រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «សមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់គឺមានសារសំខាន់សម្រាប់កំណត់ជោគជ័យរបស់យើង ។ កម្ពុជាមិនត្រឹមតែស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់មួយដែលមានសមាហរណកម្ម និងការតភ្ជាប់កំពុងតែលូតលាស់ជាមួយនឹងមហាអនុតំបន់មេគង្គ និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចម្ងាយជិតទៅនឹងប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅក្នុងពិភពលោក និងជាប្រទេសទីផ្សារធំបំផុតសម្រាប់កសិផលទៀតផង »។
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍បបែបនេះ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១២ ក្រោមប្រធានបទ «អាទិភាពប្រទេសកម្ពុជា ដើម្បីលើកកម្ពស់កំណើនសម្រាប់ទាំងអស់គ្នា សមាហរណកម្មក្នុងតំបន់និងការដឹកនាំអាស៊ាន» ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងធនាគារANZ Royal នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រការនេះគឺជាទ្រព្យដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យឯកជន ការវិនិយោគ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន លេចឡើងជារូបរាងនៅឆ្នាំ២០១៥ ខាងមុខនេះ ។ យើងបានខិតខំប្រឹងប្រែងក្នុងការថែរក្សាឱ្យបាននូវសេដ្ឋកិច្ចបើកចំហ និងការគោរពតាមលក្ខខណ្ឌតម្រូវរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងការចូលជាសមាជិក និងលក្ខខណ្ឌលម្អិតមួយចំនួននៃសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីរៀបចំខ្លួនឱ្យបានល្អ សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ។
ដោយផ្អែកតាមប័ណ្ណពិន្ទុសហគមន៍សេដ្ឋកិច្ចអាស៊ានចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញឱ្យឃើញថា កម្ពុជាសម្រេចបានច្រើនជាង៧០%នៃគោលដៅគន្លឹះនៃលក្ខខណ្ឌដែលបានដាក់ចេញដោយសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយទទួលបានចំណាត់ថ្នាក់ទី៣ បន្ទាប់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ។ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា នាពេលបច្ចុប្បន្នយើងកំពុងមានភាពជឿនលឿនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធុរកិច្ចឆ្លងដែន និងកិច្ចការគយ ដើម្បីបំពេញបន្ថែមលើការអនុលោមតាមលក្ខខណ្ឌ ។ ប៉ុន្តែនៅមានកិច្ចការខ្លះដែលត្រូវបន្តអនុវត្តដើម្បីពង្រឹងសមត្ថភាពស្ថាប័ននៃភ្នាក់ងារដែលទទួលខុសត្រូវកិច្ចការរដ្ឋបាល និងអភិបាលកិច្ចល្អនៃធុរកិច្ចឆ្លងដែន ការដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន ។
កិច្ចប្រឹងប្រែងទាំងនេះ នឹងធ្វើឱ្យកម្ពុជា ស្ថិតក្នុងស្ថានភាពកាន់តែល្អក្នុងការទាញយកប្រយោជន៍ពីសមាហរណកម្មនៃអនុតំបន់ និងតំបន់ ស្របពេលដែលកម្ពុជានៅតែបើកចំហសេដ្ឋកិច្ច ដើម្បីស្វែងរកឱកាសជាអន្តរជាតិ សម្រាប់ពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងតំបន់ និងក្រៅតំបន់ ។ ក្នុងទស្សនៈនេះពិតណាស់ថា ក្នុងឋានៈជាប្រធានអាស៊ាន យើងត្រូវដឹកនាំ ដោយធ្វើជាគំរូ និងបង្ហាញពីការប្តេជ្ញាចិត្ត ឆ្ពោះទៅសម្រេចការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ដើម្បីធ្វើឱ្យស៊ីជម្រៅ សមាហរណកម្មអាស៊ាន និងអាស៊ីបូព៌ា ហើយយើងត្រៀមទទួលយកទាំងកាលានុវត្តភាពនិងការទទួលខុសត្រូវពាក់ព័ន្ធនឹងដំណើរការនេះ ព្រមទាំងបញ្ជាក់ថា យើងមិនមានការព្រួយបារម្ភចំពោះការបើកទូលាយទីផ្សារ និងការប្រកួតប្រជែងពីខាងក្រៅនោះទេ ពីព្រោះយើងបានពង្រឹង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាប្រចាំនៅក្នុងកិច្ចប្រឹងប្រែងកសាងតំបន់និងប្រជាជាតិនីមួយៗរួចហើយនោះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងឋានៈពេលកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០១២នេះ ខ្ញុំសូមសម្តែងនូវមូលវាចារដ៏ថ្លៃថ្លា ចំពោះលោកប្រធានាធិបតីឥណ្ឌូណេស៊ី និងសហការី សម្រាប់ការដឹកនាំអាស៊ានបានយ៉ាងល្អ នៅឆ្នាំ២០១១ កន្លងទៅនេះ ។ រួមជាមួយអាស៊ាន មានកិច្ចការជាច្រើនដែលបានសម្រេចក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី ។
ក្នុងដំណើរទៅមុខទៀត តើអ្វីជាចក្ខុវិស័យសម្រាប់អាស៊ាន និងជាអាទិភាពរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅឆ្នាំនេះ ខ្ញុំចង់ឃើញអាស៊ានកានន់តែរឹងមាំ និងមានឥទ្ធិពលដើម្បីធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ដោយមានការប្តេជ្ញាកាន់តែខ្លាំងក្លាពីសំណាក់សមាជិកទាំងឡាយ ការកៀងគរធនធានបន្ថែម និងតួនាទីកាន់តែទូលំទូលាយរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋានអាស៊ាន ក៏ដូចជានិរន្តរភាព រវាងភាពជាប្រធានក្នុងស្ថាប័នតំបន់មួយនេះ។
ខ្ញុំមានជំនឿថា អាស៊ានគួរតែដើរតួនាទីឱ្យកាន់តែសកម្មក្នុងបញ្ហាអន្តរជាតិ ហើយខ្ញុំនឹងថ្លែងបញ្ជាក់សារនេះនៅពេលដែលខ្ញុំថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសម៉ិកស៊ិក ក្នុងនាមអាស៊ាននាខែមិថុនាខាងមុខនេះ ។ ខ្ញុំមានបំណងធានាឱ្យប្រាកដថា យើងត្រូវសម្រេចឱ្យបានជាអតិបរមានូវសមិទ្ធផលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ និងសហគមន៍សន្តិសុខ នយោនាយ និងវប្បធម៌សង្គមដែលប្រទាក់ក្រឡាគ្នា ដើម្បីប្រែក្លាយជាសហគមន៍មួយជោគវាសនាតែមួយ ដែលជាក្តីស្រមៃរបស់អាស៊ានឱ្យក្លាយជាការពិត និងធានាថា ប្រជាជាតិអាស៊ាន ពិសេសក្មេងៗជំនាន់ក្រោយយល់ដឹង និងកោតសរសើរអំពីតម្លៃនៃអភិក្រមគ្មាន២ ចំពោះលទ្ធិតំបន់និយម និងសមាហរណកម្មតំបន់ ព្រមទាំងភាពក្លៀវក្លា គ្មានប្រៀប ដែលនឹងផ្តល់ឱ្យយើងនូវសំឡេងតំបន់មួយដែលមានឥទ្ធិពលនៅក្នុងសហគមន៍ពិភពលោកដែលកំពុងមានបញ្ហាប្រឈម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថា ចំពោះបញ្ហាជាអាទិភាពសម្រាប់អាស៊ាន ខ្ញុំមានបំណងធានាឱ្យប្រាកដថា តាមរយៈការរួមគ្នានៅឆ្នាំ២០១២ យើងនឹងបន្តកសាងសមត្ថភាព របស់យើងដើម្បីធានាកំណើន និងសម្រេចបានវិបុលភាពកាន់តែខ្ពស់ សមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់និងការប្រកួតប្រជែងកាន់តែខ្លាំងក្លាតាមរយៈការសម្រេចឱ្យបានសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតាមរយៈការជំរុញប្រភពកំណើនក្នុងស្រុកនិងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសដំណើរការអាស៊ានបូក៣។ ខណៈបើកចំហនៅតែមានចំពោះឱកាសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ និងពិភពលោក ខ្ញុំសម្រេចផ្តល់តួនាទីកាន់តែធំសម្រាប់វិស័យឯកជននៅក្នុងកិច្ចដំណើរការ និងការរៀបចំគោលនយោបាយអាស៊ាន និងការទាក់ទាញយកផលចំណេញឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការអាស៊ាន ។ ខ្ញុំមានបំណងពង្រឹងអាស៊ាន ទៅជាស្ថាប័នមានធនធានសម្បូរបែបតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិអាស៊ាន និងតាមរយៈភាពជាដៃគូជាមួយដៃគូចរចាតំបន់និងអន្តរជាតិ ។
តាមការសន្យាក្នុងធម្មនុញ្ញអាស៊ាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្រួញគម្លាតអភិវឌ្ឍន៍រវាងអាស៊ាន និងប្រទេសជាសមាជិកដែលមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ព្រមទាំងជំរុញការបញ្ជាទិញ និងអន្តរពាណិជ្ជកម្មក្នុងតំបន់ ។
ខ្ញុំក៏មានបំណងប្រើប្រាស់វេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិភាព និងសន្តិសុខក្នុងតំបន់ សម្រាប់បញ្ចៀសជម្លោះ និងដោះស្រាយភាពតានតឹង គោរព និងការពារផលប្រយោជន៍ ទាំងប្រទេសតូច និងប្រទេសធំក្នុងតំបន់ ក្នុងពេលដែលយើងធ្វើការរួមគ្នាលើការមិនរីកសាយអាវុធនុយក្លេអ៊ែរ ការប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្ម និងការទប់ស្កាត់ការរត់ពន្ធមនុស្ស ។
ខ្ញុំមានបំណងធ្វើការជាមួយដៃគូអាស៊ាន និងដៃគូផ្សេងទៀតក្នុងតំបន់ ដើម្បីគាំទ្រប្រទេសមីយ៉ាន់ម៉ា ឱ្យសម្រេចបានតាមបំណងប្រាថ្នា របស់ខ្លួន និងបន្តតួនាទី ដែលមានសិទ្ធិពេញលេញក្នុងអាស៊ាន និងតំបន់កាន់តែទូលំទូលាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាគឺស្ថិតនៅលើទីតាំងល្អប្រសើរ ក្នុងការដើរតួនាទីជាអ្នកដឹកនាំអាស៊ាន ដែលប្រកបដោយការទទួលខុសត្រូវ និងមានលក្ខណៈ ស្ថាបនានៅពេលនេះ និងតាមរយៈជាប្រជាជាតិក្នុងតំបន់ និងអន្តរជាតិ ដែលមានការទទួលខុសត្រូវ ដើម្បីតបស្នងវិញនូវអ្វីដែលយើងបានទទួលការឧបត្ថម្ភពីប្រទេសជិតខាងក្នុងតំបន់ និងពីសហគមន៍អន្តរជាតិ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមក ។ យើងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយភាពវិជ្ជមាន គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាមួយប្រទេសជិតខាងក្នុងអាស៊ាន អាស៊ីបូព៌ា ដូចជាប្រទេសចិន កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន ព្រមទាំងជាមួយប្រទេសសំខាន់ៗ ក្នុងតំបន់ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី ។
ខ្ញុំមានសេចក្តីរីករាយ សូមប្រកាសថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះសម្រាប់ការពិភាក្សាថ្នាក់ពិភពលោក ដែលនឹងរៀបចំនៅចុងឆ្នាំ២០១២ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ ខ្ញុំគ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំនៃអង្គការអភិវឌ្ឍន៍និងហិរញ្ញវត្ថុពហុភាគីសំខាន់ៗ រួមមានមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការសហប្រជាជាតិនិងអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជួបជុំគ្នាពិភាក្សារិះរកវិធីសាស្ត្រធ្វើការរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា ដើម្បីបន្តសម្រេចគោលដៅរួមគ្នា គឺសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងសុវត្ថិភាព ។
លោកបណ្ឌិតសុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍(CDRI) បានមានប្រសាសន៍ថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា លើកទី៦ នៅឆ្នាំ២០១២នេះ វិទ្យាស្ថាន CDRI និងធនាគារANZ Royal បានរួមសហការគ្នារៀបចំឡើងក្រោមប្រធានបទ «អាទិភាពប្រទេសកម្ពុជា ដើម្បីលើកកម្ពស់កំណើនសម្រាប់គ្រប់គ្នា សមាហរណកម្មក្នុងតំបន់ និងការដឹកនាំអាស៊ាន»។
លោកបណ្ឌិតបន្តថា សន្និសីទចក្ខុវិស័យ នេះ បានប្រារព្ធធ្វើឡើងចំពេលល្អណាស់ ដោយប្រទេសកម្ពុជាដល់វេលាធ្វើជាប្រធានអាស៊ាន ដែលជាការទទួលខុសត្រូវមួយយ៉ាងធំ និងជាឱកាសមួយដ៏ល្អ សម្រាប់ឱ្យប្រទេសកម្ពុជាបង្ហាញពីសមាជិកភាពរបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងតួនាទីជាវិជ្ជមានរបស់កម្ពុជានៅក្នុងតំបន់ និងក្នុងពិភពលោក ៕


ចែករំលែកព័តមាននេះ