រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលចៅក្រមចោទប្រកាន់ និងសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃ.សត្រូវបក្សពួក១ក្រុមមានគ្នាពី៤ ទៅ៥នាក់ ជិះម៉ូតូចំនួន៣គ្រឿងទៅរំដោះចេញពីរថយន្តរបស់ប៉ូលិសខណ្ឌប្ញស្សីកែវ ទាំងដៃជាប់ខ្នោះដែលត្រៀមនាំខ្លួនបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ។ ហេតុការណ៍កម្រកើតមាននេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៤ តុលា ២០១១ នៅមុខសាលាដំបូងរាជធានីភ្នំពេញតាមផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ជនត្រូវចោទដែលបក្សពួករំដោះយកទៅទាំងដៃជាប់ខ្នោះនោះត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះសុខ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជានិស្សិតរស់នៅផ្ទះលេខ១៥៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ សមត្ថកិច្ចប៉ុសិ៍្តព្រែកលៀបចាប់ខ្លួនជននេះកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២ តុលា នៅពេលឆក់ខ្សែ.កប្លាទីនទម្ងន់២,២ជីពីស្ត្រីឈ្មោះចាប សុផាន អាយុ៣១ឆ្នាំ នៅតាមផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ។ ជនសង្ស័យមានបក្សពួកចំនួន២នាក់ បានឆក់ខ្សែ.កបណ្តាលឱ្យដួលម៉ូតូ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ និងរត់រួចម្នាក់ ។ ពេលបញ្ជូនទៅកាន់តុលាការត្រូវបក្សពួករំដោះយកចេញពីរថយន្តរបស់សមត្ថកិច្ចដោយស្រួល ហើយគេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ តុលា ជនសង្ស័យឈ្មោះសុខ កក្កដា ត្រូវសមត្ថកិច្ច ខណ្ឌប្ញស្សីកែវ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ផ្លូវការ និងឈានទៅជំនុំជម្រះទោស ។ នៅពេលបញ្ជូនទៅកាន់តុលាការត្រូវមន្ត្រីតុលាការសាកសួរអស់១ព្រឹក ហើយនាំទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវវិញ។ លុះដល់វេលារសៀលថ្ងៃទី៤ តុលា ប៉ូលិសខណ្ឌឫស្សីកែវចំនួន២នាក់ បញ្ជូនជនជាប់ចោទតាមរថយន្តកាមរីទៅសាកសួរម្តងទៀត និងត្រូវចៅក្រមចោទប្រកាន់ ។ បន្ទាប់មកត្រូវសមត្ថកិច្ចវាយខ្នោះបណ្តើរទៅចូលក្នុងរថយន្តវិញដែលចតក្រៅរបងសាលាដំបូង ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅពេលបញ្ជូនទៅកាន់រថយន្តជនត្រូវចោទអង្គុយនៅខាងក្រោយ ហើយប៉ូលិសម្នាក់ជាអ្នកបើកបរ និងម្នាក់អង្គុយអែបជនត្រូវចោទ ។ ខណៈនោះមន្ត្រីប៉ូលិសម្នាក់អង្គុយក្រោយបានចេញពីរថយន្តដើរឡើងទៅអគារសាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីយកដីកាឃុំខ្លួននាំជនត្រូវចោទទៅកាន់មន្ទីរឃុំឃាំង ។
សមត្ថកិច្ចនៅតែម្នាក់ឯង ស្រាប់តែជន១ក្រុម មានបក្សពួកចំនួន៤ទៅ៥នាក់ ជិះម៉ូតូសេ៊រីទំនើបមកដល់ ហើយប្រញាប់ប្រញាល់ទៅបើកទ្វាររថយន្តទាញជនដែលត្រូវចោទឡើងជិះម៉ូតូគេចបាត់ទាំងដៃជាប់ខ្នោះ ។ ភ្លាមៗនោះសមត្ថកិច្ចម្នាក់ដែលអង្គុយបើកបរបានត្រឹមតែស្រឡាំងកាំង ដែលនេះបង្ហាញពីការធ្វេសប្រហែសយ៉ាងខ្លាំងរបស់ប៉ូលិសគួរណាស់តែដាក់ពិន័យដល់អ្នកទទួលខុសត្រូវ ជាពិសេសអ្នកបំពេញភារកិច្ចនេះឱ្យធ្ងន់តែម្តង ព្រោះវាជាគំរូអាក្រក់…។
តាមប្រភពព័ត៌មានឱ្យដឹងថា សមត្ថកិច្ចសង្ស័យទៅលើម្តាយ និងសង្សារជាអ្នកទាក់ទងហៅបក្សពួកទៅរំដោះជនជាប់ចោទ ហើយបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរ ព្រោះពេលនោះគេឃើញ ម្តាយ និងស្ត្រីជាសង្សារនៅជិតរថយន្តនោះដែរ។ អ្នកតាមដាននិយាយថា ការចោទអ្នកណាហៅគ្នាទៅរំដោះជនត្រូវចោទ វាជារឿងមួយ… ប៉ុន្តែអ្វីដែលសំខាន់នោះ គឺប៉ូលិសខ្លួនឯងជាអ្នកធ្វេសប្រហែស…អន់ខ្សោយ! អន់ជាងក្រុមអ្នកលេង។
តាមសាក្សីនៅកន្លែងកើតហេតុ មិនបានអះ អាងថា ក្រុមជនអន្ធពាល៤-៥នាក់នោះមានកាំភ្លើង-កាំបិត ឬអត់ទេ…ប៉ុន្តែអ្នកតាមដានរឿងនេះបានលើកឡើងថា ប្រសិនបើក្រុមជនអន្ធពាលមានកាំភ្លើង-កាំបិតវិញ វាច្បាស់ណាស់ថា ពួកគេនឹងគំរាមប៉ូលិស ហើយប៉ូលិសម្នាក់ឯងបែបនេះប្រហែលជាមិនអាចតតាំងជាមួយក្រុមជនអន្ធពាលបានទេ ដូច្នេះហើយទើបពួកគេរំដោះគ្នារបស់គេទៅបានដោយស្រួលបែបនេះ។
មួយវិញទៀត ប្រសិនបើក្រុមជនអន្ធពាលអត់មានអាវុធវិញ (កាំភ្លើង-កាំបិត) ហេតុអ្វីពួកគេទៅបើកទ្វាររថយន្តរបស់ប៉ូលិសរំដោះជនជាប់ចោទចេញទៅបាត់ស្រួលៗម៉្លេះ? សូម្បីតែពួកជនអន្ធពាលដៃទទេ ក៏ប៉ូលិសមិនហ៊ានប្រឈមមុខដែរឬ?
ចែករំលែកព័តមាននេះ