រាជធានីភ្នំពេញ ៖ នាយសានម៉ៅ ក្នុងវ័យ៥៤ឆ្នាំ ជាអតីតតួល្ខោនបាសាក់ក្នុងអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥-១៩៨៦ ក្នុងក្រុមល្ខោនបាសាក់ភូមិចំពុះក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចហើយក្លាយជាតារាកំប្លែងជាមួយក្រុមនាយកុយ និងនាយក្រឹម ចាប់តាំងពីឆ្នាំ១៩៨៧-១៩៨៨ មក ។ នាយទទួលកេរ្តិ៍ឈ្មោះល្បីតាមរយៈសម្តែងជាមួយក្រុមនាយកុយ ក្នុងរឿងសេដ្ឋីអ៊ូរ៉ាន់។ ក្រោយមកនាយសម្តែងរឿងកំប្លែងជាច្រើនទៀតធ្វើឱ្យនាយមានកេរ្តិ៍ឈ្មោះកាន់តែល្បីឡើង ។
ក្រោយពីមានកេរ្តិ៍ឈ្មោះល្បីនៅឆ្នាំ២០០២-២០០៣ នាយសានម៉ៅ បែកពីក្រុមនាយកុយ ទៅបង្កើតក្រុមខ្លួនឯងមួយដោយសម្តែងជាមួយនាយសង់ស៊ីស នាយសង់សេត នាយក្រួច នាយខ្ជឹប និងតារាកំប្លែងមួយចំនួនទៀតប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។ ពេលនោះនាយសានម៉ៅ ហាក់បីដូចជាធ្លាក់កូដស្ទើរតែបាត់កេរ្តិ៍ឈ្មោះទៅវិញ ។ រហូតមកដល់ចុងឆ្នាំ២០១១ ស្រាប់តែគេសង្កេតឃើញនាយសាន ម៉ៅ ចូលរួមសម្តែងជាមួយក្រុមនាយកុយវិញរហូតដល់បច្ចុប្បន្ននេះ ។
ការចេញចូលក្នុងក្រុមនាយកុយនេះ នាយសាន ម៉ៅឱ្យដឹងថា ពុំមានការអាក់អន់ស្រពន់ចិត្តអ្វីនឹងគ្នាទេ គឺនាយចាកចេញពីក្រុមនាយកុយកាលនោះ ដោយសារតែនាយឆ្លៀតពេលមិនរួចព្រោះកាន់កម្មវិធីដឹកនាំក្រុមកំប្លែងមួយក្រុមប្រចាំស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ។
នាយសានម៉ៅ ឱ្យដឹងថា ក្នុងឆ្នាំ២០១២ ក្រោយពីចូលរួមសម្តែងជាមួយក្រុមនាយកុយវិញ រាសីរបស់នាយហាក់បីដូចជាឡើងខ្លាំងគ្រាន់បើ គឺក្រៅពីសម្តែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន បាយ័ន រាល់សប្តាហ៍ ពីមួយថ្ងៃទៅមួយថ្ងៃនាយចេញសម្តែងនៅតាមបណ្តាខេត្ត-ក្រុងស្ទើរគ្មានពេលសម្រាក ។ ជាពិសេសនោះរាល់ថ្ងៃនាយចេញច្រៀងកាត់សក់ក្នុងពិធីមង្គលការក្នុង១ថ្ងៃពី២ទៅ៤រោងឯណោះ។ ជាក់ស្តែងកាលពីថ្ងៃទី២២ មេសា ២០១២ នាយកាត់សក់ក្នុងពិធីមង្គលការរហូតដល់៤រោង ឯណោះ ។
លុះដល់ពេលល្ងាចនាយចេញទៅសម្តែងកំប្លែងនៅឯខេត្តកំពង់ចាមទៀត។ នាយសានម៉ៅ រៀបការនៅឆ្នាំ១៩៨១ និងមានកូនប្រុសស្រី៥នាក់ គឺប្រុស២នាក់ ស្រី៣នាក់ និងមានចៅចំនួន៤នាក់ ។ នាយសានម៉ៅ សព្វថ្ងៃនេះជាពិធីករជាមួយនាងប៉ុបពី ក្នុងកម្មវិធី«ដើមភូមិចុងភូមិ» របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ៕
ចែករំលែកព័តមាននេះ