រាជធានីភ្នំពេញ ៖ ភូមិគ្រឹះជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃរួមជាមួយប៉ូលិសមូលដ្ឋានបានឆ្មក់ចូលឆែកឆេរកាលពីរសៀលថ្ងៃទី១៨ ឧសភា និងបានឃាត់ខ្លួនជនជាតិចិនជាបន្តបន្ទាប់ ដែលពាក់ព័ន្ធបទល្មើសជាច្រើន មានការចាប់ជំរិតតាមអ៊ីនធើរណេត និងបទល្មើសផ្សេងៗទៀត ។ តាមប្រភពឱ្យដឹងថា ការបង្ក្រាបនេះត្រូវបានធ្វើឡើង៨កន្លែងក្នុងខណ្ឌចំនួន៣ គឺខណ្ឌទួលគោក ឫស្សីកែវ និងខណ្ឌសែនសុខ ។
តាមព័ត៌មានជំហានដំបូងឱ្យដឹងថា នៅក្នុងខណ្ឌទួលគោកភូមិគ្រឹះចំនួន៤កន្លែងត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងបានឆ្មក់ចូលឆែកឆេរ ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៤នាក់ ក្នុងនោះស្ត្រី៦ នាក់ ។ ភូមិគ្រឹះដែលត្រូវឆែកឆេរស្ថិតនៅសង្កាត់បឹងកក់ទី២ មាន២កន្លែង ដែលការឆែកឆេរពុំត្រូវឃាត់ខ្លួនបានឡើយ ។ សម្រាប់សង្កាត់បឹងកក់ទី១ មានចំនួន២កន្លែង ដែលគោលដៅទីមួយ ផ្ទះលេខ៤ ផ្លូវលេខ៥៤៨ ក៏ពុំបានឃាត់ខ្លួនដែរ និងគោលដៅទី២ ផ្ទះលេខ៥៦ ផ្លូវលេខ២៧៩ សង្កាត់បឹងកក់ទី១ ម្ចាស់ភូមិគ្រឹះ ជាឧត្តមសេនីយ៍ ម៉ារ សំបូរណា ជួលឱ្យជនជាតិចិនត្រូវបានឃាត់ខ្លួនមនុស្សចំនួន២៤នាក់ ដែលក្នុងនោះមានស្រី៦នាក់ ។ ដោយឡែកនៅខណ្ឌឫស្សីកែវ លំនៅឋានចំនួន២កំពុងត្រូវឆែកឆេរ មួយកន្លែងផ្ទះលេខ៦អា ផ្លូវកែវ ចិន្តា ភូមិទី៣ ពុំបានឃាត់ខ្លួនមនុស្សទេ តែបានដកហូតឯកសារមួយចំនួន និងមួយកន្លែងផ្សេងទៀតនៅបុរីសុភមង្គល ផ្ទះលេខ ៨៧H ភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវឃាត់ខ្លួនចំនួន៩នាក់ ទាំងខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក សរុប ឃាត់ខ្លួនចំនួន៣៣នាក់ ។
នៅខណ្ឌសែនសុខ សមត្ថកិច្ចចម្រុះបានឡោមព័ទ្ធ និងឆែកឆេរភូមិគ្រឹះស្កឹមស្កៃមួយនៅសង្កាត់ភ្នំពេញថ្មី ដែលធ្លាប់ជាកម្មសិទ្ធិរបស់ឧកញ៉ា តាន់ សេងហាក់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី១៨ ឧសភា កម្លាំងប៉ូលិសសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃសហការជាមួយប៉ូលិសមូលដ្ឋាន ដឹកនាំដោយលោកជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរភូមិគ្រឹះលេខ២២ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្នុងប្រតិបត្តិការឆែកឆេរភូមិគ្រឹះដែលគេដឹងថា ជារបស់លោកឧកញ៉ាតាន់ សេងហាក់ សមត្ថកិច្ចបានហាមឃាត់អ្នកកាសែតមិនឱ្យយកព័ត៌មានអំពីការឆែកឆេរភូមិគ្រឹះរបស់ឧកញ៉ារូបនេះទេ ។ ប៉ុន្តែទោះបីយ៉ាងណា យោងតាមប្រភពព័ត៌មាននានាបានឱ្យដឹងថា ក្នុងប្រតិបត្តិការឆែកឆេរភូមិគ្រឹះនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១៥នាក់ ក្នុងនោះមានស្រី៣នាក់ ។
ចំពោះការឃាត់ខ្លួនជនជាតិចិននេះ ត្រូវបានប្រភពឱ្យដឹងថា ជាក្រុមពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់ និងចាប់ជំរិតគ្នាតាមប្រព័ន្ធអ៊ីនធើរណេត ។ ក្រៅពីនាំខ្លួនជនជាតិចិន សមត្ថកិច្ចមិនបានប្រាប់ពីការដកហូតសម្ភារផ្សេងៗនៅក្នុងភូមិគ្រឹះខាងលើនេះទេ ។
តាមការកត់សម្គាល់មានតែក្រុមម៉ាហ្វីយ៉ាទេ ដែលហ៊ានជួលភូមិគ្រឹះស្កឹមស្កៃស្នាក់នៅ ព្រោះភូមិគ្រឹះធំៗបែបនេះ កុំថាតែប្រជាជនសាមញ្ញសូម្បីសមត្ថកិច្ចក៏ញញើតមិនហ៊ានទៅក្បែរដែរ៕
ចែករំលែកព័តមាននេះ