ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ឆ្នាំ​​យុវជន​បោះ​បង់​ចោល​សាលា​មុន​បញ្ចប់​​ថ្នាក់​ទី​9មាន​ជាង​2សែន​នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​លោក​ពេជ សោ​ភ័ន រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជ​ាជីវៈ​ បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ​​មាន​យុវជន​​ចំនួន​​ជាង​២​សែន​នាក់ បាន​បោះ​បង់​ចោល​​សាលា​រៀន​មុន​ពេល​​បញ្ចប់​ថ្នាក់​ទី​៩ ក៏​ព្រោះ​តែ​គ្រួ​សារ​មាន​ជីវភាព​​លំ​បាក​ ប៉ុន្តែ​កម្ម​វិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​គឺ​ជា​ឱ​​កាសទី​២ ដែល​ផ្តល់​​ឱ្យ​ពួក​គេ​​បាន​ចូល​រៀន​ជា​លើក​ទី​២ ដើម្បី​ទទួល​យក​ចំណេះ​​ជំនាញ​នៅ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​​បណ្តុះ​បណ្តា​ បច្ចេក​ទេស​

រាជធានីភ្នំពេញ​​ ៖ ​លោក​ពេជ សោ​ភ័ន រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជ​ាជីវៈ​ បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ​​មាន​យុវជន​​ចំនួន​​ជាង​២​សែន​នាក់ បាន​បោះ​បង់​ចោល​​សាលា​រៀន​មុន​ពេល​​បញ្ចប់​ថ្នាក់​ទី​៩ ក៏​ព្រោះ​តែ​គ្រួ​សារ​មាន​ជីវភាព​​លំ​បាក​ ប៉ុន្តែ​កម្ម​វិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​គឺ​ជា​ឱ​​កាសទី​២ ដែល​ផ្តល់​​ឱ្យ​ពួក​គេ​​បាន​ចូល​រៀន​ជា​លើក​ទី​២ ដើម្បី​ទទួល​យក​ចំណេះ​​ជំនាញ​នៅ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​​បណ្តុះ​បណ្តា​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​។

លោក​ពេជ សោ​ភ័ន បាន​បញ្ជាក់​ថា កម្ម​វិធី​បាន​បណ្តុះ​បណ្តា​ល​អ្នក​ភូមិ​ចំនួន​៣.០០០​នាក់ រួច​ហើយ​នៅ​ក្នុង​ឃុំ​ចំនួន​៤៤​ ក្នុង​ទិដ្ឋ​ភាព​ផ្សេងៗ​ពី​គ្នា​នៅ​ក្នុង​បច្ចេក​ទេស​​​ក្រោយ​ប្រ​មូល​ផល​ និង​កែ​ច្នៃ​ចំណី​អា​ហារ​។​ លោក​ពេជ សោ​ភ័ន បាន​ថ្លែង​បែប​នេះ​កាល​ពី​​ថ្ងៃ​ទី​២៧ តុលា​ ខណៈ​ពេល​ដែល​លោក​​អញ្ជើញ​​​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តី​ពី​​របាយ​ការណ៍​​​​វឌ្ឍនភាព​របស់​កម្ម​វិធី​សាក​ល្បង​​លើ​បច្ចេក​ទេស​ក្រោយ​ប្រ​មូល​ផល​ និង​កម្ម​វិធី​ស្ពាន​ចម្លង​​បន្ត​ជំនាញ​សម្រាប់​អ្នក​ជន​បទ​ក្រី​ក្រ​ អ្នក​ពាក់​ព័ន្ធ​នឹង​ការ​បណ្តុះ​បណ្តាល​ ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​នាយក​ដ្ឋាន​គ្រប់​គ្រង​កិច្ច​ការ​អប់​រំ​ បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​នៃ​ក្រ​សួង​ការ​​ងារ​ និង​បណ្តុះ​បណ្តា​ល​​វិជ្ជា​ជីវៈនៅ​សណ្ឋា​គារ​​អ៊ីម​ភើ​រៀល​ហ្គា​ឌិន​។

លោក​ពេជ សោ​ភ័ន បន្ត​ថា គម្រោង​​ពង្រឹង​វិស័យ​អប់​រំ​ បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ ​គឺ​ជា​កម្ម​វិធី​ដ៏​ធំ​មួយ​ ដែល​សំ​ខាន់​បំ​ផុត​មាន​ដំណើរ​ការ​វែង​ឆ្ងាយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រ​ព័ន្ធ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​​ជីវៈ​ឱ្យ​ទៅ​ជា​ប្រ​ព័ន្ធ​​អភិវឌ្ឍ​ជំនាញ​ទំ​នើប ដែល​​បំពេញ​តម្រូវ​ការ​នៃ​សេដ្ឋ​កិច្ច​សម្រាប់​កម្លាំង​ការ​ងារ​ជំនាញ​។ យើង​សង្ឃឹម​ថា យើង​នឹង​មាន​គម្រោង​ពង្រឹង​វិស័យ​អប់​រំ​​​បណ្តុះ​បណ្តាល​បច្ចេ​ក​ទេស និង​វិជ្ជា​ជីវៈ​ទី​២ (2nd STVET) ហើយ​បន្ទាប់​​មក​ទៀត​មាន​​គម្រោង​ពង្រឹង​វិ​ស័យ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវ​ៈ​ទី​៣ (3rd STVET) ដោយ​គម្រោង​​ពង្រឹង​វិស័យ​អប់​រំ​បណ្តុះ​​បណ្តាល​​បច្ចេ​ក​ទេស​ និង​វិជ្ជាជីវៈ (STVET) ​នៅក្នុង​ដំណាក់​កាល​នី​មួយ​ៗ​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​សមត្ថ​ភាព​ធន​ធាន ឧ​ប​ករណ៍ សម្ភារ​បរិក្ខារ និង​គ្រឹះ​ស្ថាន​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​ និង​វិជ្ជា​ជីវៈ​របស់​យើង​​​ទទួល​បាន​នូវ​ការ​អភិវឌ្ឍជំនាញ​​ទូ​ទាំង​ប្រ​ទេស។ ចំពោះ​គម្រោង​សាក​ល្បង​លើ​បច្ចេក​ទេស​​​ក្រោយ​​ប្រ​មូល​ផល​ និង​កម្ម​វិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​សម្រាប់​អ្នក​ជន​បទ​ក្រី​ក្រ (JFPR) ​គឺ​ជា​​គម្រោង​​គំរូ​មួយ​នៃ​កម្ម​វិធី​ដែល​មាន​ប្រ​ភេទ​ផ្សេង​ៗ​គ្នា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សាក​ល្បង​ ហើយ​ធ្វើ​ការ​កែ​តម្រូវ​វា​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រ​ទេស​​​កម្ពុជា​ មុន​ពេល​យើង​ពង្រីក​​ទៅ​ដល់​គ្រឹះ​ស្ថា​ន​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​​វិជ្ជ​ាជីវៈ​​ទាំង​៣៨​។

ដូច​គ្នា​នេះ​ដែរ ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​​តាម​លិខិត​បញ្ជាក់ (VSTP) ​ដែល​បាន​សាក​ល្បង​​ ជា​កម្ម​វិធី​ចម្បង​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​តែ​​ចំនួន​៧ មុន​ពេល​នឹង​ពង្រីក​ដល់​វិទ្យ​ា​ស្ថាន​ មជ្ឈ​​មណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ (PTCs) ​និង​មជ្ឈ​មណ្ឌល​ភូមិ​ភាគ (RTCs) ​ទាំង​អស់​។ កម្ម​វិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​ និង​បច្ចេក​ទេស​​ក្រោយ​​ប្រ​មូល​ផល​ កែ​ច្នៃ​ចំណី​អាហារ​​ ​កំពុង​​ត្រូវ​​បាន​គេ​សាក​ល្បង​ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​ផ្អែក​លើ​បទ​ពិសោធន៍​ ដែល​យើង​​​បាន​ព្យា​យាម​​ធ្វើ​នៅ​តំ​បន់​​ផ្សេង​ៗ​គ្នា ជា​មួយ​ដៃ​គូ​ផ្សេង​គ្នា​។

លោក​រដ្ឋ​លេខា​ធិ​ការ​​ពេជ សោ​ភ័ន បន្ត​ទៀត​ថា ​ឥឡូវ​នេះ​យើង​បាន​បំពេញ​ការ​​ងារ​អស់​រយ​ៈ​ពេល​២៧ខែ នៃ​ការងារ​សាក​ល្បង​​ចំនួន​៣៦​ខែ និង​បាន​ធ្វើ​ការ​កែ​តម្រូវ​គំនិត​ទាំង​នេះ​។ ម្យ៉ាង​វិញទៀត​ យើង​ត្រូវ​តែ​រៀន​ពី​បទ​ពិសោធន៍ របស់​យើង​នៅ​ដំ​ណាក់​កាល​ទី​២​ឱ្យ​បាន​ច្បាស់​លាស់​ ពីភាព​​ខ្លាំង និង​​ភាព​ខ្សោយ​ ហើយ​កែ​តម្រូវ​កម្ម​វិធី​នេះ​សម្រាប់​ការ​សាក​ល្បង​ដំណាក់​កាល​ចុង​ក្រោយ​។ មាន​តែ​វិធី​នេះ​ទេ ដែល​យើង​អាច​មាន​កម្ម​វិធី​​ល្អ​បំ​ផុត​សម្រាប់​ប្រ​ទេស​កម្ពុជា​នៅ​ពេល​ដែល​យើង​នឹង​ពង្រីក​​វា​នៅ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ (TVET)។ ការ​វាស់​វែង​យ៉ាង​ជោគ​ជ័យ​​មួយ​របស់​កម្ម​វិធី​​ ដែល​គាំ​ទ្រ​ដោយ​ធនា​គារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB) ​គឺ​នៅ​ក្នុង​ការ​បំពេញ​គោល​ដៅ​របស់​គម្រោង​។ ខ្ញុំ​មាន​សេច​ក្តី​រី​រាយ​ ដែល​បាន​ឃើញ​​គោ​ល​ដៅ​សំ​ខាន់​ៗ​ទាំង​នេះ ត្រូវ​បាន​បំពេញ​នៅ​ក្នុង​កម្ម​វិធី​សាក​ល្បង​លើ​បច្ចេក​ទេស​​ក្រោយ​ប្រ​មូល​ផល និង​កម្ម​វិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​​សម្រាប់​អ្នក​ជន​បទ​​ក្រី​ក្រ (JFPR) ​ហើយ​​យើង​បាន​ប្តេជ្ញា​បណ្តុះ​បណ្តាល​យុវជន​​ក្មេង​ៗ ដែល​មិន​ទាន់​បាន​បញ្ចប់​ថ្នាក់​ទី​៩ ចំនួន​៧០០​នាក់ នៅ​ក្នុង​កម្ម​វិធី​​ស្ពាន​ចម្លង​បន្ត​ជំនាញ ដើម្បី​ផ្តល់​ឱ្យ​ពួក​​គេ​មាន​ភ័ព្វ​សំណាង​​បាន​ចូល​រៀន​ក្នុង​កម្ម​វិធី​វិញ្ញា​បន​បត្រ​របស់​ប្រ​ព័ន្ធ​អប់​រំ​​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ (TVET) ​ឬ​មាន​ឱ​កាស​កាន់​តែ​​ប្រ​សើរ​សម្រាប់​រក​​ការ​​ងារ​ធ្វើ​នៅ​ក្នុង​សេដ្ឋ​កិច្ច​​​ក្នុង​ប្រ​ព័ន្ធ​។ យើង​បាន​ធ្វើ​ជំហាន​ទាំង​នេះ​រួច​រាល់ និង​ជំហាន​ទី​៣ ​មិន​ទាន់​បាន​ចាប់​ផ្តើម​នៅ​ឡើយ​ទេ​៕