រាជធានីភ្នំពេញ ៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទ ដែលតែងតែគំរាមកំហែងអាយុជីវិតអ្នកជំងឺគ្រប់ពេលវេលាទាំងអស់ ជាពិសេស នៅពេលដែលលោកអ្នកមិនបានអនុវត្ដទៅតាមការណែនាំរបស់គ្រូពេទ្យឯកទេសនោះ ។
លោកសាស្ដ្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត សេង សេរី ឯកទេសផ្នែកជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ប្រាប់កោះសន្ដិភាពឱ្យដឹងថា ជំងឺទឹកនោមផ្អែមត្រូវបានគេបែងចែកជា៤ប្រភេទធំៗដូចជាៈ
១-ជំងឺទឹកនោមផ្អែមប្រភេទទី១ៈ ច្រើនតែកើតមានតាំងពីកូនក្មេង ហើយអ្នកជំងឺត្រូវតែព្យាបាលដោយការចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ អ្នកជំងឺអាចរស់នៅរៀនសូត្រប្រកបការងារបានជាធម្មតា ហើយមានអាយុយឺនយូរដូចអ្នកដ៏ទៃ គ្រាន់តែត្រូវការចាក់អាំងស៊ុយលីនមួយជីវិតតែប៉ុណ្ណោះ ។ មាតាបិតា ដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ មិនត្រូវអស់
សង្ឃឹម ឬស្ដីបន្ទោសទៅលើបាបកម្មព្រេងវាសនានោះទេ ។ មាតាបិតាត្រូវតែបំពេញកា
តព្វកិច្ច ដែលជាគំរូល្អទទួលខុសត្រូវខ្ពស់ ដោយនាំកូនទៅជួបជាមួយគ្រូពេទ្យឯកទេស ជួយលើកទឹកចិត្ដកូនឱ្យគោរពជាប់ជាប្រចាំនូវដំបូន្មានគ្រួពេទ្យ ។ មាតាបិតាត្រូវចង់ចាំថា កូនលោកអ្នកអាចមានប្រាជ្ញាស្មារតីឆ្លាតវ័យមិនចាញ់អ្នកដ៏ទៃឡើយ ។
២-ជំងឺទឹមនោមផ្អែមប្រភេទទី២ៈ ជាជំងឺដែលសម្បូរជាងគេ មានរហូតដល់៩៥ភាគរយ នៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ។ ពីមុនវាកើតច្រើនតែលើមនុស្សចាស់ពីអាយុ៦០ឆ្នាំឡើយទៅ ក្រោយមកអាយុ៤០ឆ្នាំ តែឥឡូវវារាលដាលដល់យុវវ័យថែមទៀត ដោយសារតែ ការទទួលទានចំណីអាហារសម្បូរសារជាតិស្ករ និងខ្លាញ់ច្រើនពេក ហើយបញ្ចេញពលកម្មតិច ។ ភាពច្រើននៃជំងឺអាចកើតចំពោះអ្នកលើសទម្ងន់ធាត់ដុះក្បាលពោះ ។ ចំពោះការព្យាបាលវិញគឺទាមទារឱ្យអ្នកជំងឺគិតគួរពីរបបអាហារ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ គួបផ្សំនឹងថ្នាំលេបអាចមួយមុខ ឬច្រើនមុខទៅតាមវេជ្ជបញ្ជារបស់គ្រួពេទ្យឯកទេស ។ ការព្យាបាលដោយថ្នាំលេបទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នេះ ជាមធ្យមប្រហែលពី៥ទៅ១០ឆ្នាំ អាស្រ័យទៅលើការព្យាយាមគិតគូរពីរបបអាហារ និងធ្វើលំហាត់ប្រាណ ។ ទាំងអស់នោះអាចបាត់បង់លទ្ធភាព និងប្រសិទ្ធិភាពរបស់វាក្នុងការគ្រប់គ្រងអត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ ពេលនោះហើយ ដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវការព្យាបាលដោយកាចាក់ថ្នាំអាំងស៊ុយលីន បន្ថែមដូចជាជំងឺទឹកនោមផ្អែមប្រភេទទី១ដែរ ។ ការព្យាបាលដោយការចាក់អាំងស៊ុយលីននេះមិនមែនមានន័យថា ជំងឺរបស់អ្នកធ្ងន់ធ្ងរ ឬជិតដល់ស្លាប់ដួចពាក្យចចាមអារាមនោះទេវានឹងជួយលោកអ្នកឱ្យរស់នៅប្រកបការងារបានយូរលង់តទៅទៀតដោយចៀសផុតពីផលវិបាកផ្សេងៗ ។ អ្នកជំងឺ ដែលពុំព្រមទទួលយកការព្យាបាលដោយអាំងសុយលីននេះ គឺជាការឆោតល្ងង់មួយ ហើយអ្នកកំពុងតែធ្វើឱ្យខ្លួនអ្នកធ្លាក់ទៅក្នុងពិការភាព ឬអាយុខ្លីដោយមិនដឹងខ្លួន ដែលបណ្ដាលមកពីផលវិបាករបស់ជំងឺទឹកនោមផ្អែម។ ទីបំផុតអ្នកនឹងត្រូវចំណាយប្រាក់ច្រើនលើសលប់សម្រាប់តែរស់ប៉ុណ្ណោះ ព្រោះអ្នកមិនអាចប្រកបការងារអ្វីបានទៀតទេ។ នេះមិនគិតពីការខាត់បង់ពេលវេលារបស់អ្នកដែលតាមថែរក្សាអ្នកជំងឺផង ។ ក្រៅពីប្រើអាំងស៊ុយលីនលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលប្រើប្រាស់ថ្នាំគ្រាប់លេបគេអាចប្រើអាងស៊ុយលីនចាក់លើអ្នកជំងឺទឹកនោមផ្អែម ដែលមានជំងឺរួមផ្សំទៀតដូចជាជំងឺអេដស៍ របេង ថ្លើម គ្រលៀន ។ អាំងស៊ុយលីនជាថ្នាំមានសុវត្ដិភាពបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាការពារមិនឱ្យគ្រលៀន ថ្លើម និងគ្រឿងក្នុងផ្សេងៗទៀតខូចខាត តែវាអាចបង្កឱ្យមានគ្រោះថ្នាក់ដោយអត្រាស្ករចុះជ្រុលបណ្ដាលមកពីអ្នកជំងឺប្រើប្រាស់វាហើយមិនទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ។
៣-ជំងឺទឹកនោមផ្អែមកើតលើស្ដ្រីមានផ្ទៃពោះ ៖ ជំងឺទឹកនោមផ្អែមប្រភេទនេះ ច្រើនកើតនៅលើស្ដ្រីកំពុងពពោះ ដែលមានអាយុពី ៦ខែទៅ ។ ការពិតភាគច្រើន នៃជំងឺនេះគេមិនបានដឹងទេបើគ្មានការតាមដានឱ្យបានត្រឹមត្រូវព្រោះវាគ្មានរោគសញ្ញាធ្ងន់ធ្ងរ សម្រាប់ឱ្យអ្នកជំងឺដឹង ហើយវាហាក់ដូចជាបាត់ទៅវិញពេល ដែលម្ដាយប្រសូតបុត្រហើយ ។ អ្វីដែលជាផលវិបាកធ្ងន់ធ្ងរនោះ គឺវាអាចប៉ះពាល់ដល់កូននិងម្ដាយទាំងពេលពពោះទាំងពេលអនាគត ។ ផលវិបាកពេលពពោះអាចបណ្ដាលឱ្យកូនរលូតដោយឯងឯង កូនកើតមកមិនគ្រប់ខែ កូនកើតមកមិនគ្រប់លក្ខណៈ កូនស្លាប់ក្នុងពោះម្ដាយ ម្ដាយស្លាប់ដោយកូនកើតមិនរួចព្រោះកូនថ្លោសពេក ។ ចំពោះថ្ងៃអនាគតវិញម្ដាយអាចវិវត្ដទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី២ កូនអាចស្លាប់ភ្លាមៗ ពេលកើតមកបាន២៤ម៉ោងដោយខ្វះជាតិស្ករព្រោះវាតម្លាប់ប្រើស្ករច្រើននៅក្នុងពោះម្ដាយ ។ ពេលវាធំវាអាចវិវត្ដទៅរកជំងឺធាត់ និងជំងឺទឹកនោមផ្អែមផងដែរ ។
ដើម្បីសុវត្ដិភាពដល់ម្ដាយ និងកូន រាល់គ្រប់មាតាទាំងឡាយពេលមានផ្ទៃពោះត្រូវទៅទទួលនូវការពិនិត្យតាមដានរកជំងឺទឹកនោមផ្អែមពេលពពោះ ហើយគ្រប់អ្នកជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះត្រូវតែព្យាបាលដោយការចាក់អាំងស៊ុយលីនរហូតដល់ថ្ងៃសម្រាលទើបយើងឈប់ប្រើ ។
៤-ជំងឺទឹកនោមផ្អែមកើតមកពីបញ្ហាផ្សេងៗ ។ សូបបញ្ជាក់ថា ជំងឺទឹកនាមផ្អែមទាំងបីប្រភេទខាងលើសុទ្ធតែជាជំងឺរាំរៃព្យាបាលមិនជា គឺបានសេចក្ដីថា យើងត្រូវតែព្យាបាលវាមួយជិវិតដើម្បីឱ្យរស់នៅបានយូរដូចអ្នកធម្មតា។ ដោយឡែកជំងឺទឹកនោមផ្អែមប្រភេទទី៤ នេះ ជាជំងឺដែលអាចព្យាបាលជា កាលណាយើងដឹងពីបញ្ហាបង្កច្បាស់លាស់ ប្រាកដជាអាចលប់បំបាត់វាបាន ។ ជំងឺទឹកនោមផ្អែមប្រភេទនេះអាចបណ្ដាលមកពីៈ
-កាបើប្រាស់ថ្នាំផ្សេងៗដូចជាថ្នាំបំបាត់ការឈឺចាប់ ការរលាក ថ្នាំអេដស៍ ថ្នាំផ្លូវចិត្ដ ថ្នាំអូរមូន ។
-ជំងឺផ្សេងៗដូចជាជំងឺពកកសើរស្បែក រលាក ឬមហារីកលំពែង រលាកថ្លើម ជំងឺសន្លាក់ ជំងឺក្រពេញជាដើម ៕
ចែករំលែកព័តមាននេះ