ខេត្តកំពង់ចាម ៖ ស្របពេលដែលដើមពោធិ៍នៅទីផ្សារប្រទេសវៀតណាម កំពុងមានតម្លៃខ្ពស់កប់ពពកនោះ បានធ្វើឱ្យក្រុមឈ្មួញខ្មែរនៅក្នុងស្រុក និងជនជាតិវៀតណាម ដើរប្រមូលទិញនៅតាមបណ្តាភូមិនានា នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គយ៉ាងគគ្រឹកគគ្រេង។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២០ វិច្ឆិកា នៅក្នុងបរិវេណវត្តថ្មី ស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម មានរថយន្តប្រភេទយីឌុប១គ្រឿង ដឹកដើមពោធិ៍ចំនួន២ដើមធំៗ ដោយគ្របកៅស៊ូតង់បិទជិតត្រៀមនឹងចេញទៅប្រទេសវៀតណាម។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងឃុំទ្រានមានដើមពោធិ៍មួយដើមធំ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ក៏ត្រូវបានក្រុមឈ្មួញយួន និងខ្មែរបានមកតថ្លៃទិញក្នុងតម្លៃខ្ពស់ កាលពីពេលថ្មីៗនេះ ហើយក៏បានគាស់រំលើងយកទាំងឫស ដឹកមកដាក់នៅក្នុងបរិវេណវត្តថ្មី ។ សមត្ថកិច្ចដដែលបានបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី២០ វិច្ឆិកា ស្រាប់តែមានដើមពោធិ៍១ដើមទៀតដែលឈ្មួញបានទៅទិញមកពីខាងស្រុកស្ទឹងត្រង់នោះក៏បានដឹកយកមកដាក់នៅក្នុងបរិវេណវត្តថ្មី ឃុំទ្រាន ស្រុកកំពង់សៀម ហើយបានជួលរថយន្តស្ទូចចំនួន២គ្រឿង មកស្ទូចលើកដើមពោធិ៍ដាក់លើរថយន្តយីឌុប បន្ទាប់មកបានយកកៅស៊ូតង់គ្របជិតពីលើកុំឱ្យគេឃើញ។
តាមសម្តីអ្នករស់នៅក្នុងភូមិប្រាប់ឱ្យដឹងថា ពេលដែលគេដឹកដើមពោធិ៍ធំៗចំនួន២ដើម មកដាក់នៅក្នុងបរិវេណវត្តថ្មី នៅឃុំទ្រាននេះ គេបានឃើញរថយន្តតូចៗចំនួន២គ្រឿង ដែលសង្ស័យថា ជារថយន្តរបស់ថៅកែដើមពោធិ៍នោះ ។ ក្រោយពីបានស្ទូចលើកដើមពោធិ៍ដាក់លើរថយន្តធំ រួចរាល់ រថយន្តតូចៗទាំង២គ្រឿងបានបើកចេញពីក្នុងបរិវេណវត្តត្រឡប់ទៅវិញបាត់ ៕
ចែករំលែកព័តមាននេះ