រាជធានីភ្នំពេញ ៖ វណ្ណកម្មថ្មីបែបប្រវត្តិសាស្ត្ររឿងឧកញ៉ារាមរាជ តេជោយ៉ត របស់ផលិតកម្មពន្លឺព្រះអាទិត្យ ដែលបានចាប់ផ្តើមដំណើរការថតតាំងពីខែឧសភា ឆ្នាំ២០១០ រហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ដែលផលិតករអ្នកដឹកនាំរឿងរួមទាំងក្រុមការងារ និងក្រុមសិល្បករ សិល្បការិនីដែលជាតារាសម្តែងក្នុងសាច់រឿងបានពួតដៃគ្នាខិតខំប្រឹងប្រែងចេញថតក្នុងមួយសប្តាហ៍៣ថ្ងៃ (ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។ មកដល់ពេលនេះបានផលិតបញ្ចប់សាច់រឿង កាលពីល្ងាចថ្ងៃទី៦ កញ្ញា ឆ្នាំ២០១១នេះ នៅតំបន់ភូមិប្រសិទ្ធ ស្រុកពញាឮ ខេត្តកណ្តាល។
លោកជា វណ្ណា អ្នកដឹកនាំរឿងបានឱ្យដឹងថា ការខិតខំប្រឹងប្រែងស្រាវជ្រាវចងក្រងរឿងឧកញ៉ារាមរាជតេជោយ៉ត ដែលជារឿងប្រវត្តិសាស្ត្រខ្មែរ គ.ស១៦៣២-១៦៣៦ ជាខ្សែវីដេអូ ភាគសម្រាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ គឺក្រុមការងារ ផលិតករ មានគំនិតចង់លើករឿងប្រវត្តិសាស្ត្រខ្មែរសម័យតេជោគ្រប់ជំនាន់យកមកបង្ហាញប្រជាជនខ្មែរជំនាន់ក្រោយបានដឹងយល់បានឃើញច្បាស់ថា សម័យតេជោគ្រប់ជំនាន់មានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។
លោកជា វណ្ណា បន្តថា ការដឹកនាំថតភាពយន្តបែបប្រវត្តិសាស្ត្រនេះ មានការលំបាកខ្លួនណាស់ព្រោះត្រូវប្រើពេលវេលាវែង និងត្រូវជ្រើសរើសទីតាំងប្រវត្តិសាស្ត្រពិតៗ ដែលបន្សល់ទុកកន្លងមក។ មួយវិញទៀត រឿងប្រវត្តិសាស្ត្របុរាណត្រូវប្រើតួសម្តែងជាច្រើនទាំងមនុស្ស និងសត្វដូចជាកងទ័ពត្រូវប្រើមនុស្សពី២០០ទៅ៣០០នាក់ និងសត្វសេះដំរីក៏ត្រូវប្រើច្រើនដែរ។
ជាក់ស្តែងកន្លងមកក្រុមការងារបានដឹកនាំថតនៅទីតាំងភ្នំប្រសិទ្ធនៅខេត្តកំពង់ឆ្នាំង(បន្ទាយស្តេចសំរែ) និងនៅខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំតំបន់ប្រាសាទសំបូរព្រៃគុក និងនៅតំបន់ទេសភាពព្រៃភ្នំ ជ្រោះជ្រងដងអូរ ដែលជាតំបន់ទេសចរណ៍ធម្មជាតិល្អៗជាច្រើន កន្លែងទៀត។ ដើម្បីឆ្លុះបញ្ចាំងថា ព្រះរាជាណាចក្រកម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណ តំបន់ប្រវត្តិសាស្ត្រច្រើនរាប់មិនអស់នោះទេ គឺនៅមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតសម្រាប់ទទួលភ្ញៀវទេសចរបរទេស។
លោកជា វណ្ណា បន្តថា រឿងឧកញ៉ារាមរាជតេជោ យ៉តនេះដែរ ក្រុមការងារបានខិតខំប្រឹងប្រែងថតតាមសាច់រឿង ប្រវត្តិសាស្ត្រពិតដោយមានការចូលរួមសម្តែងដោយលោកទេព រិនដារ៉ូ (តួតេជោមាស) លោករឿម រ៉ាម៉ូ (តួតេជោយ៉ត) អ្នកនាងហុក អមរ៉ា (តួជំទាវស្រែន) កញ្ញាគឹម លីហ្សា (តួនាងម៉ៃ) លោកគន្ធ តារាវណ្ណ (តួស្តេចព្រះបាទ ស្រីសុរិយោពណ៌) កញ្ញាង៉ែត សុវណ្ណនីតា តួមហេសីទី២របស់ព្រះបាទស្រីសុរិយោពណ៌) និងតារាប្រុសស្រីជាច្រើនរយនាក់ទៀតបានចូលរួមសម្តែង។
លោកជា វណ្ណា និយាយថា រឿងឧកញ៉ារាមរាជតេជោយ៉តនេះសរុបមាន៣២ភាគ ហើយបានកាត់តបញ្ចូលសំឡេងបានជាង២០ភាគ ហើយដែលកំពុងត្រៀមចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះ ។ លោកជា វណ្ណា សង្ឃឹមក្នុងចិត្តថា ភាពយន្តភាគរឿង «ឧកញ៉ារាមរាជតេជោយ៉ត នេះពេលចាក់ផ្សាយ នឹងមានប្រិយមិត្តទស្សនិកជនគាំទ្រច្រើន ព្រោះជារឿងប្រវត្តិសាស្ត្រខ្មែរ សម័យតេជោតស៊ូកំចាត់ចោរព្រៃ និងកំចាត់ពួកទាហានសៀម ដែលចូលមកលុកលុយឈ្លានពានទឹកដីចក្រភពខ្មែរ នាសម័យនោះរហូតការដឹកនាំទ័ពរបស់តេជោទទួលបានជោគជ័យ លើខ្មាំងសត្រូវគ្រប់ពេលវេលា។
ដូចជាសម័យតេជោបច្ចុប្បន្នការដឹកតែងតែទទួលជោគជ័យបានបន្តបន្ទាប់ ហើយមានការអភិវឌ្ឍន៍ប្រទេសឱ្យចម្រើនជឿនលឿនទៀតផង៕
ចែករំលែកព័តមាននេះ