រាជធានីភ្នំពេញ ៖ ស្នាមក្រិន គឺស្បែកដែលមានសភាពឡើងក្រាស់ហើយមានពណ៌ស្រអាប់ ដោយសារតែលោកអ្នកនាង កញ្ញា បានប៉ះទង្គិចចុះឡើងៗជាញឹកញាប់ ទើបបណ្តាលឱ្យកើតមានស្នាមក្រិន។ លោកអ្នកប្រាកដជាបានជ្រាបខ្លះៗហើយថា ស្បែករបស់លោកអ្នកគឺនៅពេលដែលក្រិនវាមានសភាពគ្រោតគ្រាតឡើងក្រាស់ធ្វើឱ្យពណ៌ឡើងក្រមៅ។ ស្នាមក្រិនអាចកើតមាននៅតាមកន្លែងមួយចំនួនដូចជាកែងដៃ ជង្គង់ ភ្នែកជើង(ភ្នែកគោល) ជាដើម។
លោកវេជ្ជបណ្ឌិតស្រេង រាសី អ្នកជំនាញផ្នែកសើស្បែកនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សមេហ្គាប៊ែល និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សអាស៊ីប៊ីយូធី បានមានប្រសាសន៍ឱ្យដឹងថា ស្នាមក្រិនអាចបណ្តាលមកពីមូលហេតុមួយចំនួន ដូចជាក្រិនដោយសារលោកអ្នកឧស្សាហ៍ច្រត់ដៃនៅលើតុ ឬក៏ច្រត់នៅលើរបស់ផ្សេងៗដែលរឹង។ កែងដៃត្រូវបានប៉ះទង្គិចជាមួយវត្ថុអ្វីមួយចុះឡើងៗ ជាហេតុបណ្តាលឱ្យក្រិន។ ស្នាមក្រិនក៏អាចបណ្តាលមកពីហ្សែ៊នផងដែរ ប៉ុន្តែករណីនេះគឺមានភាគតិចណាស់ អ្វីដែលជាក់ស្តែង និងអាចយកជាការបាននោះ គឺបណ្តាលមកពីការប៉ះទង្គិចជាមួយវត្ថុរឹងញឹកញាប់ ទើបបណ្តាលឱ្យក្រិន។
ស្នាមក្រិន គឺបណ្តាលឱ្យស្បែកឡើងក្រាស់ហើយមានសភាពខ្មៅ ដូចនេះវិធីបំបាត់ស្នាមក្រិន គឺត្រូវប្រើវិធីជម្រុះដោយប្រើក្រែមជម្រុះ ឬបកជម្រុះ ជាពិសេសត្រូវប្រើត្រេទីណូអិុន ឬវីតាមីន អាស៊ីត ផ្លែឈើ (ដូចជាក្រូចឆ្មារ ផ្លែប៉ោម ជាដើម) ក្រែមអ៊ុយរ៉េអា១០ភាគរយ ឬ២០ភាគរយ អាស៊ីតសាលីសាលិក ក្រែមផ្តល់សំណើម យកមកលាបនៅលើដៃដែលក្រិន។ វិធីបំបាត់នេះត្រូវប្រើរយៈពេលយូរវាមិនអាចបាត់ដោយភ្លាមៗបាននោះទេ។
លោកវេជ្ជបណ្ឌិតស្រេង រាសី បានបន្ថែមទៀតថា ជាធម្មតាស្នាមក្រិនតែងតែផ្តល់នូវផលប៉ះពាល់ដល់លោកអ្នកនាងកញ្ញា ប៉ុន្តែវាមិនផ្តល់នូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដូចជានៅពេលដែលវាក្រិនខ្លាំងវាអាចបង្កឱ្យមានការឈឺចាប់ ជាពិសេសចំពោះស្បែកស្ងួត ដោយសារតែស្នាមក្រិនវាប្រេះ។ សម្រាប់ស្ត្រីនៅពេលមានស្នាមក្រិននៅលើកែងដៃអាចធ្វើឱ្យសោភ័ណភាពនៃសម្រស់ដៃត្រូវបានបាត់បង់ ដែលជាហេតុធ្វើឱ្យសុភាពនារី មិនហ៊ានពាក់អាវវាលក្លៀក ឬក៏ដៃខ្លីដោយសារតែមានស្នាមក្រិនខ្មៅ។ ចំពោះលោកអ្នកនាងកញ្ញា ដែលមានស្បែកខ្មៅសអាប់ កែងដៃដែលក្រិនមើលទៅឃើញលេចធ្លោជាងអ្នកដែលមានស្បែកសរលាង។
ដូចនេះសម្រាប់លោកអ្នកនាងកញ្ញាដែលមិនចង់ឱ្យកើតមានស្នាមក្រិននៅលើកែងដៃនោះ គឺកុំសូវច្រត់នៅលើតុ ឬក៏វត្ថុរឹងៗយូរពេកនោះទេ។ តែបើសិនជាមានបញ្ហាបន្តិចបន្តួច សុភាពនារី ឬក៏សុភាពបុរសអាចប្រើក្រូចឆ្មារមកដុសនៅចំណុចដែលក្រិន ឬក៏ប្រើឡេមានជាតិសំណើមដែលអាចជួយការពារស្បែកកុំឱ្យក្រិនជាដើម៕
ចែករំលែកព័តមាននេះ