រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកឧបនាយកដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី លោកសានមូហ្គាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាវេលាថ្ងៃទី៥ តុលា នេះហើយ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា ចេញផ្សាយជាសាធារណៈនៅថ្ងៃទី៤ តុលា ២០១១។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជាលោករដ្ឋមន្រ្តី ការបរទេសសិង្ហបុរីសានមូហ្គាម នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ហើយនៅមុនពេលចាកចេញពីប្រទេសកម្ពុជានៅវេលាថ្ងៃទី៦ តុលា លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរីសានមូហ្គាម នឹងអញ្ជើញទៅទស្សនាសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញផងដែរ៕
ចែករំលែកព័តមាននេះ