ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ និង​​រោគ​សញ្ញា​នៃ​កុមារ​យំគាំង

13 ឆ្នាំ មុន

កុមារ​យំ​ខ្លាំង​រហូត​ឡើង​ស្វាយ​បបូរ​មាត់ ឬ​ក៏​យំ​​បាត់​សំឡេង​​មុខ​មាត់​ឡើង​ស្លេក​រហូត​ដល់​ទន់​ដៃ​ជើង​នេះ គឺ​ជា​រោគ​សញ្ញា​នៃ​ការ​យំគាំង ។
​ទាក់ទង​​ទៅ​នឹង​ការ​យំគាំង​នេះ ត្រូវ​បាន​​លោក​វេជ្ជ​បណ្ឌិត​​ហុង សុខ​ឃាង ជាអ្នក​​​ឯក​​ទេស​​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​ឱ្យ​ដឹងថា ការ​​យំ​គាំង​នេះ មិន​ទាន់​មានអ្នក​ណា​ដឹង​ពី​មូល​ហេតុ​​ឱ្យ​បាន​ច្បាស់​លាស់​នៅឡើយ​

កុមារ​យំ​ខ្លាំង​រហូត​ឡើង​ស្វាយ​បបូរ​មាត់ ឬ​ក៏​យំ​​បាត់​សំឡេង​​មុខ​មាត់​ឡើង​ស្លេក​រហូត​ដល់​ទន់​ដៃ​ជើង​នេះ គឺ​ជា​រោគ​សញ្ញា​នៃ​ការ​យំគាំង ។
ទាក់ទង​​ទៅ​នឹង​ការ​យំគាំង​នេះ ត្រូវ​បាន​​លោក​វេជ្ជ​បណ្ឌិត​​ហុង សុខ​ឃាង ជាអ្នក​​​ឯក​​ទេស​​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​ឱ្យ​ដឹងថា ការ​​យំ​គាំង​នេះ មិន​ទាន់​មានអ្នក​ណា​ដឹង​ពី​មូល​ហេតុ​​ឱ្យ​បាន​ច្បាស់​លាស់​នៅឡើយ​ទេ តែ​បើ​តាម​ការ​​សិក្សា​បាន​សង្កេត​ឃើញ​ថា មាន​កត្តា​​មួយ​ចំនួន​បង្ក​ឱ្យ​កើត​មាន​ឡើង  គឺ​​បន្ទាប់​ពី​ក្មេង​មាន​​គ្រោះ​​ថ្នាក់តិច​តួច មាន​ការ​ភិតភ័យ ​និង​មិន​ពេញ​ចិត្ត​អ្វី​មួយ​ នៅពេល​នោះ​​ក្មេង​ក៏ស្រែក​យំ ហើយ​ក៏គាំង​​បាត់​សំឡេង​តែ​ម្តង ។ ​ដូច្នេះ​ការ​យំ​គាំង​កើត​ឡើង​ដោយ​សារ​តែ​ការ​ខឹង​របស់​ក្មេង គឺជា​ប្រតិ​កម្ម​​តប នឹង​អ្វី​ដែល​​ជា​ការ​មិន​ពេញ​ចិត្ត ហើយ​មិន​​មែនជា​អាកប្ប​កិរិយា​ដោយ​ចេតនា​​របស់​ក្មេង​នោះ​ឡើយ ។
លោកវេជ្ជ​បណ្ឌិត​​បាន​បន្ថែម​ទៀតថា ការ​យំ​គាំង​នេះ​ត្រូវ​បាន​គេចែក​ចេញជា​២​ប្រភេទ គឺ ៖
១-​យំគាំងឡើង​សម្បុរ​ពណ៌​ស្វាយ ៖ ​គឺជា​ប្រភេទ​ដែល​កើត​មាន​ញញឹក​ញាប់​ជាងគេ ។ ក្មេង​ចាប់​ផ្តើម​យំ បន្ទាប់​ពី​ខឹង ឬឈឺ ឬ​ភិតភ័យ​ បន្ទាប់​មក​ក្មេង​ក៏​បាត់​ដង្ហើម​​ ហើយ​ឡើង​ក្រហម​​មុខ និង​ស្វាយ​បបូរ​មាត់ ទន់​ខ្លួន​បាត់​ស្មារតី ហើយ​​អាចដួល​នឹង​ដី ។
២-​យំគាំង​ឡើង​សម្បុរ​ស្លេក ៖ ​​មិន​សូវ​ជា​កើត​​មាន​ញឹក​ញាប់​នោះទេ តែ​​បញ្ហា​នេះ​​អាច​កើត​​មាន​​តាំងពី​នៅ​ជាទារក​​នៅ​តូច​មក​​ម៉្លេះៗ នេះ​ជា​​ការ​ខ្វល់​ខ្វាយ​យា៉ង​ខ្លាំង​បំផុត​នៅ​ក្នុង​គ្រួសារ ​​តែ​ពុំ​បង្ក​​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ទេ ប៉ុន្តែ​​វា​ធ្វើ​ឱ្យ​មាន​ការ​តក់​ស្លុត​ចំពោះ​​​អ្នក​ដែល​មើល​ឃើញ​​សភាព​ក្មេង ។ ​ការ​យំគាំងស្លេក​នេះ ​ក៏​អាច​កើត​ឡើង​​បន្ទាប់​ពី​ក្មេង​មិន​ពេញចិត្ត ឬ​ទទួល​រង​នូវ​ការ​អង្រួន​ខ្លាំងពេក ។ ​ក្មេង​ហា​មាត់​ឡើង​ដូចជា ​ចង់​យំ ប៉ុន្តែ​យំ​មិន​ចេញ​សំឡេង ហើយ​ក៏​​ទន់​ខ្លួន​បាត់​មាត់​បាត់​ក ក្មេងអាច​ប្រែ​សម្បុរ​ទៅ​ជា​ស្លេក​ដូច​មនុស្ស​ស្លាប់ ហើយ​ក្មេងអាច​​ត្រឡប់​​មក​ធម្មតា​​វិញ​យា៉ង​លឿន ​ឬ​អាច​នៅសន្លឹម និង​ដេក​​លក់​មួយ​ស្របក់ ។ ​ជាទូទៅ​ការ​យំ​គាំង​ច្រើន​តែ​​កើត​ទៅ​លើ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​១២​ទៅ​១៨​ខែ​ ហើយ​វា​នឹង​បាត់​ទៅវិញ នៅ​ពេល​កុមារ​មាន​អាយុ​ប្រហែល​​ជា​៦​ឆ្នាំ ។ ការ​យំគាំង​នេះ គឺជា​អាការ​មួយ​ដែល​ពុំ​មាន​បង្ក​ផល​វិបាក ឬ​គ្រោះ​ថ្នាក់​​អ្វី​ឡើយ ប៉ុន្តែ​​បើ​សិន​ជា​កូន​របស់​លោក​អ្នក​មាន​អាការ​មួយ​ចំនួន​ដូចជា ៖
-បាត់​​បង់​ស្មារតី ហើយ​ស្លេក​​ខ្លាំង​ដោយ​គ្មាន​​​កត្តា​បង្ក
-ការ​​​យំគាំង​ច្រើន​ដង​ក្នុង​​មួយ​ថ្ងៃ
-​ការ​យំគាំង​ដែល​មាន​អាការ​ប្រកាច់​​យូរ​លើស​ពី​​​មួ​យនាទី ឬ​​សន្លឹម​ដេក​ច្រើន​​​ម៉ោង ក្រោយ​​ពេល​យំគាំង ។ លោក​​អ្នក​ត្រូវ​តែ​នាំ​កូន​របស់​លោក​អ្នក​​ទៅជួប​ជា​មួយ​​គ្រូពេទ្យ​​ជំនាញ ព្រោះ​​នេះគឺជា​ផល​ប៉ះពាល់​​មួយ​ដ៏ធ្ងន់​ធ្ងរ​​បំផុត ។
លោកវេជ្ជ​បណ្ឌិត​​​បាន​បន្ថែម​ទៀតថា ​នៅ​ពេល​ដែល​​កូន​រ​បស់​លោក​អ្នក​យំ​គាំងបាត់​សំឡេង​ លោក​អ្នក​ត្រូវ​ដាក់​​ក្មេង​ដេក​ផ្អៀង​​ ហើយ​ត្រូវ​ធ្វើការ​តាម​ដាន​អំពី​អាការ​របស់​ក្មេង។ ​មិនត្រូវ​អង្រួន​​ ឬ​ដាក់​អ្វី​ចូល​ក្នុង​មាត់​ ឬ​​ក៏ជះទឹក​ដាក់​ក្មេង​​ឡើយ ។ ​បន្ទាប់​ពីដឹង​ខ្លួន​វិញ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្មេង​ដូច​ធម្មតា​ មិនត្រូវ​ធ្វើ​​​ទណ្ឌ​កម្ម ឬ​ទំរើស​ពេក​ទេ ព្រោះ​​អាចធ្វើ​ឱ្យ​ក្មេង​ងាយ​មាន​ទម្លាប់​យំគាំង។ ​លោក​​អ្នក​ត្រូវ​ចង​ចាំថា ការ​យំ​គាំងនេះ​អាចនឹង​ត្រឡប់​មក​ជាធម្ម​តា​វិញ ដោយ​​ឯងៗ​​ក្នុងរយៈ​ពេល​៣៩​នាទីទៅ​៦០​នាទី ដោយ​​ក្មេង​ចាប់​ដក​ដង្ហើម​​វិញ ហើយ​ក៏ស្រែ​ក​យំ  ៕