BBC ផ្សាយថា ក្រុមហ៊ុនរបស់ឥណ្ឌាបានបង្ហាញផលិតផលដោយអះអាងថាជាក្រែមសម្រាប់ជួយរឹតអវយវៈភេទស្ត្រីធ្វើឱ្យមានអារម្មណ៍ដូចជានៅបរិសុទ្ធជាថ្មី ។ ទោះជាយ៉ាងណាក៏ដោយ មានភាគីជាច្រើនជំទាស់ ខណៈអ្នកជំនួញបង្ហាញភាពស្រពេចស្រពិលទាក់ទងនឹងការអះអាងលើគុណប្រយោជន៍របស់ក្រែមនោះ។
ក្រុមហ៊ុនផលិតអះអាងថា ទឹករំអិល (18 Again) គឺជាក្រែមជួយរឹតអវយវៈភេទរបស់ស្ត្រីដែលនឹងជួយបង្កើនថាមពលដល់ស្រ្តី អាចជួយឱ្យស្ត្រីមានអារម្មណ៍ដូចកាលពីអាយុ១៨ឆ្នាំ និងដូចស្រ្តីព្រហ្មចារី ។នៅក្នុងការឃោសនារយៈពេល១នាទីដោយប្រើឈ្មោះថា «18 Again» គឺបង្ហាញរូបរបស់ស្ត្រីក្នុងលក្ខណៈប្រពៃណីឥណ្ឌានាំប្តីទៅរាំ និងច្រៀងប្រកបដោយសេចក្តីសុខ ។
ក្រុមហ៊ុនអ៊ុលត្រាថេក បញ្ជាក់ថា ក្រែមទឹកនេះ ជាផលិតផលដំបូងនៅក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញបន្ថែមចម្លោះខ្វះខាតក្នុងទីផ្សារ ទោះបីជាមានផលិតផលស្រដៀងគ្នានេះចេញលក់នៅទីកន្លែងផ្សេងៗនៅលើពិភពលោក ដូចជានៅអាមេរិកក៏ដោយ ។ លោករីស៊ី បានធៀ ម្ចាស់ក្រុមហ៊ុនអ៊ុលត្រាថេក ថ្លែងថា ផលិតផលនេះផ្សំដោយល្អងមាសអាឡូវេរ៉ា “Alove Vera” និងទទឹម ដោយឆ្លងកាត់ការពិសោធយ៉ាងម៉ត់ចត់ ។
លោកបានធៀ បញ្ជាក់ប្រាប់ BBC ថា «នេះជាផលិតផលដ៏លេចធ្លោ នឹងជួយបង្កើនភាពមានទំនុកចិត្តរបស់ស្ត្រី រួមទាំងបង្កើតក្តីសោមនស្សរីករាយដល់ខ្លួន ដោយមានគោលដៅដើម្បីឱ្យស្ត្រីមានលក្ខណៈប្រាកដប្រជានៅក្នុងខ្លួន» ។ក្រៅពីនេះលោកថែមទាំងបានកែសម្រួល ដោយអះអាងថា ផលិតផលនេះមិនមែនមានគុណភាពប្រគល់ព្រហ្មចារីដល់ស្ត្រីទេ គ្រាន់តែជួយទាក់ទាញអារម្មណ៍ឱ្យដូចស្ត្រីបរិសុទ្ធត្រឡប់មកវិញប៉ុណ្ណោះ ។
យុទ្ធសាស្ត្រផ្នែកទីផ្សារនេះ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមវេជ្ជបណ្ឌិត និងក្រុមទាមទារសិទ្ធិរបស់ស្ត្រីដោយបញ្ជាក់ថា ក្រែមប្រភេទនេះជារឿងដ៏អគតិដែលបានកើនឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងសង្គម ។លោកស្រីអេននី រ៉ាយ៉ា មកពីសមាគមស្ត្រីឥណ្ឌាថ្លែងថា ក្រែមនេះជាវត្ថុគ្មានប្រយោជន៍ ខណៈពេលក្រុមគ្រូពេទ្យក៏បានសម្តែងការងឿងឆ្ងល់ថា តើក្រែមនេះនឹងទទួលបានលទ្ធផលពិតឬអត់ ? វេជ្ជបណ្ឌិតម្នាក់បង្ហាញថាអវយវៈភេទអាចខ្ជឹបបានដោយសារសាច់ដុំរបស់វា ៕
ចែករំលែកព័តមាននេះ