យោងតាមលទ្ធផលនៃការសិក្សាថ្មីមួយរបស់សមាគមរោគបេះដូងរបស់អាមេរិកបានបញ្ជាក់ថា ក្មេងៗដែលធាត់លើសទម្ងន់ប្រឈមនឹងជំងឺសម្ពាធឈាមឡើងខ្ពស់៣ដងធៀបនឹងក្មេងដែលមានទម្ងន់ធម្មតា។
តាមអ្នកស្រាវជ្រាវថា ការប្រឈមនោះមានលើក្មេងគ្រប់អាយុទាំងអស់។ ការសិក្សាលើសិស្សសាលាប្រមាណ១.១១១នាក់ដែលមានអាយុជាមធ្យមពី៤ឆ្នាំកន្លះទៅ១០ឆ្នាំបានរកឃើញថា នៅពេលដែលក្មេងឡើងទម្ងន់ខ្លួនធ្ងន់ជាងខុសពីធម្មតា ខ្លាញ់ដែលនៅក្រោមស្បែកនិងជុំវិញសរីរាង្គសំខាន់ៗក្នុងខ្លួនរបស់ពួកគេ(ហៅថា Adiposity)បានបំផ្លាញសុខភាពរបស់ពួកគេ។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រHypertensionបានលាតត្រដាងថា នៅពេលដែលក្មេងៗឈានទៅដល់កម្រិតដែលចាត់ទុកថាធាត់លើសទម្ងន់ ផលប៉ះពាល់Adiposityទៅលើសម្ពាធឈាមរបស់ពួកគេគឺមានច្រើនជាង៤ដងធៀបទៅនឹងបណ្តាក្មេងដែលមានទម្ងន់ខ្លួនធម្មតា។
លោក Wanzhu Tuសាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យIndiana Universityបាននិយាយថា៖«សម្ពាធឈាមឡើងខ្ពស់ក្នុងវ័យកុមារភាពបង្កើតបានដំណាក់កាលនៃជំងឺលើសឈាមក្នុងពេលពេញវ័យ»។ លោកបានបន្ថែមថា៖«ប្រសិនជាបណ្តាវេជ្ជបណ្ឌិតបានពិនិត្យឃើញថា មានការឡើងទម្ងន់បន្ថែមទៅលើក្មេងដែលធាត់លើសទម្ងន់រួចជាស្រេចហើយនោះ ពួកគេចាំបាច់ត្រូវតផ្លាស់ប្តូររបបអាហារ និងបង្កើនសកម្មភាពរាងកាយជាដើម។ ធ្វើបែបនេះនឹងជួយធ្វើឲ្យល្អប្រសើរសុខភាពជាទូទៅ និងប្រឈមនឹងជំងឺស្ទះសរសៃឈាមបេះដូងតិចតួចបំផុត» ៕
ចែករំលែកព័តមាននេះ