ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាចារ្យ​ម្នាក់ ត្រូវ​សសរ​រលំ​សង្កត់​លើ​ស្លា​.​ប់​យ៉ាង​រន្ធត់ នៅ​ពេល​ទៅ​ជួយ​រុះរើ​កុដិ​លោក​ក្នុង​វត្ត

22 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោកតា​អាចារ្យ​ម្នាក់​ត្រូវ​សសរ​កុដិ​រលំ​សង្កត់​លើ បណ្ដាល​ឲ្យ​ស្លាប់ភ្លាម​ៗ នៅ​ពេល​គាត់​ជាមួយនឹង​ព្រះសង្ឃ​ប៉ុន្មាន​អង្គ​ទៀត ធ្វើការ​រុះរើ​កុដិ​ចាស់ ដើម្បី​រៀបចំ​សាងសង់​កុដិ​ជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​០៧ មិថុនា នៅ​ក្នុង «​វត្ត​ស្រែ​អណ្ដូង​» ស្ថិត​ក្នុងភូមិ​ក​ន្ទូ​ត ឃុំ​សំឡូត ស្រុក​សំឡូត ។

របាយការណ៍​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គឹ​ម គក់ អាយុ​៦៧​ឆ្នាំ ហើយ​គាត់​មាន​តួនាទី​ជា «​អាចារ្យ វត្ត​ស្រែ​អណ្ដូង​» ។ លោកតា ត្រូវ​សសរ​កុដិ​ដ៏​ធំ​រលំ​សង្កត់​លើ ពេល​គាត់​និង​ព្រះសង្ឃ​ប៉ុន្មាន​អង្គ​ទៀត កំពុងធ្វើការ​រុះរើ​កុដិ​ចាស់ ដើម្បី​រៀបចំ​ធ្វើ​កុដិ​ថ្មី ។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​បន្ថែម​ថា ជន​រង​គ្រោះ​ត្រូវ​សសរ​រលំ​សង្កត់​ចំ​ក្បាល ហើយ​គាត់​បាន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ដោយ​ពុំ​អាច​បញ្ជូន​ទៅ​មន្ទីរពេទ្យឡើយ ។ លោក​អធិការ​បាន​បញ្ជាក់​ដែរ​ថា លោកតា​អាចារ្យ រួម​ជាមួយ​ចាស់​ៗ​ប៉ុន្មាន​នាក់​ទៀត និង​ព្រះសង្ឃ​ក្នុង​វត្ត មាន​ទាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ផង បាន​ធ្វើការ​រុះរើ​កុដិ​ឈើ​ដែល​ចាស់​ទ្រុឌ​ទ្រម ។

ប៉ុន្តែ​ពេល​កំពុងធ្វើការ​រុះរើ ហាក់​មានការ​ធ្វេសប្រហែស ទើប​ធ្វើ​ឲ្យ​ស​សេរ​មួយ​ដើម​ធំ រលំ​សង្កត់​លើ​តា​អាចារ្យ​ម្នាក់ ត្រូវ​ចំ​ក្បាល​របួស​យ៉ាងធ្ងន់ធ្ងរ រហូត​ធ្វើ​ឲ្យ​គាត់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ នេះ​ជា​ការ​ធ្វេសប្រហែស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​បំពេញការងារ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ ៕