាយ៉ាង​ណា​ក្តីអ្នក​ដឹកនាំរឿងរូប​នេះ​អះ​អាង​ថា​ ការ​ផលិត​ខ្សែភាព​យន្ត​​ខ្មែរ​បច្ចុប្បន្ន​បើ​ទោះ​បី​ជា​មិន​ទាន់​បាន​ល្អមួ​យ​រយ​ភាគរយ​ក៏ដោយ​ តែយើង​គួរ​តែ​សរសើរ​ដល់​អ្នក​ផលិត​ ព្រោះ​បើ​យោង​តាម​ទឹក​លុយ​ដែល​មាន​គឺ​វា​មិន​​សម​ទៅ​នឹង​ការ​ផលិត​រឿង​មួយឡើយ ។​លោកថាវីបញ្ជាក់​ថា​«ថវិកា​ដែល​មិន​គ្រប់​គ្រាន់​នេះ​បើ​និយាយ​ពី​អ្នក​ផលិត​​ជា​ជន​ជាតិ​បរទេស​នោះ​គឺ​គេ​មិន​ធ្វើ​ឡើយ តែ​សម្រាប់​យើង​គឺ​នៅ​តែ​ពុះពារ​ផលិត​ឱ្យ​បាន​ចេញជា​រូបរាង ​ទោះ​បីជា​វា​មើ​ល​ទៅមិនសូវ​គ្រប់​ជ្រុង​ជ្រោយ​ក៏ដោយ ។

ប្រសិនបើ​មានលុយ​គ្រប់គ្រាន់​នោះអ្នក​ផលិតភាព​យន្ត​របស់​ខ្មែរ​យើ​ងគឺមិន​ចាញ់​បរទេស​ឡើយ​ ហើយ​កុំនិយាយថា បរទេស​គេ​អាច​ផលិត​ល្អលើស​យើង​នោះ​ ។​យើង​អាច​មាន​តួ​សម្តែង​ល្អ​ មាន​ម៉ាស៊ីន​ថត​ទំនើប ហើយយើង​ក៏​មាន​​គំនិត​ដូចគេ​ដែរ​​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​នៅ​ខ្វះ​លុយ» ។លោក​មុត​ ថារី​ លើកឡើង​ថា​ កុន​ដែល​លោក​ផលិត​បច្ចុប្បន្ន​នេះ​គឺ​មិនបា​ន​ប្រៀប​ធៀប​កុន​នៅ​ក្នុង​ស្រុកឡើយ ​តែអ្វីដែលលោក​ត្រូវគិត​នោះ​គឺស្វែង​រក​ភាព​រីកចំរើន​ពី​កុន​បរទេស។ បើ​ទោះ​បីជា​លោក​នៅមាន​ការ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ផលិត​ក៏ដោយ ​លោកនៅ​តែព្យាយាម​ធ្វើ​យ៉ា​ង​ណា​រៀប​ចំវេយ្យាករណ៍នៃ​ការ​សម្តែង​កុន​និង​ស្ទូ​ឌី​យោឱ្យមានលក្ខណៈមិន​ចាញ់​​កុន​បរទេស​ឡើយ។

ទាក់​ទងនឹង​តួសម្តែង​វិញអ្នក​ដឹកនាំ​រឿងរូប នេះ​​បញ្ជាក់​ថា​ កន្លងមក​លោក​ធ្លាប់​លឺការ​រិះគន់​ពី​ទស្សនិកជ​ន​ថា តួសម្តែង​ពេល​សម្តែង​ត្រូវ​មាន​ការ​ជួយបោះពាក្យ​សន្ទនា​ពី​ក្រោយ​ ជា​ហេតុ​ធ្វើ​ឱ្យ​កុន​ខ្មែរ​មិន​សូវ​ជា​ល្អ​មើល​ ។ការ​ទិះ​តៀននេះ​ជាសិទ្ធិរបស់​ទស្សនិកជន ប៉ុន្តែ​ត្រូវ​យល់​ថា​ យើង​ក៏​អា​ចផលិត​កុន​ដោយ​មិន​ចាំបាច់​បោះ​ពាក្យ​សន្ទនាបាន​ដែរ ព្រោះ​បច្ចុប្បន្ន​លោកកំពុង​តែអនុវត្តការ​ផលិត​កុនបែបនេះ​ តែ​អ្វី​ដែលជា​ការ​សំខាន់​នោះគឺ​ការ​រៀប​ប្លង់។

អ្នក​ដឹកនាំ​រឿង​ជើង​ចាស់​រូបនេះ បាន​អំពាវ​នាវដល់​ក្រសួង​វប្បធម៌ឱ្យ​យកចិត្ត​ទុកដាក់​ និង​​ជួយជម្រុញនិងលើក​ទឹក​ចិត្ត​ដល់​ក្រុម​ផលិត​ករ​នា​ពេល​បច្ចុប្បន្ននេះ​ផង​ ព្រោះ​ក្រសួងប្រៀប​បាន​នឹង​អាណា​ព្យា​បាល​ដែលត្រូវ​គិត​គូរ​នៅ​ក្នុង​រឿង​នេះ​ ។ការ​មាន​គំនិតក្នុង​ការ​បង្កើត​សាលា​កុន​នោះវា​មិន​សូវ​ជា​ចាំ​បាច់​ឡើយ ព្រោះ​តាមបទ​ពិសោធន៍ពី​អ្នក​ដឹកនាំរឿង​ជើង​ចាស់​កន្លង​មក​គឺ​មិន​ចាំបាច់​ចូលសាលា​កុនឡើយ​ តែ​ពួកគាត់​នៅ តែ​អាចផលិត​កុន​បាន​ល្អ​ ព្រោះ​ពួកគាត់មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ ហើយ​ការ​សិក្ស​ាពីផ្នែក​ផលិត​កុន​នេះ​គឺ​វា​ស្ថិត​នៅ​នឹង​ភ្នែក​របស់យើង​ផ្ទាល់​ ប្រសិន​បើ​អ្នក​ដឹកនាំ​រឿងផលិត​កុនមួយ​ខុស​ គឺត្រូ​វសិក្សា​ពី​ចំណុ​ច​​​ខុស​នោះ  មិនត្រូវ​ទុកឱ្យ​វា​ខុស​ហើយ​ខុស​ទៀត​ទេ។

អ្នក​និយម​ទស្សនាខ្សែ​ភាព​យន្ត​​ជា​ច្រើន​មិន​យល់​ស្រប​តាម​គំនិត​របស់​លោក​មុត​ ថារី ទេ​គឺ​យល់​ថា​បើ​កម្ពុជា​មាន​សាលា​ភាព​យន្ត​ជា​រឿង​ប្រសើរ​ អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​អ្នក​ផលិត​និង​អ្នក​សម្តែង​ភាព​យន្ត​មាន​ជំនាញ​ច្បាស់​លាស់​ ធ្វើ​ឱ្យ​ខ្សែ​ភាពយន្ត​ដែល​ផលិត​ចេញ​មាន​គុណ​ភាព​ល្អ​​ទៅ​តាម​ក្បួន​ខ្នាត និង​បច្ចេកទេស​ត្រឹម​ត្រូវ ។ដោយ​ឡែក​អតីតតារាភាពយន្ត​ដ៏ល្បីល្បាញ​អ្នកស្រី ឌី សាវ៉េត អះអាង​ថា​ អ្នកស្រី ទទួល​ស្គាល់​ថា​ ខ្សែភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​ពិតជា​នៅ មាន​កម្រិត​ដោយ​សារ​បញ្ហា​ខ្វះ​ថវិកាទើប​មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​ភាពយន្ត​បរទេស​។ការ​ផលិត​ខ្សែ​ភាពយន្ត​មួួយរឿង​ចាំ​បាច់​ត្រូវ​មាន​ការ​ចំណាយ​ច្រើន​ទៅ​តាម​ប្រភេទ​នៃ​រឿង​ដូចជា​ខ្សែ​ភាពយន្ត​បុរាណ​ត្រូវ​ចំណាយ​ទុនច្រើន​​ជាង​ខ្សែភាពយន្តបែប​សម័យ​ ។

​អ្នកស្រីឌី សាវ៉េតបាន​កោត​សរសើរ​ដល់​អ្នក​ផលិតកុន​នាពេល​បច្ចុប្បន្ន​ដែល​មាន​ឆន្ទៈក្នុង​ការ​ផលិត​ឱ្យ​មាន​ការ​រស់់​ជានិច្ចបើ​ទោះបីជាត្រូវ​ប្រឈម​ជាមួយបច្ចេកវិទ្យា​ថ្មីៗនាពេល​បច្ចុប្បន្ន ក៏ដោយ។អ្នកស្រីឌី សាវ៉េតសំណូម​ពរ​ដល់​អ្នក​ដឹកនាំ​រឿង​និង​តួសម្តែង​ គឺ​ធ្វើ​យ៉ា​ងណា​ឱ្យការ​សម្តែង​ត្រូវ​ទៅ​តាមតួ​អង្គ បើ​ជា​អ្នក​ស្រែត្រូវធ្វើ​ឱ្យដូច អ្នកស្រែ​ ហើយ​បើជា​អ្នកមាន​ត្រូវ​រៀបឬកយ៉ាង​ណា​ឱ្យ​សមជា​តួអង្គអ្នក​មាន​ និង​ត្រូវរៀប​ចំ​មើល​ប្លង់ថតឱ្យត្រូវ ទៅតាម​សាច់​រឿង​មិនត្រូវ​ថត​ឱ្យ​តែរួច​តែពី​ដៃទេ ​៕