ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ចូលទីតាំងបង្ខាំងពលករទៅបំរើនៅម៉ាឡេស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ក្រុម​ហ៊ុន​នាំ​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​​ឈ្មោះ​សេន​ជូរី​ ខេម​បូ​ឌា ផាវ័រ ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​ល្វែង​​កម្ពស់​២​ជាន់​ មួយ​កន្លែង​ស្ថិត​ខាង​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ភូមិ​បឹង​ឈូក សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៤ តុលា ​ត្រូវ​បាន​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ សហ​ការ​​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី

រាជធានីភ្នំពេញ​​ ៖ ​ក្រុម​ហ៊ុន​នាំ​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​​ឈ្មោះ​សេន​ជូរី​ ខេម​បូ​ឌា ផាវ័រ ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​ល្វែង​​កម្ពស់​២​ជាន់​ មួយ​កន្លែង​ស្ថិត​ខាង​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ភូមិ​បឹង​ឈូក សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៤ តុលា ​ត្រូវ​បាន​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ សហ​ការ​​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី និង​មាន​ការ​​ចូល​រួម​ដោយ​​ព្រះ​រាជ​អាជ្ញា​​​រង​សាលា​​ដំ​បូង​រាជ​ធានី​​​​បាន​ឆ្ម​ក់​ចូល​​​​ឆែក​ឆេរ ដោយ​សង្ស័យ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​​​ជា​ក្មេង​ស្រី​អនី​តិ​ជន​ ដើម្បី​​​​នាំ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រ​ទេស​។

សមត្ថ​កិច្ច​​បាន​​រក​ឃើញ​​ក្មេង​​ស្រី​​ជា អនី​តិ​ជន​​​​​​ចំនួន​៥​នាក់​ មាន​​អាយុចាប់​ពី​​១៣​​ ទៅ​១៧​ឆ្នាំ ​និង​រំ​ដោះ​ស្ត្រី​ដែល​រង​​ការ​បង្ខាំង​ចំនួន​២៣​នាក់ ។ ក្នុង​ប្រ​តិ​បត្តិ​ការ​នេះ​ សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​មនុស្ស​​​២​នាក់​ ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​នៅ​ទី​តាំង​ក្រុម​ហ៊ុន​​នេះ​ផង​ដែរ​។

តាម​​ព័ត៌​មាន​ពី​លោក​វរ​សេនីយ៍​ត្រី​ជា​ ជោក នាយការិយា​ល័យ​​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ និង​ការ​ពារ​អនី​តិ​ជន​នៃ​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ និង​ជា​​​​អ្នក​ដឹក​នាំ​​កម្លាំង​សមត្ថ​កិច្ច​ចុះ​ប្រ​តិ​បត្តិ​​ការ​​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា ទំ​រាំ​តែ​សមត្ថ​កិច្ច​​​សម្រេច​​​​ឆ្មក់​ចូល​ទី​តាំង​​ក្រុម​ហ៊ុន​នេះ​​បាន​​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​ស្រាវ​​ជ្រាវ​ជាង​១​ខែ ​មក​ហើយ ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​​ពី​ក្រុម​​គ្រួ​សារ​​រង​គ្រោះ ដែល​ត្រូវ​បាន​គេ​យក​កូន​មក​​បង្ខាំង​នៅ​ជាន់​ទី​​១ ​នៃ​ផ្ទះ​ល្វែង​របស់​ក្រុម​ហ៊ុន​នេះ​។

លោក​​បន្ត​ថា ស្ត្រី​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​មេ​ខ្យល់​​នាំ​មក​ពី​ខេត្ត​ព្រៃ​វែង​ ដោយ​ប្រាប់​ក្រុម​គ្រួ​សារ​ថា នាំ​​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​ហើយ​យក​មក​បង្ខាំង​ទុក​នៅ​ទី​តាំង​ក្រុម​ហ៊ុន​នេះ ប៉ុន្តែ​ដោយ​សារ​ការ​រស់​នៅ​​ជួប​ការ​លំ​បាក​ដូច​ជា ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ ការ​បំ​បិទ​សិទ្ធ​ិសេរីភាព​​គ្រប់​បែប​យ៉ាង​​ធ្វើ​​ឱ្យ​ស្ត្រី ជា​ច្រើន​ដែល​ខក​ខ្លួន​ក្នុង​​ទី​តាំង​ក្រុម​ហ៊ុន​នោះ​ចង់​ចា​ក​ចេញ​ពី​ទីតាំង​ក្រុម​ហ៊ុន​។

លោក​បន្ត​​ថា ​​មេ​ខ្យល់​បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​​​ផ្ញើ​​ម្តាយ​របស់​ខ្លួន​ម្តុំ​ផ្សារ​​ដី​ហុយ​ សង្កាត់​ទឹក​ថ្លា ​ប៉ុន្តែ​ស្ត្រី​​រង​គ្រោះ​រស់​នៅ​ជា​មួយ​ម្តាយ​​ របស់​មេ​ខ្យល់​នោះ​បាន​​​តែ​៥​ថ្ងៃ​ក៏​លួច​រត់​ចេញ​ទៅ​ផ្ទះ​បង​ប្អូន​នៅ​ម្តុំ​ក្រោយ​សាកល​វិទ្យា​ល័យ​ភ្នំេពញ​ ហើយ​បាន​រៀប​រាប់​ប្រាប់​បង​ប្អូន​ពី​ដំណើរ​រឿង​នានា ទើប​ត្រូវ​​ឪពុក​ម្តាយមក​​ទទួល​​​យក​ទៅ​ស្រុក​វិញ​។

នាយ​ការិយា​ល័យ​បាន​បញ្ជាក់ថា ​ដើម​ហេតុ​ដែល​នាំ​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​ការ​ស្រាវ​​ជ្រាវ​បញ្ហា​នេះ គឺ​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​ឪពុកម្តាយ​ស្ត្រី​រង​គ្រោះ​​មក​ដាក់​ពាក្យ​បណ្តឹង​​ ខណៈ​​ពេល​មេ​ខ្យល់​​នាំ​យក​កូន​ស្រី​មក​ជាច្រើន​​ថ្ងៃ​​ហើយ​ពុំ​បាន​ទទួល​ដំណឹង​អ្វី​បន្ត​ិច​សោះ​​ពី​កូន​ស្រី​​ទើប​មាន​ការ​​សង្ស័យ​មេ​ខ្យល់​យក​ទៅបង្ខំ​​ឱ្យ​ជួញ​ដូរ​ផ្លូវ​ភេទ​ ឬ​រំ​លោភ​។

ទាក់​ទិន​នឹង​ការ​ឆែក​ឆេរ​​ទី​តាំង​​ក្រុម​ហ៊ុន​​ខាង​លើ​នេះលោក​ខៀវ ផល្លា ព្រះ​រាជ​អាជ្ញា​​រង​​សាលា​ដំបូង​រាជ​ធានី​​ក៏​បាន​​មាន​ប្រ​សាសន៍​​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​យ៉ាង​ខ្លី​ថា ការ​ឆែក​ឆេរ​ទី​តាំង​​​​​ក្រុម​ហ៊ុន​នាំ​ពល​ករ​ទៅ​ធ្វើ​ការ​​​ក្រៅ​ប្រ​ទេស​នេះ ក៏​យោង​តាម​ពាក្យ​​បណ្តឹង​​របស់​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​​។ ចំពោះ​​​​​​ការ​សង្ស័យ​​ថា បង្ខាំង​​មនុស្ស​ខុស​ច្បាប់​លើ​ក្មេង​​​​ស្រី​អនី​តិ​ជន​នេះ ​លោក​កំពុង​ប្រ​មូល​ភស្តុ​តាង​បន្ត​ទៀត​​ដើម្បី​ដាក់​បន្ទុក​។

ជុំ​វិញ​ការ​សង្ស័យ​បង្ខាំង​​មនុស្ស​របស់​ក្រុម​ហ៊ុន​សេន​ជូរី​នេះ​ដែរ​ ​ពល​ការិនី​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្លេក​ស្លាំង​​ឈ្មោះ​តក់ ថុន អាយុ​ទើប​តែ​១៤​ឆ្នាំ មាន​ស្រុក​​កំណើត​ នៅ​ស្រុក​ពាម​ជរ ខេត្ត​ព្រៃ​វែង បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា នាង​ត្រូវ​បាន​គេ​បង្ខាំងទុក​នៅ​ក្នុង​បន្ទប់​មួយ​មាន​គ្នា​​ច្រើន​​នាក់​ ជាន់​ទី១ អស់​រយៈ​ពេល​៥០​ថ្ងៃមក​ហើយ​ ដោយ​មិន​មាន​​ការ​ហូប​ចុក​គ្រប់​​គ្រាន់​​ និង​មិន​មាន​សិទ្ធ​សេរី​ភាព​​ជួប​បង​ប្អូន​​ក្រុម​គ្រួ​សារ​​ ឬ​ចេញ​ទៅ​ក្រៅ​​នោះ​ឡើយ​។ នា​ង​បន្ត​​ថា ក្នុង​១​ថ្ងៃ​​ក្រុម​ហ៊ុន​​នេះ​​ឱ្យ​បង់​ប្រាក់​ចំនួន​២​ដុល្លារ ​​សម្រាប់​ការ​ហូប​ចុក​។ ដូចគ្នា​នេះ​ដែរ​ពល​ការិនី​ម្នាក់​ទៀត​​មាន​ទឹក​មុខ​ស្រ​ងូត​ស្រ​ងាត់​ឈ្មោះ​ហូរ សោភា ​អាយុ​​២០​ឆ្នាំ ​មក​ពី​ស្រុក​បា​ភ្នំ ខេត្ត​ព្រៃ​វែង បាន​និយាយ​ថា ​នាង​បាន​ត្រូវ​គេ​ទុក​ឱ្យ​នៅ​​​​ក្នុង​បន្ទប់​​ជាន់​ទី​១​ដែរ ហើ​យ​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់។ ​ពេល​យប់​នាង​ដេក​​យំ​នឹក​ឪពុក​ម្តាយ​ និង​ផ្ទះ​ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឱ្យ​ទៅ​នោះ​ទេ។ ពេល​នេះ​នាង​ចង់​ទៅ​ស្រុក​កំណើត​វិញ ហើយ​នាង​និយាយ​បញ្ជាក់​ថា ​រាង​ហើយ​រឿង​ចង់​ទៅ​​ធ្វើ​ការ​​​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​នោះ​។

ប្រ​តិ​បត្តិ​ការ​ខាង​លើ យោ​ង​តាម​​កំណត់​ហេតុ​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ជា​​​ពល​ការិនី​ចំនួន​២៣​នាក់ ត្រូវ​បាន​រំ​ដោះ​ចេញ​ពី​ទី​តាំង​ក្រុម​ហ៊ុន​ខាង​លើ​ ដោយ​ពល​ការិនី​ទាំង​នេះ ស្ម័គ្រ​ចិត្ត​សុំ​សមត្ថ​កិច្ច​វិល​ទៅ​ស្រុក​កំណើត​វិញ ក្នុង​នោះ​មាន​ពល​ការិនី​​ចំនួន​៥​នាក់ ​សមត្ថ​កិច្ច​រក​ឃើញ​ថា ​ជា​អនី​តិ​ជន​ដោយ​មាន​អាយុ​ត្រឹម​១៣​ឆ្នាំ ​ទៅ​១៧​ឆ្នាំ ប៉ុណ្ណោះ​។

ចំពោះ​ជន​សង្ស័យ​២​នាក់ ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​គឺ​ឈ្មោះ​សៅ ស៊ី​ហេង ភេទ​ស្រី​អាយុ​២៧​ឆ្នាំ ជន​ជាតិ​​ខ្មែរ ជា​អ្នកមើល​ការ​ខុស​ត្រូវ​​ និង​ឈ្មោះ​ង៉ែត សុធារ៉ា ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​ប្រ​ធាន​​រដ្ឋ​បាល​ក្រុ​ម​ហ៊ុន​។ ក្រៅ​ពី​នេះ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ឯក​សារ​មួយ​ចំនួន​ជា​សៀវ​ភៅ​គ្រួ​សារ ​សំបុត្រ​កំណើត និង​ប័ណ្ណ​ការ​ងារ​ផ​ង​ដែរ។ ​ដោយ​ឡែក​ចំពោះ​ម្ចាស់​ក្រុម​ហ៊ុន​ខាង​លើ​ពុំ​ទាន់​ឃើញ​​សមត្ថ​កិ្ចច​ឃាត់​ខ្លួន​ ឬ​ចោទ​ប្រ​កាន់​​បែប​ណា​នៅ​​ឡើយ​​ទេ៕