យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី១៤ មករា ថា តុលាការក្រុងសេអ៊ូល នាថ្ងៃទី១៤ មករា នោះបានទាមទារឱ្យក្រុមហ៊ុនអាកាសចរណ៍មួយរបស់កម្ពុជាបង់សំណងចំនួន៣,២ពាន់លានវ៉ុនប្រហែល២,៨លានដុល្លារអាមេរិក ដល់គ្រួសារពួកអ្នកដំណើរដែលបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៧ កន្លងមក ។ យន្តហោះប្រភេទ Antonov An-24 របស់ក្រុមហ៊ុន PM Tair ដែលដឹកអ្នកដំណើរ៤៤នាក់ ក្នុងនោះ១៤នាក់ជាអ្នកទេសចរជនជាតិកូរ៉េខាងត្បូងបានធ្លាក់នៅតំបន់ព្រៃភ្នំបូកគោខេត្តកំពតភាគខាងត្បូងប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០០៧ កន្លងមក ដោយសារបញ្ហាអាកាសធាតុអាក្រក់បណ្តាលឱ្យស្លាប់អ្នកជិះទាំងអស់ ។ យន្តហោះនោះហោះចេញពីព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាបបំណងទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែបាត់ដានទៅធ្លាក់នៅ ខេត្តកំពត ។
គេនៅចាំបានថា ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ គួរឱ្យរន្ធត់នោះ រយៈពេល៣ទៅ៤ថ្ងៃ ទើបរកឃើញគឺធ្លាក់ក្នុងព្រៃយ៉ាងក្រាស់ដោយយន្តហោះផ្ទុះឆេះ បែកទៅជាបំណែក ហើយសពខ្លះទើរលើមែកឈើ ។ នៅឆ្នាំ២០០៨ សមាជិកគ្រួសារជនរងគ្រោះកូរ៉េខាងត្បូង១១នាក់ បានដាក់ពាក្យប្តឹងស្វះស្វែងរកការបង់ប្រាក់សំណង៤,៥ពាន់លានដុល្លារ ដោយអះអាងថា ឧប្បត្តិហេតុធ្លាក់យន្តហោះនេះបង្កឡើងដោយការធ្វេសប្រហែសរបស់ក្រុមហ៊ុនអាកាសចរណ៍នោះ ព្រមទាំងការធ្វេសប្រហែសរបស់អ្នកបើកបរ ។ យន្តហោះនេះបើកដោយជនជាតិកម្ពុជា ហើយក៏បានស្លាប់បាត់បង់ជីវិតដែរ ។
លោកម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរណ៍មិនអាចទាក់ទងសុំការបំភ្លឺបានទេពីព័ត៌មាននេះ ។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកមិនទាន់បានឃើញសំណើណាមួយទាក់ទិននឹងការទាមទារសំណងនោះនៅឡើយទេត្រឹមម៉ោងនេះ ដូច្នេះលោកមិនអាចធ្វើអត្ថាធិប្បាយបានឡើយ ។ ទាក់ទិននឹងការទាមទារសំណងនេះ មិនទាន់មានព័ត៌មានផ្លូវការនៅឡើយទេពីបញ្ហានេះ តែទោះបីជាបែបណាឧបទ្ទវហេតុនោះពិតជាគួរឱ្យរន្ធត់ពន់ពេក ដែលពេលនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការស្វែងរកយ៉ាងសកម្មបំផុតបន្ទាប់ពីយន្តហោះនោះបានបាត់ពីប្រព័ន្ធរ៉ាដា ៕
ចែករំលែកព័តមាននេះ