រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសដាច់សរសៃដៃដោយសារបើកម៉ូតូលឿនវ៉ាគេឯង រួចជ្រុលទៅបុកម៉ូតូស្គូពីពីក្រោយបណ្តាលឱ្យស្ត្រីជិះម៉ូតូស្គូពីរងរបួសដាច់ស្លឹកត្រចៀក។ អ្នករងរបួសទាំងពីរនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
ករណីនេះកើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៥ តុលា នៅលើផ្លូវបេតុងចូលវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នកឃើញហេតុការណ៍ឱ្យដឹងថា យុវជនម្នាក់នោះជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១១ ដោយដាក់កញ្ចក់កាន់ពីមុខ និងបើកវ៉ាគេឯងតាមដងផ្លូវជ្រុលទៅបុកម៉ូតូស្គូពីដែលជិះដោយស្ត្រីម្នាក់ពីក្រោយបណ្តាលឱ្យដួលទាំងពីរគ្រឿង ហើយអ្នកបើករងរបួសដូចគ្នា។ ចំពោះអ្នកបើកម៉ូតូឌ្រីមបានបុកនឹងកញ្ចក់ដែលខ្លួនដឹកបណ្តាលឱ្យដាច់សរសៃដៃ ឯស្ត្រីអ្នកបើកម៉ូតូស្គូពីដាច់ស្លឹកត្រចៀក។
ម៉ូតូទាំងពីរគ្រឿងត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយ។ គេមិនទាន់ស្គាល់អត្តសញ្ញាណអ្នកទាំង២ភ្លាមទេ ៕
ចែករំលែកព័តមាននេះ