ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានបាញ់គ្រូបង្រៀនរបស់ខ្លួន បន្ទាប់មកធ្វើអត្តឃាត ដែលហេតុការណ៍នេះបានកើតឡើងនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ក្នុងសាលារៀន Alcina Mota Dantas Feijao នៃទីក្រុង Sao Caetano do sul រដ្ឋ Sao Paulo។ យោងតាមប៉ូលិសក្នុងតំបន់និយាយថា ក្មេងប្រុសឈ្មោះDavid Mota Nogueira បានចេញទៅបន្ទប់ទឹក ប៉ុន្តែពេលត្រឡប់មកវិញ មានកាំភ្លើងក្នុងដៃ។
ក្មេងប្រុសអាយុ១០ឆ្នាំនោះ បានបាញ់គ្រូវ័យ៣៨ឆ្នាំ ឈ្មោះ Rosileide Queiros de Olivera នៅចំពោះមុខមិត្តរួមថ្នាក់ទាំង២៥នាក់។ បន្ទាប់មកក្មេងប្រុសម្នាក់នោះបានដើរចេញពីបន្ទប់រៀនរួចបាញ់ក្បាលខ្លួនឯងសម្លាប់នៅកណ្តាលទីធ្លាសាលា។
ទាំងគ្រូនិងសិស្សត្រូវបានគេនាំខ្លួនចូលមន្ទីរ ពេទ្យ ប៉ុន្តែក្មេងប្រុសនោះបាត់បង់ជីវិតបាត់ទៅហើយ ចំណែកគ្រូបង្រៀនវិញត្រូវរងរបួសត្រង់ត្រគាក តែមិនស្លាប់ទេ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ។ ប៉ូលិសនិយាយថា កាំភ្លើងដែលក្មេងប្រុសប្រើនោះជាកម្មសិទ្ធិរបស់ឪពុកគេដែលជាប៉ូលិសក្នុងតំបន់។
មន្ត្រីប៉ូលិសនៅមិនទាន់ដឹងពីមូលហេតុនៃបទឧក្រិដ្ឋនោះនៅឡើយទេ។ ប្រភពបន្តថា យើងមិនទាន់រកឃើញភស្តុតាងបង្ហាញដែលថា ក្មេងប្រុសនោះត្រូវគេសម្លុតឱ្យប្រើប្រាស់ ឬយ៉ាងណានោះឡើយ។ គ្រូបង្រៀននិយាយថា ក្មេងប្រុសអាយុ១០ឆ្នាំ ជាក្មេងស្តាប់បង្គាប់ម្នាក់ និងមិនដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពរឹងរូសអ្វីឡើយ។
ហេតុការណ៍នោះកើតឡើងក្រោយពេលមានការបាញ់សម្លាប់ក្នុងសាលារៀននៃទីក្រុង Rio ប្រទេសប្រេស៊ីល កាលពី៥ខែមុន ដែលកាលណោះមានសិស្សម្នាក់បានចូលសាលាហើយបាញ់ទៅលើសិស្សជាច្រើននាក់។ បណ្តាលឱ្យស្លាប់ក្មេង១២នាក់ ចាប់ពីអាយុ១២ឆ្នាំ ទៅ១៤ឆ្នាំ ភាគច្រើនជាក្មេងស្រី និងរងរបួស១២នាក់ផ្សេងទៀត។ ចំណែកឧក្រិដ្ឋជនក្រោយមកបានបាញ់សម្លាប់ខ្លួន៕
ចែករំលែកព័តមាននេះ