ខេត្តព្រះវិហារ ៖ ក្រុមកុមារអាយុក្រោម១៤ឆ្នាំចំនួន១១នាក់ បានទទួលរងរបួសធ្ងន់២នាក់ ស្រាល៩នាក់ ក្នុងនោះស្រី៥នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ មីនា ២០១២ ក្នុងបន្ទប់រៀននៃសាលាបឋមសិក្សាកោះកេរ្តិ៍ ស្ថិតក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈមិនមានវត្តមានគ្រូនៅក្នុងថ្នាក់ក្មេងប្រុសម្នាក់បានកាន់គ្រាប់ប្រភេទគ្រាប់ត្បាល៦០មីល្លីម៉ែត្រ ដែលគេរើសបានពីស្រែមកនាំគ្នាបោះប្រមៀលលេងក្នុងបន្ទប់រៀនជាមួយមិត្តភក្តិដទៃទៀត ស្រាប់តែផ្ទុះឡើងកក្រើកពេញបន្ទប់រៀន បណ្តាលឱ្យរងរបួស១១នាក់ ក្នុងនោះធ្ងន់២នាក់ ។ បន្ទាប់ពីទទួលបានព័ត៌មានលោកអ៊ំ ម៉ារ៉ា អភិបាលខេត្តបានបញ្ជូនគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក១៦មករា និងរថយន្តសង្គ្រោះទៅដឹកកុមាររបួសទាំង១១នាក់នោះដើម្បីយកទៅព្យាបាល ។
នៅរសៀលថ្ងៃដដែល លោកអ៊ំ ម៉ារ៉ា ក៏បាននាំយកអំណោយទៅចែកជូន និងសួខសុខទុក្ខកុមារទាំង១១នាក់នោះដល់មន្ទីរពេទ្យផងដែរ ៕
ចែករំលែកព័តមាននេះ