ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍រថយន្តក្រុងបុករ៉ឺម៉កដឹកធ្យូងមួយគ្រឿងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៤ តុលា នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិទ័ពត្បែងស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ។
យោងតាមមន្ត្រីប៉ូលិសចរាចរណ៍ខេត្តបាននិយាយឱ្យដឹងថា រ៉ឺម៉កដឹកធ្យូងគ្មានស្លាកលេខ និងភ្លើងក្រោយបំភ្លឺ ឬចំណាំងផ្លាតទេ គឺបើកបរដោយឈ្មោះអេង អឿង អាយុ២៧ឆ្នាំ មានទីលំនៅខេត្តព្រៃវែង មកធ្វើកម្មករបើករ៉ឺម៉កដឹកធ្យូងឱ្យឈ្មោះរិន សុភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅម្តុំផ្សារចាស់ រាជធានីភ្នំេពញ។ មុនពេលកើតហេតុរ៉ឺម៉កម៉ូតូបានដឹកធ្យូងយ៉ាងពេញចេញពីស្ថានីយរថភ្លើងភូមិក្តុល ឃុំក្រាំងស្គាស្រុកទឹកផុស ដោយមានអ្នករួមដំណើរជិះលើធ្យូង៣នាក់ទៀត ក្នុងនោះមានម្ចាស់ធ្យូងម្នាក់ផងដែរ។ លុះពេលមកដល់ចំណុចកើតហេតុក៏មានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខភ្នំេពញ 3A-9663 បើកបរដោយជនពុំស្គាល់អត្តសញ្ញាណធ្វើដំណើរស្របទិសគ្នាបានបុកចំកន្ទុយរ៉ឺមកពីក្រោយ ហើយរុញរ៉ឺម៉កធ្យូងធ្លាក់ចូលទឹកប្រឡាយដែលកំពុងហូរលិចបាត់តែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តក្រុងបានបើកគេចប្រហែល១៥០ម៉ែត្រ ពីកន្លែងកើតហេតុ ទើបឈប់រថយន្តហើយបើកទ្វាររថយន្តដាក់សាប៊ូគូទគេចខ្លួនតែម្តង។ ប៉ូលិសខេត្តបានយករថយន្តក្រុងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកទាំងយប់។ ចំណែករ៉ឺម៉កម៉ូតូព្រឹកឡើង ទើបយករថយន្តទៅអូសយកចេញពីប្រឡាយទឹក។ ក្នុងហេតុការណ៍នោះអ្នកបើករ៉ឺម៉កម៉ូតូឈ្មោះអេង អឿន បានរងរបួសធ្ងន់ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។ចំណែកអ្នកជិះលើរ៉ឺម៉កធ្យូងទាំង៣នាក់ របួសស្រាលគ្រាន់តែឈ្លក់ទឹកពេលរ៉ឺម៉កធ្លាក់ទឹកប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ