រាជធានីភ្នំពេញ ៖ អង្គការមនុស្សធម៌អន្តរជាតិ អុកស្វាមបានអំពាវនាវដល់គ្រប់ស្ថាប័នដែលធ្វើការលើស្ថានភាពទឹកជំនន់នៅក្នុងប្រទេសកម្ពុជាផ្តល់ស្បៀងអាហារ ទឹកស្អាត សម្ភារថែទាំអនាម័យ និងទីជំរកដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងដោះស្រាយតម្រូវការបន្ទាន់។ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់១៤៨នាក់បានស្លាប់ ហើយមានពលរដ្ឋប្រមាណ១៥០ពាន់គ្រួសារបានរងផលប៉ះពាល់ ដែលក្នុងនោះមានមនុស្សប្រមាណ១៧ពាន់គ្រួសារត្រូវបានជម្លៀសចេញពីលំនៅឋាន។
ទោះបីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការមនុស្សធម៌បានចាប់ផ្តើមការងារសង្គ្រោះ ហើយក៏ដោយ ពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារគ្រោះមហន្តរាយនេះនៅតែត្រូវការជំនួយបន្ទាន់បន្ថែមទៀត។ ពលរដ្ឋរងគ្រោះមួយចំនួនបានឱ្យដឹងថា ពួកគេបានទទួលជំនួយសង្គ្រោះតិចតួចណាស់រហូតមកដល់ពេលនេះ។ កាលពីសប្តាហ៍មុនរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងបំរុងថវិកា៥៥លានដុល្លារ និងអង្ករ១,៧លានតោនដើម្បីជួយជនរងគ្រោះដោយទឹកជំនន់។ ធនធានទាំងនេះអាចនឹងជួយបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។
លោកហ្វ្រិនស៊ីស ផេរេស៍ ដែលជាអ្នកគ្រប់គ្រងកម្មវិធីគ្រោះមហន្តរាយរបស់អង្គការអុកស្វាមប្រចាំនៅកម្ពុជាបាននិយាយថា អុកស្វាមស្វាគមន៍ព័ត៌មានដែលថា រាជរដ្ឋាភិបាលបានបម្រុងស្បៀង និងថវិកាសម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់។ យើងសង្ឃឹមថា ធនធានដ៏មានសារសំខាន់ទាំងនេះនឹងត្រូវបានគេយកមកចែកចាយសម្រាប់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងដោះស្រាយតំរូវការបន្ទាន់ ជាពិសេសតម្រូវការស្បៀងអាហារ ទឹកស្អាត និងអនាម័យ។
ទឹកជំនន់ទន្លេមេគង្គបានបន្តស្រក ប៉ុន្តែស្ថានភាពនេះអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ ប្រសិនបើខ្យល់ព្យុះត្រូពិចណាលហ្គេ(NALGAE) ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់ភាគកណ្តាលនៃប្រទេសវៀតណាម និងផ្នែកខាងត្បូងនៃប្រទេសចិនបង្អុរទឹកភ្លៀងមកលើប្រទេសនៅតាមដងទន្លេមេគង្គផ្នែកខាងលើ។
អង្គការអុកស្វាមបានបញ្ជូនក្រុមការងារគ្រោះមហន្តរាយរបស់ខ្លួនទៅខេត្តកំពង់ធំ ដែលជាខេត្តទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរមួយរបស់កម្ពុជា។ ខណៈពេលដែលទឹកទំនន់បានបន្តស្រកអុកស្វាមមានការព្រួយបារម្ភលើបញ្ហាអនាម័យនៅ ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ក្នុងថ្ងៃអង្គារទី៤ តុលា អុកស្វាមបានចែកកញ្ចប់សម្ភារអនាម័យដែលរួមមានធុងចម្រោះទឹក សាប៊ូ សារុង ក្រមា និងសម្ភារមួយចំនួនទៀតដល់គ្រួសាររងគ្រោះចំនួន៣៣៣គ្រួសារនៅក្នុងស្រុកកំពង់ស្វាយ ហើយគ្រោងនឹងចែកសម្ភារទាំងនេះដល់ពលរដ្ឋសរុប១.០០០គ្រួសារក្នុងសប្តាហ៍នេះ៕
ចែករំលែកព័តមាននេះ