ខេត្តព្រះវិហារ ៖ ស្ថានការណ៍យោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភាពស្ងប់ស្ងាត់មិនមានសញ្ញាណាមួយធ្វើឱ្យមានការចាប់អារម្មណ៍ទេ។ នៅតាមជួរភ្នំដងរែកចាប់ពីចំណុចមុំបីរហូត ដល់ខេត្តឧត្តរមានជ័យ គ្មានបញ្ហាប្រឈមមុខនឹងគ្នាទៀតទេរវាងកងទ័ពកម្ពុជា និងថៃ។
កងទ័ពទាំងពីរភាគីកម្ពុជានិងថៃពេលនេះមានទំនាក់ទំងល្អជាមួយគ្នា ដូចមុនថ្ងៃទី១៥ កក្កដា។ ដោយឡែកប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំដងរែកវិញ ពេលនេះកំពុងតែទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនចូលពីក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃមិនដែលដាច់។
តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំការលើប្រាសាទព្រះវិហារ និងតាមសេចក្តីរាយការណ៍របស់នាយ-ពលទាហានកម្ពុជាតាមខ្សែត្រៀមជួរមុខពីលើកំពូលភ្នំដងរែកថា មកដល់ថ្ងៃនេះ អស់រយៈពេលបីថ្ងៃហើយ បន្ទាប់ពីផ្ទៃមេឃស្រឡះមិនមានភ្លៀងធ្លាក់នៅលើកំពូលភ្នំដងរែក អាកាសធាតុផ្លាស់ប្តូរធ្លាក់ខ្យល់ត្រជាក់យ៉ាងខ្លាំង ធ្វើឱ្យកងទ័ពជួបនឹងជំងឺគ្រុនផ្តាសាយ។ ដើម្បីរួមចំណែកដល់សមរភូមិមុខក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិ ដើម្បីទាំងអស់គ្នា» នាយ និងពលទាហានទាំងអស់ដែលកំពុងឈរជើងនៅតាម ខ្សែត្រៀមជួរមុខនៅលើខ្នងភ្នំដងរែក បានសំណូមពរដល់សប្បុរសជន ឱ្យឧបត្ថម្ភជាភួយ ឬអាវរងា ថ្នាំពេទ្យព្យាបាលជំងឺផ្តាសាយ ដល់ពួកគាត់ផង។ ពួកគាត់បញ្ជាក់ថា ឆ្នាំនេះអាកាសធាតុនៅលើខ្នងភ្នំដងរែក មានភាពខុសប្លែកពីឆ្នាំមុនៗ ដោយហេតុថា គ្រាន់តែមកដល់ខែតុលា គិតត្រឹមថ្ងៃទី៥ប៉ុណ្ណោះ ផ្ទៃមេឃមានសភាពស្រឡះឈប់មានភ្លៀងធ្លាក់។ បីថ្ងៃមកនេះមានធ្លាក់ខ្យល់ត្រជាក់យ៉ាងខ្លាំងស្ទើរតែ២៤ លើ២៤ម៉ោង៕
ចែករំលែកព័តមាននេះ