ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​300នាក់​ចុះជួយ​ច្រូត​ស្រូវ​លិចទឹក​នៅជាយ​ដែន

13 ឆ្នាំ មុន

ខេត្តកំពត ៖ កងកម្លាំង​នគរបាល​ប្រមាណ​ជា​៣០០​នាក់​​មកពី​ស្នង​ការ​ដ្ឋានខេត្ត​​ កាលពី​​ព្រឹក​ថ្ងៃទី៤ តុលា ​បានចុះ​ជួយ​​​ច្រូត​ស្រូវ​​​ប្រជាពល​រដ្ឋ​​​​ដែល​រងការ​លិច​លង់​​ ដោយទឹកជំនន់​​​​នៅ​ឃុំ​​ព្រៃទន្លេ ​និងឃុំ​ត្នោត​​​ចុង​​​ស្រង់​ ក្នុង​ស្រុក​បន្ទាយ​មាស។

ខេត្តកំពត ៖ កងកម្លាំង​នគរបាល​ប្រមាណ​ជា​៣០០​នាក់​​មកពី​ស្នង​ការ​ដ្ឋានខេត្ត​​ កាលពី​​ព្រឹក​ថ្ងៃទី៤ តុលា ​បានចុះ​ជួយ​​​ច្រូត​ស្រូវ​​​ប្រជាពល​រដ្ឋ​​​​ដែល​រងការ​លិច​លង់​​ដោយទឹកជំនន់​​​​នៅ​ឃុំ​​ព្រៃទន្លេ ​និងឃុំ​ត្នោត​​​ចុង​​​ស្រង់​ ក្នុង​ស្រុក​បន្ទាយ​មាស។

លោក​​ឧត្តមសេនីយ៍​ត្រីថ្លាង ភីរិន​​ ស្នង​ការ​នគរបាល​​ខេត្ត​បានប្រាប់​​ថា ​​កម្លាំង​​នគរបាល​​​ទាំង​អស់​​​មកពី​បណ្តា​ស្រុក​នានា​​​​បានចុះ​ជួយ​ច្រូត​ស្រូវ​​​​​ប្រជាពលរដ្ឋ​​ដែល​កំពុង​​ត្រូវ​​​​ទឹកជន់ លិច ។ លោកសួន ​​សេរីមង្គល ​មេបញ្ជា​ការ​វរ​​សេនា​​តូច ​លេខ​៦០១ការពារ​​ព្រំដែន​គោក​ បាន​ប្រាប់ឱ្យ​ដឹង​​​ដែរថា ​កង​កម្លាំង​​នគរ​បាល​​ការពារ​​ព្រំ​ដែន​​​​គោកចំនួន​៦០នាក់ ​បានចុះ​ជួយ​ច្រូត​កាត់​​ស្រូវប្រជាពល​​រដ្ឋ​​ដែល​ត្រូវ​លិច​លង់​ដោយ​​ទឹក​ជំនន់ ។ ទឹកជំនន់​​នេះ​គឺ​ហូរមកពី​ប្រទេស​វៀត​ណាម​ ​​ដែល​ហូ​រ​ចាក់មកពី​ទន្លេមេ​គង្គ ។ លោក​មេ​បញ្ជា​ការ​បាន​បន្ត​ថា ទឹកជំនន់​នេះបាន​​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​ដំណាំស្រូវ​ពលរដ្ឋ​​តាំង​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក​ម្ល៉េះ​។

ចំណែក​លោក​ជួន ម៉ារ៉ា​ឌី មេ​​បញ្ជា​ការ​​វ​រសេនាតូច​​លេខ​៣០២ ការពារ​ព្រំ​ដែន​គោក​ថ្លែង​ថា កងកម្លាំង​៤៥នាក់​បាន​ចុះ​ជួយ​ច្រូត​កាត់ពលរ​ដ្ឋ​។ ឯ​លោក​ស៊្រុន ឡាំ អធិការ​នគរ​បាល​ស្រុក​បន្ទាយ​មាស​ប្រាប់​ឱ្យ​ដឹង​ថា កង​កម្លាំង​នគរ​បាល​​ចំនួន​១០០​នាក់ ​បាន​មក​ជួយ​ច្រូត​ស្រូវ​រយៈ​ពេល​២​ថ្ងៃ​ ហើយ​នៅ​ឃុំ​ទាំង​២​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​វៀត​ណាម​ និង​នគរ​បាល​ក្រុង​កំពត​មាន​ចំនួន​៣១​នាក់​ និង​នគរ​បាល​ស្រុក​កំពង់​ត្រាច​ ស្រុក​ជុំ​គិរី​ ស្រុក​អង្គរ​ជ័យ មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​។

រីឯលោក​ទូច ពលៈ ប្រធាន​នគរ​បាល​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ​ខេត្ត​កំពត​ និង​ខេត្ត​កែប ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា បាន​យក​អូ​ប័រ​ចំនួន​២​គ្រឿង​មក​ដល់​ឃុំ​ព្រៃ​ទន្លេ​ ត្រៀម​ជួយ​ពល​រដ្ឋ​ដែល​ប្រឈម​នឹង​ការ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​មាន​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ទឹក​ជំនន់​នេះ​ទេ។

ពល​រដ្ឋ​ម្នាក់​នៅ​ឃុំ​ព្រៃ​ទន្លេ​និយាយ​ថា គាត់​ចំណាយ​លុយ​២០​លាន​រៀល​សម្រាប់​ធ្វើ​ស្រូវអ៊ី​អ៊ែរ តែ​ឥឡូវ​ខាត​បង់​អស់​ហើយ ព្រោះ​ស្រូវ​ខ្លះ​មិន​ទាន់​ទុំ​ផង​ត្រូវ​ទឹក​លិច​។ ឯពល​រដ្ឋ​ម្នាក់​ទៀត​និយាយ​ថា ស្រូវអ៊ី​អ៊ែរ​របស់​គាត់​លិច​បាត់​ទៅ​ហើយ ព្រោះ​ជួល​គេ​ច្រូតក្នុង​​ផ្ទៃ​ដី​១​កុង​ស្មើ​នឹង​៣៦​ម៉ែត្រ​៤​ជ្រុង​តម្លៃ​១២​ម៉ឺន​រៀល គ្មាន​អ្នក​សីុ​ឈ្នួល​ច្រូត​។ លោក​ស្វាយ​ ហៀប មេ​ឃុំ​ព្រៃ​ទន្លេ​​មាន​ប្រសាសន៍​ថា ​ផ្ទៃ​ដី​ស្រូវជាង៤០០ហិកតា ត្រូវ​​ខូច​ខាត​ទាំងស្រុង​​ ឯ​ផ្ទះ​សម្បែង​​ពលរដ្ឋ​​២៣ខ្នង​ត្រូវ​ទឹក​ជន់លិច ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​​​ទៀត​ ព្រោះ​ទឹក​នៅតែហូរ​ចូលភូមិអ្នក​ស្រុក​នៅ​ឡើយ  ៕