រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៥ តុលា ២០១១ គណៈប្រតិភូរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ដឹកនាំដោយលោកជំទាវជុំ សាមីន កែប ជុតិមា ជាប្រធាន បាននាំយកអំណោយចុះទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅសង្កាត់កោះដាច់ និងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ។
អមដំណើរក្នុងឱកាសនោះ លោកស្រីទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី ជាភរិយារបស់លោកជាវ កេង ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
អំណោយដែលនាំយកទៅចែកជូនក្នុងឱកាសនោះរួមមាន ក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ មី១កេស ថ្នាំពេទ្យ១កញ្ចប់ និងថវិកាចំនួន២ម៉ឺនរៀល។ លើសពីនេះ សមាគមនារីកម្ពុជាក៏បានឧបត្ថម្ភដល់សាលាសង្កាត់ប៉ុស្តិ៍មួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា ប្រជាជនដែលរងគ្រោះដោយទឹកជំនន់មានចំនួន៨៧គ្រួសារនៅសង្កាត់កោះដាច់ និងជាង១០០គ្រួសារទៀតនៅសង្កាត់បាក់ខែងដែលបានទទួលអំណោយ៕
ចែករំលែកព័តមាននេះ