រាជធានីភ្នំពេញ ៖ ការឈឺចុកចាប់នៃដើមទ្រូងនៅពេល ដែលលោកអ្នកធ្វើការធ្ងន់ ហើយឆាប់ហត់នៅពេលដែលធ្វើលំហាត់ប្រាណ ឬមានការឈឺចាប់នៅពេលឡើងលើជណ្តើរ ទាំងនេះគឺអាចបណ្តាលមកពីលោកអ្នកមានជំងឺស្ទះសរសៃឈាមបេះដូង។ ជំងឺស្ទះសសៃឈាមបេះដូងគឺជាជំងឺមួយប្រភេទ ដែលតែងតែគំរាមដល់ជីវិតលោកអ្នកបានគ្រប់ពេលវេលា ហើយជំងឺនេះគឺបណ្តាលមកពីការរួមតូចនៃវិជ្ជមាត្ររបស់សរសៃឈាមបេះដូង ដែលបណ្តាលមកពីកំណកខ្លាញ់នៅក្នុងស្រទាប់សរសៃឈាមនោះ។
លោកវេជ្ជបណ្ឌិតឈី ប្រកប អនុប្រធានផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ឱ្យដឹងថា ជំងឺស្ទះសរសៃឈាមបេះដូងគឺជាជំងឺដែលធ្វើឱ្យឈឺចាប់ដើមទ្រូង ដែលបង្កមកពីការស្ទះសរសៃឈាមបេះដូង។ កាលណាសរសៃឈាមបេះដូងស្ទះ ធ្វើឱ្យបេះដូងមិនអាចទទួលចំណីអាហារ និងអុកស៊ីសែនបានគ្រប់គ្រាន់ ជាហេតុដែលធ្វើឱ្យលោកអ្នកមានការឈឺចាប់ទៅនឹងដើមទ្រូង។
ចំពោះមូលហេតុចំបងគឺដោយសារតែសរសៃឈាមបេះដូងមានការជ្រាបចូលនៃជាតិខ្លាញ់ នៅក្នុងស្រទាប់សរសៃឈាមបេះដូង ដែលជាហេតុធ្វើឱ្យសសៃឈាមបេះដូងរួមមាឌតូច ដូច្នេះបេះដូងមិនអាចទទួលឈាមបានគ្រប់គ្រាន់។
កត្តាដែលបង្កឱ្យកើតជំងឺនេះមានដូចជា បណ្តាលមកពីលោកអ្នក ដែលកើតមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម រីក៏អាចបណ្តាមកពីអ្នកដែលធាត់លើសទម្ងន់ តំណពូជ កត្តាដែលមានអាយុច្រើន មនុស្សប្រុសចាប់ពី៦៥ មនុស្សស្រីចាប់ពី៥៥ឡើងទៅ ទាំងនេះក៏ជាហេតុធ្វើឱ្យលោកអ្នកកើតជំងឺស្ទះសរសៃឈាមបេះដូងបានដែរ។ ចំពោះលោកអ្នកដែលមិនសូវធ្វើពលកម្ម ឬក៏ធ្វើលំហាត់ប្រាណ ដើម្បីឱ្យចេញញើស លោកអ្នកចូលចិត្តពិសាបារី និងទទួលទានស្រាច្រើនពេក ក៏ជាចំណុចមួយដែលអាចធ្វើឱ្យលោកអ្នកងាយនឹងកើតជំងឺនេះផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ចំពោះរោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូងដែលលោកអ្នកគួរចាប់អារម្មណ៍គឺ ការឈឺចាប់នៅនឹងកណ្តាលនៃដើមទ្រូង ហើយការឈឺចាប់នេះវាអាចមានការរាលដាលទៅកន្លែងផ្សេងទៀតដូចជា ដៃ, ស្មា, ក, ថ្គាម, ខ្នង នេះជាការរាលដាល នៃការឈឺចាប់។ រយៈពេលដែលឈឺចាប់នៅពេលដែលលោកអ្នកធ្វើការធ្ងន់ៗ ឬឡើងជំណ្តើរ ពេលរត់ ពេលដើរទៅកន្លែង
ឆ្ងាយៗ ហើយនៅពេលដែលលោកអ្នកឈប់សម្រាកការឈឺចាប់ក៏រសាយបាត់ទៅវិញម្តងបន្តិចៗ។
ជំងឺស្ទះសរសៃឈាមបេះដូង អាចធ្វើឱ្យលោកអ្នកបាត់បង់ជីវិតបានគ្រប់ពេលវេលាទាំងអស់។ នៅពេលសរសៃឈាមដែលមានជាតិខ្លាញ់នោះប្រេះ រហែក បាក់ វាធ្វើឱ្យមានកកឈាមនៅក្នុងសរសៃឈាមបេះដូង ហើយកាលណាឈាមកក ជាហេតុធ្វើឱ្យស្ទះសរសៃឈាមបេះដូង មានអាការធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលវេលា។
លោកអ្នកត្រូវតែគិតដល់ស្ថានភាពនេះ ប្រសិនបើការឈឺចាប់មានញឹកញាប់ជាងមុន ឬកាឈឺចាប់មានសភាពធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុនលើសពី២០ទៅ៣០នាទី ឬក៏ការឈឺចាប់នេះមិនធូរស្រា ឬគ្មានប្រសិទ្ធភាពដោយសារប្រើថ្នាំដែលលោកអ្នកធ្លាប់ប្រើកន្លងមក ដូចនេះលោកអ្នកគួរតែអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់ បើមិនដូច្នេះទេ អាចធ្វើឱ្យលោកអ្នកបាត់បង់ជីវិតគ្រប់ពេលវេលាទាំងអស់។
បើសិនជាលោកអ្នកមានជំងឺសរសៃឈាមបេះដូងលោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ។ ចំពោះការព្យាបាលភាគច្រើនគឺគ្រូពេត្យតែងតែឱ្យអ្នកជំងឺលេបថ្នាំ ហើយករណីខ្លះត្រូវព្យាបាលដោយការពង្រីកសរសៃឈាម ដើម្បីបើកផ្លូវឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបាន។ ចំពោះលោកអ្នកមួយចំនួនដែលមានជំងឺស្ទះសរសៃឈាមបេះដូង មុននឹងធ្វើការប្រើប្រាស់ថ្នាំ លោកអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីឱ្យគ្រូពេទ្យពិនិត្យទៅលើអ្នកជំងឺ ដើម្បីដឹងថា លោកអ្នកត្រូវប្រើថ្នាំអ្វីឱ្យសមនឹងសភាពនៃអ្នកជំងឺ ថាតើអ្នកជំងឺមានអាការស្រាល ឬក៏ធ្ងន់។
ជំងឺនេះគឺកើតឡើងដោយមូលហេតុមួយចំនួន ហើយមូលហេតុទាំងនេះគឺមានច្រើនចំណុចធំៗដូចជា លោកអ្នកមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ទាំងនេះគឺសុទ្ធតែជាធាតុបង្កដែលអាចឱ្យលោកអ្នកកើតមាននូវជំងឺស្ទះសរសៃឈាមបេះដូង ដូចនេះនៅពេលដែលលោកអ្នកកើតនូវជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមលោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។ នៅពេលដែលលោកអ្នកមានជាតិខ្លាញ់ ច្រើនលោកអ្នកគួរតែព្យាបាលដោយបញ្ចុះជាតិខ្លាញ់ ហើយបើលោកអ្នកធាត់ លោកអ្នកគួរតែបញ្ចុះទម្ងន់។ លោកអ្នកគួតែឈប់ពិសាបារី ស្រា ហើយត្រូវតែធ្វើលំហាត់ប្រាណឱ្យបាន៣០នាទីក្នុងមួយថ្ងៃ។ លោកអ្នកគួរតែទទួលទានសាច់ត្រីឱ្យបានច្រើន ត្រូវចៀសវាងការទទួលទានសាច់ ដែលមានជាតិខ្លាញ់ដូចជាសាច់មាន់ សាច់គោ សាច់ជ្រូកជាដើម។ ត្រូវទទួលទានអាហារដែលជួយការពារសុខភាពរបស់លោកអ្នកដូចជា បន្លែ ទឹកផ្លែឈើឱ្យបានច្រើន ទាំងនេះ គឺជាការការពារកុំឱ្យកើតមានជំងឺស្ទះសរសៃឈាមបេះដូង៕
ចែករំលែកព័តមាននេះ