ជំងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមគឺជាជំងឺដែលមានទំនាក់ទំនងជាមួយនឹងការសឹករេចរិល ការទ្រុឌទ្រោម និងការចុះខ្សោយនៃសន្លាក់ឆ្អឹងរបស់មនុស្សម្នាក់ៗ ។ ភាពទ្រុឌទ្រោមនៃសន្លាក់ឆ្អឹងរបស់មនុស្សនេះច្រើនកើតឡើងចំពោះមនុស្សវ័យកណ្តាល និងវ័យចំណាស់ចាប់ពីអាយុ៤០ឆ្នាំ ឬ៥០ឆ្នាំ ឡើងទៅ ។
លោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសជំងឺសន្លាក់ឆ្អឹង សាច់ដុំ និងជំងឺទូទៅ និងជាប្រធានផ្នែកជំងឺទូទៅ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រាប់កោះសន្តិភាពឱ្យដឹងថា ចំពោះជំងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ៖
-អ្នកជំងឺអាចបាត់នូវសកម្មភាពប្រចាំថ្ងៃដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ
-អ្នកជំងឺត្រូវចំណាយថវិកាច្រើនក្នុងការព្យាបាល
-បង្កឱ្យប៉ះពាល់ទៅលើសុខភាពរបស់អ្នកជំងឺផ្ទាល់តែម្តង គឺអ្នកជំងឺមិនអាចហាត់ប្រាណបាន មិនអាចដើរបានឆ្ងាយ ។
ប្រសិនបើអ្នកជំងឺមិនបានទៅធ្វើការព្យាបាលឱ្យបានទៀងទាត់ទេនោះ អាចបណ្តាលឱ្យធ្លាក់ខ្លួនពិការអស់មួយជីវិតផងដែរ ។
ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានជំងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះ គឺមានច្រើនករណីដូចជា ៖
-ទាក់ទងជាមួយវ័យ ៖ កាលណាអាយុកាលកាន់តែច្រើនធ្វើឱ្យសន្លាក់ទ្រុឌទ្រោមទៅតាមវ័យរបស់មនុស្សយើងដែរ មានន័យថាកាលពីក្មេង សន្លាក់ឆ្អឹងលូតលាស់ល្អ មិនមានបញ្ហាអ្វីនោះទេ។ តែនៅពេលឈានដល់វ័យចំណាស់ ចាប់ពីអាយុ២០ឆ្នាំ ទៅ៣០ឆ្នាំ ឡើងទៅ សន្លាក់ឆ្អឹងរបស់មនុស្សម្នាក់ៗនឹងលូតលាស់មិនដូចកាលពីក្មេងទៀតទេ។
-បុគ្គលលើសទម្ងន់ ៖ ចំពោះបុគ្គលដែលលើសទម្ងន់ងាយនឹងធ្វើឱ្យសន្លាក់ឆ្អឹងទ្រុឌទ្រោមណាស់ ព្រោះអ្នកដែលលើសទម្ងន់នេះ អាចធ្វើឱ្យទម្ងន់សង្កត់ទៅលើសន្លាក់ឆ្អឹងផ្នែកខាងក្រោម កាលណាសង្កត់យូរៗទៅអាចធ្វើឱ្យសន្លាក់ឆ្អឹងទ្រុឌទ្រោមបាន ។
-ភាពមិនធម្មតានៃរចនាសម្ព័ន្ធសន្លាក់ ៖ ឆ្អឹងសន្លាក់អាចវៀចចេញទៅក្រៅ ឬចូលក្នុង ឬក៏ឆ្អឹងសន្លាក់ស្តើងពេក ឬក៏ក្រាស់ពេក ជំងឺសន្លាក់ទាំងនេះអាចកើតឡើងតាំងពីក្មេងទៅ ។
-អ្នកជំងឺធ្លាប់រងនូវគ្រោះថ្នាក់ និងកើតមានជំងឺរ៉ាំរ៉ៃ ៖ អ្នកជំងឺធ្លាប់បានជួបឧប្បត្តិហេតុដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬក៏ធ្លាក់ពីលើដើមឈើ ដែលធ្វើឱ្យប៉ះពាល់ដល់សន្លាក់ ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំពោះរោគសញ្ញានៃជំងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះ ជារឿងមួយដែលសំខាន់បំផុតសម្រាប់លោកអ្នកដែលមានបញ្ហាទាក់ទងទៅនឹងជំងឺសន្លាក់នេះ មានដូចជា
-ជាធម្មតានៅពេលយើងដើរ អ្នកជំងឺតែងតែមានអារម្មណ៍ថាឈឺ ។ នៅពេលសម្រាកគឺមិនមានការឈឺចាប់នោះទេ ប៉ុន្តែបើសិនជាជំងឺសន្លាក់មានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ ទោះបីជាអ្នកជំងឺមិនធ្វើចលនាក៏បណ្តាលឱ្យមានការឈឺចុកចាប់បានដែរ ហើយបើអ្នកជំងឺធ្វើចលនាកាន់តែច្រើនការឈឺចាប់ក៏កាន់តែខ្លាំងផងដែរ ។
-ចំពោះរោគសញ្ញាមួយទៀតនោះ គឺធ្វើឱ្យសន្លាក់ប៉ោង ហើម តឹង ពិបាកធ្វើចលនា ជាពិសេសនៅពេលឡើងជណ្តើរ ឬចុះជណ្តើរ គឺមានការលំបាកបំផុត
-ម៉្យាងទៀតនៅពេលអ្នកជំងឺមកជួបជាមួយគ្រូពេទ្យឯកទេស អ្នកជំងឺតែងប្រាប់គ្រូពេទ្យថា នៅពេលបត់ម្រាមដៃ ឬលាម្រាមដៃ ឬក៏ធ្វើចលនាផ្សេងៗ គឺពិតជាបានឮសំឡេងប្រិបៗ ដូចជាគេកាច់ម្រាមដៃ ជាពិសេសសំឡេងនេះច្រើនតែកើតមាននៅលើជង្គង់ ។ នេះជាចំណុចសំខាន់ដែលអ្នកជំងឺគួរតែចាប់អារម្មណ៍ ។ ប៉ុន្តែចំពោះការលាន់សូរសំឡេងដូចជាគេកាច់ម្រាមនេះ មិនមែនមានន័យថា លោកអ្នកសុទ្ធតែកើតមានជំងឺសន្លាក់នោះទេ ប៉ុន្តែវាអាចនឹងបន្តកើតមានជំងឺសន្លាក់ទៅថ្ងៃក្រោយបាន ។
លោកវេជ្ជបណ្ឌិត លី ជាតិតា ឱ្យដឹងទៀតថា ចំពោះវិធីព្យាបាលជំងឺសន្លាក់ទ្រុឌទ្រោមនេះ គឺត្រូវតែធ្វើការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសច្បាស់លាស់ ហើយការព្យាបាលនេះមានពីរវិធីដូចជា៖
-ព្យាបាលដោយការប្រើប្រាស់ថ្នាំ ដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំជំនួយឱ្យឆ្អឹងរឹងមាំ ថ្នាំជំនួយដល់កោសិកាសន្លាក់ឱ្យលូតលាស់ឡើងវិញម្តងបន្តិចៗ ថ្នាំជំនួយឱ្យកោសិកាសន្លាក់មានសារជាតិរំអិល ដើម្បីជួយទ្រទ្រង់សន្លាក់របស់អ្នកជំងឺឱ្យមានភាពប្រសើរឡើង ។
-ព្យាបាលដោយការវះកាត់ ៖ ប្រសិនបើការព្យាបាលដោយការប្រើប្រាស់ថ្នាំមិនមានប្រសិទ្ធភាពទេនោះ ពិសេសចំពោះអ្នកជំងឺសន្លាក់ទ្រុឌទ្រោមធ្ងន់ធ្ងរ គឺមានតែវិធីវះកាត់ផ្លាស់ប្តូរសន្លាក់សិប្បនិម្មិតតែប៉ុណ្ណោះ ដែលអាចជួយដល់អ្នកជំងឺឱ្យមានចលនាឡើងវិញ ប៉ុន្តែវាមិនអាចមានចលនាបានមួយរយភាគរយនោះទេ ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា វិធានការទប់ស្កាត់ដើម្បីកុំឱ្យកើតមានជំងឺសន្លាក់ទ្រុឌទ្រោមនេះ គឺត្រូវចែកជា២ដូចជា ៈ
១-ចំពោះបុគ្គលដែលមិនទាន់កើតមានជំងឺសន្លាក់
-បើសិនជាលោកអ្នកឡើងទម្ងន់ត្រូវតែសម្រកទម្ងន់ ។
-បុគ្គលដែលធ្វើការធ្ងន់ៗគួរតែប្តូរទៅធ្វើការងារស្រាលៗវិញ ។
-ចំពោះបុគ្គលមួយចំនួនដែលចូលចិត្តទទួលទានគ្រឿងស្រវឹង និងបារីគួរតែកាត់បន្ថយ ។
-បើអ្នកជំងឺកើតមានជំងឺសន្លាក់រ៉ាំរ៉ៃ ត្រូវតែប្រញាប់ទៅធ្វើការព្យាបាលឱ្យទាន់ពេលវេលា ដើម្បីការពារកុំឱ្យជំងឺនេះមានការរីករាលដាលកាន់តែខ្លាំង ដែលពិបាកព្យាបាល ។
-បើអ្នកជំងឺមានវ័យក្មេង ហើយកើតមានភាពមិនធម្មតាពីកំណើតដូចជាឆ្អឹងសន្លាក់វៀច ដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវប្រញាប់ធ្វើការព្យាបាល ឬវះកាត់ឱ្យបានទាន់ពេលវេលា។
-លោកអ្នកត្រូវតែមានរបៀបរបបក្នុងការហាត់ប្រាណជាប្រចាំ ហើយការហាត់ប្រាណនេះមិនមែនហាត់បែបកីឡានោះទេ គឺហាត់ប្រាណបែបធម្មតា ដោយដើរ រត់តិចៗ ឬជិះកង់ជាដើម ។
នេះគឺជាវិធីដ៏ល្អបំផុតសម្រាប់អ្នកដែលមិនទាន់កើតមានជំងឺសន្លាក់ ។
២-បុគ្គលដែលកើតមានជំងឺសន្លាក់ ៖ អ្នកដែលមានជំងឺសន្លាក់ទ្រុឌទ្រោម ត្រូវតែធ្វើការព្យាបាលចាំបាច់ ។
-អ្នកជំងឺត្រូវតែកាត់បន្ថយការធ្វើចលនា ដូចជាដើរច្រើន ឈរច្រើន ឬក៏យួររបស់ធ្ងន់ៗ ។ បើអ្នកជំងឺមានសភាពធូរស្បើយនៅក្រោយពេលព្យាបាលហើយនោះ អ្នកអាចធ្វើចលនាបានខ្លះៗដែរ ប៉ុន្តែមិនអាចដើរបានច្រើនដូចជាអ្នកដែលគ្មានជំងឺនោះទេ៕ សុគន្ធា
ចែករំលែកព័តមាននេះ