មនុស្សទូទៅមានជំនឿថា ថ្ងៃសុក្រ ទី១៣ ជាថ្ងៃមិនល្អ ជាប្រផ្នូលអាក្រក់ និងជាថ្ងៃដែលខ្មោចព្រាយតាមមកបំភិតបំភ័យដល់មនុស្សគ្រប់រូប ។ ជំនឿនេះបានកើតឡើងតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ប៉ុន្តែជំនឿនេះនៅតែធ្វើឱ្យមនុស្សមួយចំនួនងឿងឆ្ងល់ថា តើពិតជាថ្ងៃគួរឱ្យភ័យខ្លាចមែនឬ ? ការមានជំនឿថា ថ្ងៃសុក្រ ទី១៣ ជាថ្ងៃមិនល្អនេះមានរឿងតំណាលថា មានមនុស្ស១៣នាក់ ទទួលទានអាហាររួមគ្នាជាលើកចុងក្រោយជាមួយព្រះយេស៊ូនៅមុនពេលដែលព្រះអង្គត្រូវយកទៅចងឆ្កាងនៅលើឈើខ្វែងក្នុងថ្ងៃសុក្រ ។
ស្ថានភាពនោះធ្វើឱ្យមនុស្សមានជំនឿថា ក្នុងពេលណាក៏ដោយដែលមានមនុស្ស១៣នាក់ អង្គុយទទួលទានអាហារជាមួយគ្នាក្នុងតុតែមួយអ្នកដែលក្រោកពីតុមុនគេ នឹងក្លាយជាមនុស្សដំបូងដែលត្រូវស្លាប់ ។ មនុស្សភាគច្រើនដឹងឮតៗគ្នា ទាក់ទិននឹងរឿងនៃថ្ងៃសុក្រ ទី១៣ និងលេខ១៣ តែតាមពិតហាក់ដូចជាមិនពាក់ព័ន្ធនឹងមូលហេតុធ្វើឱ្យខ្មោចព្រាយចេញមកយាយីមនុស្ស និងជីវិតត្រូវអាប់អោនក្នុងថ្ងៃនេះទេ ។ អ្នកជំនាញផ្នែកចិត្តវិទ្យាយល់ឃើញថា ក្នុងថ្ងៃនីមួយៗ មនុស្សម្នាក់ៗតែងតែជួបប្រទះនឹងបញ្ហាផ្សេងៗដោយមិនសំដៅតែទៅលើថ្ងៃសុក្រទី១៣ទេ ។
ដោយឡែកសម្រាប់ជំនឿរបស់ជនជាតិអេហ្ស៊ីបវិញលេខ១៣ ជាលេខមង្គលសួស្តី ។ តាមរឿងព្រេងក្នុងសម័យ «ហ្វារ៉ូ » បញ្ជាក់ថា ជីវិត និងវិញ្ញាណរបស់មនុស្សនឹងត្រូវចែកចេញជាដំណាក់កាល ។ បំណែងចែកដំណាក់កាលសរុបមានចំនួន១២ ដំណាក់កាល និងដំណាក់កាលទី១៣ គឺស្ថានភាពអមតៈក្រោយពីការស្លាប់ ៕
ចែករំលែកព័តមាននេះ