រាជធានីភ្នំពេញ ៖ គ្រូបង្រៀនមកពីតាមបណ្តាខេត្ត-ក្រុងប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យដែលស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៥ តុលា ២០១១ ត្រូវនឹងថ្ងៃ «ទិវាគ្រូបង្រៀនពិភពលោក» ដើម្បីដាក់ញត្តិជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សុំឱ្យជួយដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន។
លោករ៉ុង ឈុន ប្រធាននសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងក្នុងពិធីនោះថា ទិវាគ្រូបង្រៀនពិភពលោកគឺជាទិវាអន្តរជាតិមួយត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ តុលា ដើម្បីរំលឹកដល់តួនាទីគ្រូបង្រៀនក្នុងការផ្តល់គុណភាពនៃការអប់រំនៅគ្រប់កម្រិត ហើយវាក៏ជាការប្រារព្ធខួបនៃការចុះហត្ថលេខានៅឆ្នាំ១៩៦៦ នៃអនុសាសន៍របស់អង្គការយូនីស្កូ និងអង្គការពលកម្មអន្តរជាតិ ស្តីពីកម្រិតស្ថានភាពគ្រូបង្រៀនក្នុងការផ្តល់នូវគុណភាពនៃការអប់រំគ្រប់កម្រិតផងដែរ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធ្វើញត្តិជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលមានសំណូមពរ៧ចំណុច ១-ដំឡើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សរ៍មូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិល (គ្រូបង្រៀន) ឱ្យបានចំនួន៣.៥០០រៀល ក្នុងសន្ទស្សន៍នៅដើមឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ដំឡើងឱ្យបានចំនួន៦.៧០០រៀល ក្នុងមួយសន្ទស្សន៍ ២-ដំឡើងប្រាក់កាំក្នុងមួយកាំឱ្យបានចំនួន២០.០០០រៀល ជូនគ្រូបង្រៀន ៣-ដំឡើងប្រាក់ថ្ងៃព្រហស្បតិ៍ ឱ្យបានចំនួន២០.០០០រៀល ជូនគ្រូបឋមសិក្សា និងគ្រូមត្តេយ្យសិក្សាក្នុងមួយថ្ងៃ ៤-ដំឡើងប្រាក់ម៉ោងបន្ថែមឱ្យបានចំនួន១០.០០០រៀល សម្រាប់គ្រូអនុវិទ្យាល័យ និង១៥.០០០រៀល សម្រាប់គ្រូបង្រៀនវិទ្យាល័យ ៥-ដំឡើងប្រាក់ឧបត្ថម្ភកូនឱ្យបានចំនួន៣០.០០០រៀល និងប្រពន្ធឱ្យបានចំនួន៤៥.០០០រៀល ក្នុងមួយខែ ៦-សូមផ្តល់ប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗ ចំនួន១៥០.០០០រៀល ដល់គ្រូបង្រៀន មានបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូូលឆ្នាំ និង៧-សូមបញ្ឈប់ការរើសអើងសេរីភាពសមាគម ការដំឡើងឋានៈ ដំឡើងកាំប្រាក់ និងបញ្ឈប់ការគាបសង្កត់ ការបំភិតបំភ័យ មកលើលោកគ្រូ អ្នកគ្រូ ដែលចូលរួមជាមួយសមាគម ៕
ចែករំលែកព័តមាននេះ