ខេត្តសៀមរាប ៖ អាជ្ញាធរស្រុកជីក្រែងបានអះអាងថា សកម្មភាពជីកកកាយដោយគ្រឿងចក្ររបស់ក្រុមហ៊ុនប្រាយមូនគ្រុប របស់ឧកញ៉ា ឌុច សារ៉ែម ដើម្បីស្វែងរកកំណប់មហាសាលដែលគេកប់ចោលនាសម័យប៉ុល ពត នៅលើខ្នងទំនប់សួង ក្នុងឃុំអន្លង់សំណកាលពីរសៀលថ្ងៃទី១៣ សីហា ធ្វើឡើងដោយមានលិខិតអនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ដ ក៏ប៉ុន្ដែក្រុមមន្ដ្រីសាលាដំបូងខេត្ដបានចាត់ទុកថា សកម្មភាពនោះជាករណីល្មើសច្បាប់ទាំងស្រុង ស្ដីពីការគ្រប់គ្រងធនធានរ៉ែ ។
ចៅក្រមសាលាដំបូងខេត្ដមួយរូបថ្លែងថា សកម្មភាពជីកកកាយដោយគ្រឿងចក្រនៅលើខ្នងទំនប់សួង ក្នុងឃុំអន្លង់សំណ ស្រុកជីក្រែង កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១២ កន្លងទៅ បើទោះបីជាមានការអនុញ្ញាតពីអាជ្ញាធរក៏ដោយ ក៏ជាសកម្មភាពល្មើសច្បាប់ទាំងស្រុង ដូចមានចែងនៅក្នុងច្បាប់ស្ដីពីការគ្រប់គ្រងធនធានរ៉ែ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសក្រោម៥ឆ្នាំ ។ លោកបានបញ្ជាក់ពីផ្នែកច្បាប់យ៉ាងដូច្នេះថា កំណប់ដែលលាក់ ឬកប់នៅក្នុងដី ត្រូវបានចាត់ទុកជាធនធានរ៉ែ ដូច្នេះការជីកកកាយយកធនធានរ៉ែទាំងនោះអាចធ្វើទៅបានដរាបណាមានការបង្កើតគណៈកម្មការ ដោយមានការចូលរួមពីមន្ដ្រីពាក់ពន្ធ័ត្រឹមត្រូវ ឬមានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល ហើយកំណប់ដែលរកឃើញទាំងអស់ត្រូវទុកជាសម្បត្ដិរដ្ឋ មិនអាចកាន់លិខិតត្រឹមអាជ្ញាធរខេត្ដ អាចទៅជីកយ៉ាងដូច្នេះបានទេ ។
ទាក់ទិនទៅនឹងសកម្មភាពប្រើគ្រឿងចក្រជីករកកំណប់ខាងលើនេះ កាលពីព្រឹកថ្ងៃទី១៤ សីហា អភិបាលស្រុកជីក្រែង លោកប៉ោក សេរីរ័ត្នមុន្នី បានថ្លែងថា អ្នកដែលផ្ដួចផ្ដើមយកគ្រឿងចក្រជីកកកាយរកកំណប់នោះ គឺលោកឧកញ៉ា ឌុច សារ៉ែម ប្រធានក្រុមហ៊ុនប្រាយមូន គ្រុប ដោយមានលិខិតត្រឹមត្រូវពីលោកអភិបាលខេត្ដ ហើយក៏បានជូនដំណឹងមកអាជ្ញាធរស្រុកដែរ ។
លោកបានបន្ដថា សកម្មភាពនេះធ្វើឡើងអស់រយៈពេលរាប់ម៉ោង គឺចាប់ពីម៉ោងប្រមាណ៣រសៀលថ្ងៃទី១៣ សីហា រហូតដល់ពាក់កណ្ដាលយប់ ដោយក្រុមហ៊ុនមាននាំកម្លាំងយោធាជាច្រើនរូប មកការពារទីតាំងជីកផងដែរ ក៏ប៉ុន្ដែចុងបញ្ចប់មិនបានរកឃើញកំណប់មហាសាល ដូចការស្វែងរកនោះទេ ។ ដើមហេតុដែលនាំឱ្យមានការសុំអនុញ្ញាតជីករកកំណប់នៅលើទំនប់សួងនោះ គឺដំបូងឡើយមានមនុស្សម្នាក់បានទៅប្រាប់ថាឪពុករបស់គេធ្លាប់ធ្វើការនៅទីនោះក្នុងសម័យប៉ុល ពត ហើយបានដឹងពីទីតាំងកប់កំណប់ទាំងនោះ តែដល់ពេលជីកជ្រៅទៅមិនឃើញកំណប់ អ្នកប្រាប់នោះក៏ភ័យរត់គេចខ្លួនទាំងយប់តែម្ដង ។
ប្រភពពីកន្លែងជីកកំណប់បានឱ្យដឹងថា នៅកន្លែងធ្វើសកម្មភាពជីកកំណប់នោះគេឃើញមានសមត្ថកិច្ចមួយចំនួនទៅការពារឱ្យក្រុមហ៊ុនលោកឧកញ៉ា ឌុច សារ៉ែម ក្នុងនោះមានមន្ដ្រី យោធា មន្ដ្រីកងរាជអាវុធហត្ថខេត្ដ មន្ដ្រីសាលាខេត្ដ និងអភិបាលរងស្រុកជីក្រែងមួយរូបផងដែរ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ទៀត ។ ប្រភពដដែលបានបញ្ជាក់ថា ទីតាំងដែលគេប្រើគ្រឿងចក្រជីកកកាយនោះ ស្ថិតនៅលើទំនប់សួង ជាប់ស្នាក់ការសន្ដិសុខកងរាជអាវុធហត្ថប្រចាំឃុំអន្លង់សំណតែម្ដង ។
ទំនប់សួង ដែលក្រុមហ៊ុនប្រាយមូនគ្រុប យកគ្រឿងចក្រទៅជីករកកំណប់នោះជាផ្នែកមួយនៃទំនប់៧៨ ដែលត្រូវបានកសាងឡើងនៅក្នុងអំឡុងឆាំ្ន១៩៧៨ សម័យប៉ុល ពត ដើម្បីស្កាត់ទឹកពីមាត់បឹងធ្វើស្រែ ដែលលាតសន្ធឹងនៅតាមបណ្ដោយមាត់បឹងទន្លេសាប ចាប់តាំងពីខេត្ដសៀមរាបរហូត ដល់ខេត្ដកំពង់ធំ ។
មាស ពេជ្រ កែវកង ត្រូវបានមនុស្សទូទាំងពិភពលោកចាត់ទុកថាជាវត្ថុមានតម្លៃសម្រាប់យកមកតុបតែងកាយ ប៉ុន្ដែនៅក្នុងចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ សម័យប៉ុល ពត វត្ថុទាំងអស់នោះតម្លៃរបស់វាធ្លាក់ដល់សូន្យ សូម្បីតែយកមួយរថយន្តកាម៉ាស់ មកដូរជាមួយដំឡូងមួយដុំ ឬអង្ករមួយក្ដាប់សម្រាប់លួងក្រពះដែលកំពុងក្រៀមស្វិតជាប់នឹងឆ្អឹងខ្នង ក៏មិនបានផង ដូច្នេះហើយមាស ពេជ្រ កែវកង ទាំងអស់នេះវាគ្រាន់តែជាវត្ថុឥតបានការប៉ុណ្ណោះ ព្រោះមិនអាចហូបបាន ។ ថ្វីបើយ៉ាងនេះក្ដី សម្រាប់ពួកកម្មាភិបាលខ្មែរក្រហម ដែលមានអំណាចស្មើមេឃ ពួកគេនៅតែមានមហិច្ឆតាទៅលើសម្បត្ដិទាំងនោះ ហើយទោះជាមិនអាចយកមកតុបតែងកាយបាន ក៏ពួកគេប្រមែប្រមូលយកទៅកប់ទុកនៅក្នុងដីជាច្រើនកន្លែង ដែលក្លាយទៅជាកំណប់មហាសាលរហូតដល់សព្វថ្ងៃ ។
ចំណែកលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ដែលបានចុះទៅដល់កន្លែងក្រុមហ៊ុនប្រាយមូនគ្រុប ជីកកំណប់នោះថ្លែងថា យើងនៅតែមានមន្ទិលចំពោះព័ត៌មានដែលថាការជីកនោះរកមិនឃើញកំណប់ ខណៈការជីករបស់ពួកគេត្រូវបានហ៊ុមព័ទ្ធដោយសំណាញ់ស្បៃមុងជិតមិនអនុញ្ញាតឱ្យពលរដ្ឋណាម្នាក់ចូលមើលឃើញ ។ លោកបានបញ្ជាក់ថា ព័ត៌មានពីការជីកកំណប់នេះមានគេរាយការណ៍ប្ដឹងលោកនៅម៉ោងប្រមាណ១០យប់ ហើយលោកបានចុះទៅដល់ទីនោះ នៅម៉ោងប្រហែល ១រំលងអធ្រាត្រ ។ ពេលនោះលោកឃើញគ្រឿងចក្រកំពុងកាយលុបរណ្ដៅដែលគេជីកនោះបានពាក់កណ្ដាល ហើយអ្នកពាក់ព័ន្ធឃើញមានលោកមេឃុំផងបានរត់ប្រសាចចេញពីទីនោះ ។
លោកព្រះរាជអាជ្ញាបញ្ជាក់ថា សកម្មភាពជីកកកាយនេះ គឺជាករណីល្មើសច្បាប់មួយដែលអាចជាប់ទោសក្រោម៥ឆ្នាំ ប៉ុន្ដែភ្លាមៗនោះ លោកមិនបានបង្ហាញអំពីចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងទៅលើបក្សពួកអ្នកជីកកំណប់នោះនៅឡើយទេ ដោយរង់ចាំឱ្យមន្ដ្រីនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្ដ ដែលចុះទៅកន្លែងកើតហេតុជាមួយ ជាអ្នកធ្វើរបាយការណ៍បញ្ជូនមកសិន ៕





ចែករំលែកព័តមាននេះ