ខេត្តកំពង់ចាម ៖ ភិក្ខុសង្ឃម្នាក់អាយុ៣១ឆ្នាំ គង់នៅវត្តមួយក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ បានលបលួចសេពមេថុនជាមួយស្ត្រីម្នាក់អាយុ៤៥ឆ្នាំ កូនកាត់ចិនស្រស់ស្អាត រស់នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ដោយស្ងាត់ៗនៅក្នុងបន្ទប់លើផ្ទះ។ ទោះបីជាបែបណា ចៃដន្យត្រូវបានប្តីរបស់ស្ត្រីរូបនេះមកទាន់ ធ្វើឱ្យភិក្ខុរូបនេះភ័យស្លន់ស្លោរត់ទៅពួននៅពិតានទាំងកាយអាក្រាតននលគក កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មេសា កន្លងមកនេះ ។ ដោយការទប់ចិត្តមិនបានបុរសជាប្តីក៏បានបញ្ចេញកំហឹងដាក់ប្រពន្ធ និងភិក្ខុនោះផងដែរ ។
តាមមន្ត្រីនគរបាលការពារចម្ការកៅស៊ូជប់មួយរូបបានប្រាប់់កោះសន្តិភាពឱ្យដឹងថា ក្នុងពេលបុរសជាប្តីមិននៅផ្ទះចេញទៅហូបកាហ្វេបាត់នោះ ភិក្ខុសង្ឃម្នាក់នេះបានជិះម៉ូតូឌុបមកឈប់នៅមុខផ្ទះហើយឡើងទៅលើផ្ទះរបស់ស្ត្រីកូនកាត់ចិន ដោយស្ងាត់ៗនៅក្នុងបន្ទប់តែ២ នាក់ ។ មិនដឹងថាតើ បានធ្វើអ្វីខ្លះនៅឡើយទេ។ បន្ទាប់មក បុរសជាប្តីបានមកដល់ផ្ទះវិញ ។ ស្របពេលឃើញប្តីគេមកដល់ ភិក្ខុរូបនោះរត់ឡើងទៅសម្ងំនៅលើពិតានក្នុងបន្ទប់ទាំងស្រាតននលគក ។ ពេលនោះបុរសជាប្តីបានបើកទ្វារចូលក៏ធុំក្លិនប្លែកខុសពីធម្មតា និងឃើញស្បង់ចីវរ ហើយបានដើររកមើលស្រាប់តែឃើញប្រពន្ធកាន់ស្បង់ចីវរនៅក្នុងដៃ ព្រោះមានបំណងលាក់ប្តីក៏បានយកស្បង់ចីវរនោះទៅដុតចោល ។ ដោយសារមិនអស់ចិត្តចេះតែមានការសង្ស័យ បុរសជាប្តីដើររកម្តងទៀតពេញលើផ្ទះ។ លុះចុងក្រោយបានឡើងទៅមើលនៅលើពិតានក្នុងបន្ទប់ដេក ក៏ឃើញបុរសម្នាក់ជាអ្នកបួសដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងប្រពន្ធរបស់ខ្លួន ស្ថិតក្នុងស្ថានភាពស្រាតននលគកសម្ងំញ័រ ទទ្រើក ។
មន្ត្រីនគរបាលការពារចម្ការកៅស៊ូជប់ បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធរបស់បុរសរូបនោះ ស្ថិតក្នុងសភាពស្លៀកសារុងចោមពុង ដែលបង្ហាញថាប្រពន្ធខ្លួនពិតជាលួចសហាយស្មន់ជាមួយភិក្ខុម្នាក់នោះពិតប្រាកដហើយ ។ ដោយទប់ចិត្តមិនបានបុរសជាប្តីក៏បានទូរស័ព្ទ មកប្តឹងសមត្ថកិច្ចឱ្យមកនាំខ្លួនជនកំហូចទៅកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា នៅវេលាព្រឹកនោះគេសង្កេតឃើញព្រះមេគណស្រុកត្បូងឃ្មុំ បាននិមន្តមកដោះស្រាយ ដោយបានចាប់ផ្សឹកភិក្ខុនេះប្រគល់ឱ្យសមត្ថកិច្ច ។ តាមប្រភពព័ត៌មានពីបុរសជាប្តីប្រាប់ថា គ្រាន់តែប្រាក់ដែលប្រពន្ធចំណាយឱ្យភិក្ខុម្នាក់នេះ មិនតិចជាង១ម៉ឺនដុល្លារនោះទេ ។ មិនមានព័ត៌មានលម្អិតណាមួយបង្ហាញថា តើការចំណាយប្រាក់ទៅលើភិក្ខុម្នាក់នោះចាយដើម្បីអ្វី ហើយការទាក់ទងស្នេហ៍ដ៏អាស្រូវនេះ មានរយៈពេលប៉ុន្មានមកហើយនោះទេ ។
លោកវរសេនីយ៍ត្រី ហ៊ាង ហ៊ត់ អធិការនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ចំពោះករណីនេះ បុរសជាប្តីមិនព្រមធ្វើការសម្របសម្រួលនោះទេ ដោយទាមទារឱ្យមានចំណាត់ការលើជនកំហូចនោះ ។ ប៉ុន្តែដោយសារការពន្យល់ថា បើចាប់ភិក្ខុនោះក៏ត្រូវចាប់ប្រពន្ធបញ្ជូនទៅដាក់គុកជាមួយគ្នាដែរ ដោយមានការនឹកឃើញវែងឆ្ងាយ និងមានការសន្តោសប្រណី មេត្តាធម៌ពីសំណាក់បុរសជាប្តីដែលចិត្តមិនដាច់ ក៏សុខចិត្តយកគ្នាជាប្តីប្រពន្ធរួមរស់ជាមួយនឹង កូនៗ៣នាក់បន្តទៅទៀត មិនប្តឹងទេ ទោះបីមានរឿងរ៉ាវគួរឱ្យស្អប់ខ្ពើមបែបនេះក្តី ៕
ចែករំលែកព័តមាននេះ