កសិករដែលមានបំណុលដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសបង់ក្លាដេស បានរកឃើញមធ្យោបាយជម្រះបំណុលយ៉ាងឆាប់រហ័ស ដោយការលក់ក្រលៀន ឬអវយវៈផ្សេងទៀតក្នុងរាងកាយឱ្យដល់គ្រូពេទ្យនៅក្នុងទីក្រុងដាកា ឬនៅឯបរទេសដូចជា ឥណ្ឌា និងសិង្ហបុរីជាដើម ។
កាលពីប៉ុន្មានថ្ងៃកន្លងមក ប៉ូលិសទើបតែបោសសំអាតអ្នកជួញដូរអវយវៈក្នុងរាងកាយខាងលើបានមួយក្រុម ដោយពួកគេទទួលស្គាល់ថា បានដំណើរការលើក្រុមកសិករបង់ក្លាដែសដែលលក់អវយវៈសរុបចំនួន៤២នាក់ ប៉ុន្តែទីភ្នាក់ងារព័ត៌មានក្នុងតំបន់បានផ្តល់តួលេខខ្ពស់ជាងដល់ទៅ៥ដងនៃចំនួននោះ ។
លោកម៉ូហ្វីឌុល អ៊ីស្លាម កសិករបង់ក្លាដែសអាយុ២៣ឆ្នាំ ម្នាក់ដែលគ្មានលទ្ធភាពសងបំណុលផ្សេងៗសរុប៨០០ដុល្លារ បានទទួលការណែនាំពីអ្នកស្គាល់គ្នាម្នាក់នៅក្នុងភូមិឱ្យលក់ក្រលៀនរបស់ខ្លួនម្ខាងដោយទទួលប្រាក់យ៉ាងតិច១៣០.០០០ដាហ្គា (ប្រាក់បង់ក្លាដែស) ឬប្រហែល១.៧២៨ដុល្លារ ។ ជាចុងក្រោយលោកម៉ូហ្វីឌុល ក៏បានធ្វើដំណើរទៅវះកាត់យកក្រលៀនម្ខាងនៅឯមហាវិទ្យាល័យវេជ្ជសាស្ត្របង់ហ្គាបាន់ឌូ សីមូជីប ។
ហេតុការណ៍ដ៏អាស្រូវដែលកើតឡើងនេះ គឺជារឿងរ៉ាវរបស់ជនរងគ្រោះម្នាក់នៅបង់ក្លាដែស និងជាយុទ្ធសាស្ត្រធ្វើឱ្យកសិករក្រីក្រទាំងឡាយនៅតំបន់ដាច់ស្រយាលរបស់ប្រទេស ទៅវះកាត់លក់អវយវៈរបស់ខ្លួននៅទីក្រុងដាកា ឬនៅប្រទេសជិតខាងដូចជា ឥណ្ឌា និងសិង្ហបុរីជាដើម។
មន្ត្រីប៉ូលិសក្នុងស្រុកជយពូរ៉ាហាត់ បញ្ជាក់ឱ្យដឹងថា មានជនក្រីក្រក្នុងតំបន់ខាងលើយ៉ាងតិច៤២នាក់ យល់ព្រមលក់ក្រលៀនរបស់ខ្លួន។ ប៉ុន្តែកាសែតក្នុងស្រុកឈ្មោះ «ប្រូថុម អាឡូ» (Prothom Alo) ផ្សាយថា មានអ្នកស្រុកតិចបំផុត ២០០នាក់ បានលក់អវយវៈរាងកាយរបស់គេ ។ នៅក្នុងរបាយការណ៍របស់កាសែតខាងលើ បញ្ជាក់ថា ដំណឹងខាងលើជាការក្រើនរំលឹកដល់មន្ត្រីទទួលខុសត្រូវផ្នែកសុខាភិបាលក្នុងបង់ក្លាដែស ឱ្យចាត់វិធានការណ៍ចំពោះការលក់អវយវៈខុសច្បាប់ ដែលបានកើតឡើងនៅក្នុងប្រព័ន្ធដឹកនាំរបស់គេជាង៥ឆ្នាំមកហើយ ។
លោកហ្វាស់លុល ខារីម (Fazlul Karim) មន្ត្រីប៉ូលិសក្នុងតំបន់ខាងលើបញ្ជាក់ថា «ក្រុមជួញដូរអវយវៈដោយខុសច្បាប់ក្នុងបង់ក្លាដែសបានធ្វើជំនួញនេះតាំងពីឆ្នាំ២០០៦ កន្លងមក និងបានគូសបញ្ជាក់ថា តម្លៃក្រលៀនមានភាពខុសប្លែកគ្នាចាប់ពី១៣០.០០០ដាហ្គា ដល់ទៅ៤០០.០០០ដាហ្គា» ៕
ចែករំលែកព័តមាននេះ