ខេត្ដពោធិ៍សាត់ ៖ អាវុធធុន B៤១ មួយដើមលេខ៨៨៧៦ ត្រូវបានយុវជនម្នាក់ ឈ្មោះហូយ ចាម អាយុ២០ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ យកមកប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកភ្នំ ក្រវាញរក្សាទុក កាលពីថ្ងៃទី២៧ មិថុនា កន្លងទៅ ។យុវជនហូយ ចាម បានប្រាប់ថា អាវុធ B៤១ នេះខ្លួនរើសបានក្នុងព្រៃនៅម្ដុំភ្នំត្រប់ ខាងក្រោយដីចំការ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខណៈពេលដើររកជ័រ។ ដោយយល់ឃើញថា បើរើសយកមកទុកក្នុងខ្ទមចំការ ឬយកទៅទុកនៅឯផ្ទះខ្លាចគេថា លាក់ទុកអាវុធខុសច្បាប់នាំឱ្យមានទោសទណ្ឌនោះ ទើបខ្លួនយកមកប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញតែម្ដង ។
លោកវរសេនីយ៍ត្រីពេជ សុភាព អធិការនគរបាលស្រុកភ្នំក្រវាញបានពិនិត្យឃើញថា អាវុធធុន B៤១ នេះនៅមានគុណភាពប្រមាណ ៤០% ប៉ុណ្ណោះ ហើយពុំមានគ្រាប់ទេ ។ អាវុធនេះសុទ្ធតែច្រែះដែលកប់ក្នុងដី កាលពីសម័យសង្គ្រាមព្រោះថា កាលសម័យសង្គ្រាមទីនោះជាកន្លែងបន្ទាយទាហាន និងជាសមរភូមិក្ដៅបំផុត ។លោកអធិការនគរបាលស្រុកបានកោតសរសើរយុវជនហូយ ចាម ដែលមានការយល់ដឹង និងមានមនសិការខ្ពស់ក្នុងការយក អាវុធមកប្រគល់ឱ្យសមត្ថកិច្ចរុក្សាទុកនាពេលនេះដែលជាគំរូមួយដ៏ល្អសំរាប់ប្រជាពលរដ្ឋដទៃទៀត ។
ការយកអាវុធមកប្រគល់ជូនសមត្ថកិច្ច គឺជាការចូលរួមយ៉ាងសកម្ម ក្នុងការលុបបំបាត់ការលាក់ទុកអាវុធខុសច្បាប់ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្របពេលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកំពុងធ្វើការងារនេះ ។ លោកបានឱ្យដឹងថា កន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ៤-៥ គ្រួសារ ហើយដោយខ្វះការយល់ដឹង និង មិនបានយកចិត្ដទុកដាក់ស្ដាប់វិទ្យុ ឬមើលទូរទស្សន៍នៅពេលរើសបានគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗពួកគាត់បានយកទៅដំលេង ឬច្នៃបោកត្រីបណ្ដាលឱ្យផ្ទុះស្លាប់ និងរងរបួសជាញឹកញាប់ ។
ក្នុងនាម អធិការនគរបាលស្រុកភ្នំក្រវាញ លោកពេជ សុភាព បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលាក់ទុកអាវុធ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមយកមកប្រគល់ឱ្យ សមត្ថកិច្ចជាបន្ទាន់ ចៀសវាងសមត្ថកិច្ចឆែក ឆេរឃើញនាំឱ្យមានទោស ឬយកទៅដំលេង ច្នៃបោកត្រីនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ៕
ចែករំលែកព័តមាននេះ